អានតួអត្ថបទ
កងទ័ពជប៉ុន

សង្រ្គាមអ៊ុយក្រែន និង​មីស៊ីល​គំរាមកំហែង​របស់​កូរ៉េខាងជើង​រុញច្រាន​ជប៉ុន​ឲ្យ​បង្កើន​សមត្ថភាពយោធា

ប្រឈមនឹង​គ្រោះថ្នាក់​កាន់តែ​កើនឡើង នៅក្នុង​តំបន់ ជាពិសេស មីស៊ីល​គំរាមកំហែង​របស់​កូរ៉េខាងជើង និង​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន ជប៉ុន​ត្រូវការ​ពង្រឹង​ជាបន្ទាន់ សមត្ថភាព​កងទ័ពរបស់ខ្លួន។ ថ្លែង​នៅ​ក្នុង​ពិធី​ត្រួត​នាវាចម្បាំង ក្នុង​ឱកាស​លំហាត់​ទ័ព​ជើងទឹក អន្តរជាតិ នៅតូក្យូ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីជប៉ុន លោក​ហ្វូមីអូ គីស៊ីដា បាននិយាយ​ថា នៅក្នុង​រឿង​ពង្រឹង​សមត្ថភាព​កងទ័ពជើងទឹក ជប៉ុនគ្មានពេលដែលត្រូវ​រង់ចាំតទៅទៀត។

នាយករដ្ឋមន្រ្តីជប៉ុន លោក​គីស៊ីដា នៅពេលត្រួតពិនិត្យនាវាចម្បាំង​របស់​អាមេរិក USS Ronald Reagan នៅ​ឈូងសមុទ្រ Sagami នៅភាគអាគ្នេយ៍ទីក្រុង​តូក្យូ កាលពីថ្ងៃទី ៦​វិច្ឆិកា ២០២២
នាយករដ្ឋមន្រ្តីជប៉ុន លោក​គីស៊ីដា នៅពេលត្រួតពិនិត្យនាវាចម្បាំង​របស់​អាមេរិក USS Ronald Reagan នៅ​ឈូងសមុទ្រ Sagami នៅភាគអាគ្នេយ៍ទីក្រុង​តូក្យូ កាលពីថ្ងៃទី ៦​វិច្ឆិកា ២០២២ AP - 192002+0900
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពិធី​លំហាត់ទ័ពជើងទឹក​អន្តរជាតិ ដែល​មាន​ការចូលរួម​ពីនាវាចម្បាំង នាវាមុជទឹក​របស់ប្រទេស​ចំនួន ១២ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ហ្វូមីអូ គីស៊ីដា​បាន​ប្រកាស​សន្យាពង្រឹង​សមត្ថភាព​យោធា និង​កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន។

រដ្ឋាភិបាល​របស់​លោកគីស៊ីដា​កំពុង​រៀបចំ​បង្កើត​ផែនការ​សន្តិសុខ ដែលនៅក្នុងនោះ ថវិកាកងទ័ព​នឹង​អាច​ត្រូវ​បង្កើនទ្វេដង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

សម្រាប់​លោក​គីស៊ីដា ការព្យាយាម​ចរចា និង​ជៀសវាង​មិនឲ្យកើត​មានជម្លោះ គឺជារឿងសំខាន់។ ប៉ុន្តែ វាក៏មានសារៈសំខាន់ណាស់ដែរ ដែល​គេត្រូវ​ត្រៀមខ្លួន​គ្រប់គ្រាន់ រួចជាស្រេច ដើម្បី​ប្រឈមតទល់​នឹង​សកម្មភាព​ញុះញង់ និង​គំរាមកំហែង​សន្តិភាព។

ដោយ​និយាយ​ថ្កោលទោស​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន និងបរិហារ​ការបាញ់សាកល្បងមីស៊ីល ជាបន្តបន្ទាប់ កូរ៉េខាងជើង ដែល​នៅក្នុង​នោះ មាន​មីស៊ីល​មួយដើម ហោះរំលង​ជាលើកទី១ ពីលើ​ប្រទេស​ជប៉ុន លោកនាយករដ្ឋមន្រ្តី គីស៊ីដា​បាន​វាយតម្លៃថា នៅក្នុងកាលៈទេសៈ​ដែលកំពុងកើតមានភាពតានតឹង​នៅ​សមុទ្រចិនខាងកើត និងសមុទ្រ​ចិនខាងត្បូង និង​ក្នុងពេល​ដែល​តួអង្គថ្មី​មិនគោរពច្បាប់ និង​ប្រើតែកម្លាំង ឬការគំរាមកំហែង​ដើម្បីបំផ្លាញ សន្តិភាព និងសន្តិសុខ​របស់ប្រទេស​ជាតិសាសន៍ដទៃ យើងត្រូវ​ត្រៀមខ្លួនជាប់ជានិច្ច។

តាមលោកគីស៊ីដា ជប៉ុនត្រូវការសាងសង់​នាវាចម្បាំងបន្ថែម ពង្រឹង​ប្រព័ន្ធខែលមីស៊ីល និង​កែលម្អលក្ខខណ្ឌការងារ ព្រមទាំង​ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត​ដល់​កងកម្លាំងស្វ័យការពារជាតិជប៉ុន។

នៅក្នុង​ឱកាស​លំហាត់ទ័ពជើងទឹក​អន្តរជាតិ ដែលត្រូវប្រព្រឹត្ត​ទៅ រហូតដល់​ថ្ងៃ អង្គារ ក្រៅពីមានការចូលរួម​របស់​នាវាចម្បាំង​របស់​ប្រទេស​អូស្ត្រាលី អាមេរិក កាណាដា ឥណ្ឌា សិង្ហបុរី គេសង្កេតឃើញមានផងដែរ វត្តមាននាវាចម្បាំង​មួយគ្រឿង​របស់​កូរ៉េខាងត្បូង។ នេះ​ជាលើកទី​១ ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ ដែល​កូរ៉េខាងត្បូង​បញ្ជូននាវាចម្បាំង​របស់ខ្លួន​ទៅ​ប្រទេស​ជប៉ុន។ ការបាញ់មីស៊ីលគំរាមកំហែង​របស់​កូរ៉េខាងជើង ដែលបាន​តាំងខ្លួន​ជាមហាអំណាច​នុយក្លេអ៊ែរ​បានរុញច្រាន​ជប៉ុន និង​កូរ៉េខាងត្បូង​ខិតចូលជិតគ្នា និង​ទុកចោល​មួយអន្លើ ទំនាក់ទំនងដ៏រកាំរកូស​រវាងប្រទេស​ទាំងពីរ ដោយសារ​សំណុំរឿង​អតីតកាល ក្នុងសម័យសង្រ្គាមលោកលើកទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ