អានតួអត្ថបទ

កូរ៉េខាងត្បូង បាន​រក​ឃើញ​បំណែក​មីស៊ីល​ដ៏​ធំមួយ របស់​កូរ៉េខាងជើង និង​កំពុងតែ​សិក្សា​វិភាគ

កូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលបាលីស្ទិកជាថ្មី ក្នុងថ្ងៃពុធ​ ទី៩វិច្ឆិកា។ ចំណែក កូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនកំពុងវិភាគ និងសិក្សាលើបំណែកមីស៊ីលរបស់កូរ៉េខាងជើង ដែលទើបតែ​ស្រង់បានពីសមុទ្រ។  ប្រឈម​នឹង​ការ​បាញ់​សាកល្បង​មីស៊ីលរបស់ កូរ៉េ​ខាង​ជើង​ ​យ៉ាង​ច្រើ​នសន្ធឹក​នា​ប៉ុន្មាន​សប្តាហ៍​នេះ​ ​ទីបញ្ជាការ​យោធា​កូរ៉េ​ខាង​ត្បូង​ បញ្ជាក់ថា​បា​នជម្លៀស​ប្រជាជន​ចេញពី​កន្លែង​​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ ។ រដ្ឋបាល​ទីក្រុង​សេអ៊ូល ​បា​នគូស​បញ្ជាក់ទៀត​ថា ការ​បាញ់សាកល្បង​​មីស៊ីល​មួយ​រយៈ​ចុងក្រោយ​ក្រោយ ពីសំណាក់​របបក្រុង​ព្យុងយ៉ាង ​ គឺ​ជា​«ការឈ្លានពានអធិបតេយ្យភាព​ដែន​ដី​» ព្រោះ​នេះ​ជា​ការ​បាញ់មីស៊ីល​​ចូល​កៀកខ្លាំងបំផុត​មិនធ្លាប់​ជួបប្រទះ តាំងពីក្រោយ​ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ នៅឆ្នាំ១៩៥៣។

ផ្សាយពាណិជ្ជកម្ម

រដ្ឋបាលទីក្រុង​​​សេអ៊ូល ​ប្រញាប់​ប្រញាល​បញ្ជូន​នាវា​មួយ​ទៅ​ស្វែង​រក​បំណែក​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ហើយ​​បាន​រកឃើញបំណែក​គ្រាប់​​មីស៊ីល​មួយ ដែល​វា​បាញ់​​ក្នុង​រយៈ​កម្ពស់​ ១៥០០ម៉ែត្រ​ ទៅ​ ២ ០០០​ ​ម៉ែត្រ​​។​ ​នេះបើតាម​​សេចក្តីថ្លែង​ការណ៍ របស់​ ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​ ​​ នៅថ្ងៃពុធ ទី​៩វិច្ឆិកា។ បំណែក​មីស៊ីល​របស់​កូរ៉េ​ខាង​ជើងនេះ គឺជា​កម្ទេច​បំណែកមីស៊ីល​​ដែល​ទើប​នឹង​បាញ់​ចេញ​កាលពីពេល​ថ្មីៗ​នេះ។ វា​មាន​ទំហំធំ ​​​​ប្រវែងបណ្តោយ​​ប្រមាណ​ជា​៣ម៉ែត្រ ហើយ​រយៈទទឹង​ ប្រហែល​ ២ ម៉ែត្រ។ ​រដ្ឋបាល​ទីក្រុង​សេអ៊ូល​ ​​បន្ត​លើកឡើង​ទៀត​ថា បំណែក​មីស៊ីលនេះ​ គឺជា​​មីស៊ីល​កូរ៉េខាងជើង ឈ្មោះថា SA-5 ហើយ​មីស៊ីល​ប្រភេទនេះហើយ​ដែល​គេ​ឃើញ​មានប្រើប្រាស់​ក្នុងសង្គ្រាម​នៅអ៊ុយក្រែន​ ទៀត​ផង។

ក៏ប៉ុន្តែ ភាគី​​របបក្រុងព្យុងយ៉ាងវិញ គឺ​ក្រសួង​ការពារ​ជាតិ​​កូរ៉េខាងជើង បាន​ទាត់​ចោល​ការ​ចោទប្រកាន់​កូរ៉េខាងត្បូង  ហើយ​ រដ្ឋបាល​ទីក្រុង​ព្យុងយ៉ាង ក៏ថែមទៀត​បាន​​បដិសេធដែរ ​ចំពោះ​ការ​ចោទប្រកាន់​របស់​សហរដ្ឋអាមេរិក ​ដែលចោទ​​ថា ​​កូរ៉េខាងជើង បាន​ផ្គត់ផ្គង់គ្រឿង​សព្វាវុធ​និង​គ្រាប់​រំសេវ​ឲ្យ​រុស្ស៊ី ។​

គួរ​រំឮកជូនថា ​លោក John Kirby អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ប្រចាំ​សេតវិមាន​ប្រធានាធិបតីអាមេរិក​ មាន​ប្រសាសន៍កាល​ពី​សប្តាហ៍​មុន ​ ថាកូរ៉េ​ខាងជើង ​បាន​បញ្ចូន​មីស៊ីល​ចំនួន​ច្រើនសន្ធឹក​ ឲ្យទៅ​រុស្ស៊ី ​ដើម្បី​ធ្វើ​សឹង​សង្គ្រាម​លើអ៊ុយក្រែន ដោយ​របប​ក្រុង​ព្យុងយ៉ាង​ខំប្រឹង​បង្វែង​ដាន និង​យកលេស​ឲ្យ​គេ​ជឿថា ផ្ញើបញ្ជូន​គ្រឿង​ចម្បាំង​នោះ ទៅ​តំបន់​ដើម​បូព៌ា​និង​អាហ្វ្រិកទៅវិញ​។​

ជាការ​កត់សម្គាល់​ មីស៊ីល​របបក្រុង​ព្យុងយ៉ាង​បាញចេញថ្ងៃពុធ គឺ​តែ​ពីរថ្ងៃប៉ុណ្ណោះ មុនបើក​​កិច្ច​​ប្រជុំ​អាស៊ាន ដែល​​​ថ្នាក់ដឹកនាំ​សំខាន់ៗ​លើពិភព​លោក មានថ្នាក់ដឹកនាំ​អាស៊ាន ​ចិន​ អាមេរិក ​ជាដើម ទៅ​​ជួប​ប្រជុំ​នៅ​ភ្នំពេញ។ សំណុំ​រឿង​ឧបទ្វីបកូរ៉េ គឺ​ ច្បាស់​ជា​ប្រធាន​មួយ​ដែល​​មិនអាច​​រំលង​នោះឡើយ។ ជុំវិញ​បញ្ហា​ឧបទ្វីបកូរ៉េ, ​កាសែត​ជប៉ុន បញ្ជាក់ថា សហរដ្ឋ​អាមេរិក នឹងត្រូវ​​ជួប​ពិភាក្សា​គ្នា ក្នុង​ពេល​ឆាប់​ៗនេះ ជាមួយ​សម្ព័ន្ធ​មិត្ត​ ​​ជប៉ុន និង កូរ៉េខាងត្បូង ​ នៅឱកាស​ជំនួប​អាស៊ាន និងប្រជុំ ​​G20 ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ