អានតួអត្ថបទ
អាមេរិក-ជប៉ុន-អូស្ត្រាលី

អាមេរិក ជប៉ុន និងអូស្ត្រាលី​សន្យា​ពង្រឹង​កិច្ចសហការ​យោធា ដើម្បី​ទប់ទល់ចិន

រដ្ឋមន្រ្តីការពារជាតិ​អាមេរិក ជប៉ុន និង​អូស្ត្រាលី​ប្រកាស​ជំរុញ​សហប្រតិបត្តិការ​យោធា ដើម្បី ទប់ទល់​មហាអំណាចចិន។ នៅក្នុង​ជំនួបត្រីភាគី នៅទីបញ្ជាការដ្ឋាន​ទ័ព​អាមេរិក នៅHonolulu លើ​កោះហាវ៉ៃ កាលពីថ្ងៃ​សៅរ៍ ប្រមុខការពារ​ជាតិ​អាមេរិក អូស្ត្រាលី និង​ជប៉ុន មានជំហរយល់ឃើញ​ដូចគ្នា នោះគឺ ចិន​កំពុង​ធ្វើ​សកម្មភាព​កាន់តែ​គំរាមកំហែង ទៅលើ​កោះតៃវ៉ាន់ ហើយនិង​ទីកន្លែងផ្សេងទៀត ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នាវាចម្បាំង​របស់​អាមេរិក​នៅមូលដ្ឋានទ័ពជើងទឹកអាមេរិក​នៅ​Pearl Harbor នៅ​កោះហាវ៉ៃ
នាវាចម្បាំង​របស់​អាមេរិក​នៅមូលដ្ឋានទ័ពជើងទឹកអាមេរិក​នៅ​Pearl Harbor នៅ​កោះហាវ៉ៃ AP - Craig T. Kojima
ផ្សាយពាណិជ្ជកម្ម

ក្នុងពេលទទួលជួប​សមភាគីជប៉ុន និង​អូស្ត្រាលី កាលពីថ្ងៃ​សៅរ៍ រដ្ឋមន្រ្តី​ការពារ​អាមេរិក លោក ឡយ អូស្ទីន Lloyd Austin បាន​លើកឡើង​ពីក្តីបារម្ភរបស់​អាមេរិក ​នៅចំពោះមុខ​ឥរិយាបទ​កាន់តែ​បង្កហេតុ និង​គំរាមកំហែង​របស់​ចិន នៅ​ច្រកសមុទ្រ​តៃវ៉ាន់ និង​នៅ​ក្នុង​តំបន់។ រដ្ឋមន្រ្តីការពារ​ជាតិ​អូស្ត្រាលី លោក រីឆាត ម៉ាល់​Richard Marles បាន​និយាយ​សង្កត់ធ្ងន់ ដោយ​រិះគន់​មហាអំណាច​ចិន​ថា កំពុង​ចង់​ចាត់ចែង​តំបន់​ជុំវិញ ចិន នៅ​ក្នុង​របៀប​មួយ​ដែល​គេ​មិនធ្លាប់​ឃើញ​មាន​ពីមុនមក។

សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ​ជប៉ុន លោកយ៉ាស៊ុយកាហ្សុយ ហាម៉ាដា Yasukazu Hamada នៅចំពោះមុខ​មហិច្ឆតា​របស់​ចិន ដែល​រំលោភ​លក្ខន្តិកៈ​ ដែលមាន​ពីមុន​មក នៅ​សមុទ្រ​ចិន​ខាងត្បូង និង​នៅ​សមុទ្រ​ចិន​ខាងកើត និង​ការគំរាមកំហែង បាញ់មីស៊ីល​របស់​កូរ៉េខាងជើង សម្ព័ន្ធមិត្ត​អាមេរិក ជប៉ុន និង​អូស្ត្រាលី គួរ ពិភាក្សា​គ្នាពីអ្វីដែលគេ​អាច​ធ្វើបាន ដើម្បី​ពង្រឹង​សមត្ថភាព​ទប់ទល់ និង​វាយបក នៅក្នុង​តំបន់។

វត្តមានរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុន និងអូស្ត្រាលី នៅ​ទីបញ្ជាការដ្ឋាន​កងទ័ពអាមេរិក នៅលើ​កោះហាវ៉ៃ ជាផ្នែក​មួយ នៃយុទ្ធនាការ​ទូត​របស់​អាមេរិក ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​ចិន នៅក្នុង​តំបន់យុទ្ធសាស្រ្ត​ដូចជា​អាស៊ីប៉ាស៊ីហ្វិក។

នៅ​ថ្ងៃ​ព្រហស្បតិ៍ អាមេរិក​បាន​ប្រកាស​ផ្តល់​កញ្ចប់​ជំនួយ​៨១០​លាន​ដុល្លារ​សម្រាប់ជួយ​ប្រទេស​កោះ នៅ​ប៉ាស៊ីហ្វិកខាងត្បូង ជាទី​ដែលអាមេរិក​គ្រោង​នឹង​បង្កើន​សកម្មភាព​ការទូតរបស់ខ្លួន។

ឆ្លៀតឱកាស​នៃ​ជំនួប​ទ្វេភាគី ជាមួយ​រដ្ឋមន្រ្តីការពារ​អូស្ត្រាលី ប្រមុខការពារជាតិ​អាមេរិក​បាន​ផ្តោតសំខាន់​ផងដែរ​លើ​កិច្ចព្រមព្រៀង​AUKUS ឆ្នាំ ២០២១ ដែលនិយាយ​ពីការទិញ​នាវាមុជទឹកដើរដោយ​នុយក្លេអ៊ែរ​របស់​អាមេរិក សម្រាប់​បំពាក់​ឲ្យកងទ័ព​អូស្ត្រាលី។ ត្រូវបានអញ្ជើញ​ឲ្យទៅ​ត្រួតពិនិត្យមើល​នាវាមុជទឹក​ទំនើប​ចុងក្រោយ របស់អាមេរិក USS Mississipi នៅមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅ​Pearl Harbor រដ្ឋមន្រ្តីការពារ​ជាតិអូស្ត្រាលី​បាន​បញ្ជាក់ទៅសមភាគី​អាមេរិក ពី​សារៈសំខាន់​នៃកាលបរិច្ឆេទ ​ការផ្គត់ផ្គង់​នាវាមុជទឹក​សម្រាប់​កងទ័ព​អូស្ត្រាលី។ សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ អូស្ត្រាលី ដោយ​យោងទៅ​លើ​កត្តាភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន អូស្ត្រាលី​ចាំបាច់​ត្រូវការ​ជាបន្ទាន់ នាវាមុជទឹក​ទំនើបៗ​មកជំនួស​នាវាមុជទឹក​វ័យចំណាស់​របស់​អូស្ត្រាលី។ ដោយលុបចោល កិច្ចសន្យា​ទិញនាវាមុជទឹក​របស់​បារាំង អូស្ត្រាលី​បាន​ងាក​មក​ចុះហត្ថលេខា​ជាមួយ អាមេរិក និង​អង់គ្លេស ដើម្បី​ទិញនាវាមុជទឹក​ដើរដោយថាមពលនុយក្លេអ៊ែរ ដែល​អូស្ត្រាលី​ជឿថា នឹង​មាន​សមត្ថភាព​ជួយ​ឲ្យ​អូស្ត្រាលី​អាច​ប្រឈម​មុខ ទប់ទល់​ចិន​នៅក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ