អានតួអត្ថបទ

កូរ៉េខាងត្បូង និងអាមេរិកជជែកពីការធ្វើសមយុទ្ធនុយក្លេអ៊ែរ ខណៈដែលកូរ៉េខាងជើងបង្កើនសព្វាវុធនុយក្លេអ៊ែរ

នៅ​កូរ៉េខាងត្បូង ប្រធានាធិបតី​លោក​យូន ស៊ុកយោល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន​ជជែក​គ្នា​ពី​ការ​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​នា​ពេល​ខាង​មុខ។ ការ​លើក​ឡើង​របស់​លោក​យូន ស៊ុកយោល​បាន​ធ្វើ​ឡើង ក្រោយ​ពី​កូរ៉េខាងជើង​បាន​បិទ​ទំព័រ​ឆ្នាំចាស់​ដោយ​ស្វាគម​ឆ្នាំ​ថ្មី​ជា​មួយ​នឹង​ការ​បាញ់​សាកល្បងមីស៊ីល​បាលីស្ទិក​ចំនួន ៣គ្រាប់​នា​ចុង​សប្តាហ៍​កន្លង​ទៅ។ លើស​ពី​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន ថែម​ទាំង​បាន​បញ្ជា​ឲ្យ​បង្កើន​អាវុធ​នុយក្លេអ៊ែរ​កាន់​តែ​ច្រើន​ជាង​មុន​នា​ពេល​ខាង​មុខ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយោល
ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយោល AP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ឲ្យ​កាសែត​កូរ៉េខាងត្បូង​ឈ្មោះ Chosun Ilbo ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ចន្ទ ទី២ មករា​ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​យូន ស៊ុកយោល​បាន​ទទួល​ស្គាល់​ថា ឆ័ត្រនុយក្លេអ៊ែរ​របស់​អាមេរិក​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​សន្តិសុខ​ពលរដ្ឋ​កូរ៉េខាងត្បូង​ទេ។ នៅ​ក្នុង​ន័យ​នេះ លោក​យូន ស៊ុកយោល​ចង់​ឲ្យ​អាមេរិក​ចូលរួម​បន្ថែម​ទៀត​ជាមួយ​កូរ៉េខាងត្បូង​តាម​រយៈ​ការ​រៀបចំ ការ​ចែករំលែក​នូវ​ព័ត៌មាន ការ​ហ្វឹកហ្វឺន និង​លំហាត់សឹក​ស្តីពី​អាវុធ​នុយក្លេអ៊ែរ។ តាម​លោក​យូន ស៊ុកយោល ភាគី​អាមេរិក​មិន​បាន​ជំទាស់​នឹង​សំណើ​របស់​លោក​ទេ។

សំណើ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូប​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​អំពាវនាវ​ឲ្យ​បង្កើន​សព្វាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ទន្ទឹម​គ្នា​នេះ លោក​គីម ជុងអ៊ុន​ក៏​បាន​ប្រកាស​ពី​ការ​អភិវឌ្ឍន៍​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​ប្រភេទ ICBM ថ្មីៗ​ទៀត​ដើម្បី​ប្រឈម​ទប់​នឹង​អារិភាព​របស់​អាមេរិក និង​កូរ៉េខាងត្បូង។ គួរ​រម្លឹក​ថា​ពេញ​មួយ​ឆ្នាំ ២០២២ ដែល​ទើប​បិទបញ្ចប់ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​សឹង​រាល់​ខែ​នូវ​សព្វាវុធ ក្នុង​នោះ​ក៏​មាន​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​ប្រភេទ ICBM ដែរ។

ជាក់ស្តែង​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ​មុន​នឹង​ដាច់​ឆ្នាំ ២០២២ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ចម្ងាយ​ជិត​ចំនួន ៣គ្រាប់​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២៣។ តាម​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន ក្រុង​ព្យុងយ៉ាង​មាន​បំណង​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​នា​ពេល​ខាង​មុខ​ដែល​ជា​លើកទី៧ និង​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០១៧។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមយុទ្ធ​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​ឡើង​នៅ​ពេល​ណា និង​ក្រោម​រូបភាព​យ៉ាង​ម៉េច​ទេ។ អ្វី​ដែល​គេ​បាន​មើល​ឃើញ ការ​បង្កើន​បាញ់​មីស៊ីល​របស់​លោក​គីម ជុនអ៊ុន​បាន​បង្ខំ​ឲ្យ​លោក​យូន ស៊ុកយោល​ប្តូរ​យុទ្ធសាស្រ្ត​ថ្មី​នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ