អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិន​រំលោភ​តំបន់​ការពារ​ដែនអាកាសតៃវ៉ាន់​​ច្រើន​ទ្វេដង​ក្នុង​ឆ្នាំ​២០២២

ទំនាក់ទំនង​ចិន​និង​តៃវ៉ាន់ ដែលចាប់​ធ្លាក់​ដុនដាប​ស្ទើរ​ដល់​បាត​ តាំងពី​លោកស៊ីជីនពីង​ ចូល​កាន់​តំណែង​ កាលពី​១០មុន​មក បាន​ស្រុត​ចុះ​បន្ថែម​មួយ​កំរិត​ទៀត ជា​គំហុក​តែ​ម្តង​នៅ​ឆ្នាំ​២០២២។ ចិន​បាន​បង្កើន​ការ​រំលោភ​បំពានលើតៃវ៉ាន់ ដោយ​បញ្ជូន​​យន្តហោះចម្បាំង​ យន្តហោះ​សង្គ្រាម ចូល​ក្នុង​​តំបន់​ការពារ​ដែន​អាកាស​តៃវ៉ាន់ នៅ​ឆ្នាំ​២០២២ ​ច្រើន​ជិត​ពីរ​ដងលើស​ឆ្នាំ២០២១។ នេះ​បើ​តាម​ការ​តួលេខ​ស្រង់​​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំងAFP ដែល​ផ្អែក​លើ​ទិន្នន័យ​ប្រចាំ​ថ្ងៃ​ផ្តល់​ដោយ​ក្រសួងការពារ​ជាតិ​តៃវ៉ាន់។​

ចិន​រំលោភ​តំបន់​ការពារ​ដែនអាកាសតៃវ៉ាន់​​ច្រើន​ទ្វេដង​ក្នុង​ឆ្នាំ​២០២២ 
ចិន​រំលោភ​តំបន់​ការពារ​ដែនអាកាសតៃវ៉ាន់​​ច្រើន​ទ្វេដង​ក្នុង​ឆ្នាំ​២០២២  © Taiwan news screen grab
ផ្សាយពាណិជ្ជកម្ម

តៃវ៉ាន់​រស់​ក្រោម​សម្ពាធ​​គំរាមកំហែង​រំលោភ​ចូល​ដែន​អាកាស​ពី​សំណាក់​ចិន​ជាប់​ជា​ប្រចាំ។​ ក្នុង​មួយ​ឆ្នាំ​២០២២ បើ​តាម​សម្រង់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង ចិន​បាន​បញ្ជូន​ យន្តហោះ​យោធា ចូល​ក្នុង​តំបន់ការពារ​​ដែនអាកាសតៃវ៉ាន់​​ចំនួន​១៧២៧​លើក ពោល​គឺជិត​ពីរ​ដង​ច្រើន​ជាង​ឆ្នាំ​២០២១ ដែល​មាន​ត្រឹម​៩៦០​លើក និង​៣៨០​លើក​កាលពី​ឆ្នាំ​២០២០។

នៅរវាង​ពី​ឆ្នាំ ២០២១ ទៅ​២០២២ ករណីរំលោភ​បំពាន​របស់​យន្តហោះ​ចម្បាំងចិន​ បាន​កើន​ឡើង​ជាង​ពីរ​ដង គឺ​ពី​​ ៥៣៨ ទៅ ១២៤១។ ចំណែក​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ រាប់​ទាំង​យន្តហោះ​ប្រភេទ​H6ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​វិញ បាន​រំលោភ​​ចូល​តំបន់​ការពារ​ដែនអាកាស​តៃវ៉ាន់ចំនួន​១០១​លើក​ទល់​នឹង​៦០​លើក​កាលពី​ឆ្នាំ​២០២១។

​២០២២ ក៏​ជា​ឆ្នាំ​ទីមួយ ដែល​ចិនបាន​បញ្ជូន​ដ្រូន​ ចូលតំបន់​ការពារ​​ដែន​អាកាស​តៃវ៉ាន់ ក្នុង​ចំនួន​៧១​លើក​គិត​ចាប់​តាំង​ពី​ក្រោយ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធាន​សភាអ្នក​តំណាង​​អាមេរិក​នៅ​តៃប៉ិ​ កាលពី​ខែ​សីហាមក។

សូម​បញ្ជាក់​ថា​តំបន់​ការពារ​ដែន​អាកាស​ ជា​តំបន់ដែល​​ធំ​ទូលាយ​ រាប់​បញ្ចូល​ទាំង​​ដែន​អាកាស​តៃវ៉ាន់​ ហើយ​លាត​សន្ធឹង​ទៅ​ឆ្ងាយ ដែល​គ្រប់​យានយន្តហោះហើរ​បរទេស​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អាកាសចរណ៍​មូលដ្ឋាន​។ តំបន់ការពារ​ដែនអាកាស​តៃវ៉ាន់ មាន​គង​មួយ​ភាគ​នឹងតំបន់​ការពារ​ដែនអាកាស​ចិន។

ការ​ហោះហើរ​រំលោភ​តំបន់ការពារ​ដែនអាកាស​តៃវ៉ាន់ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិធី​បញ្ចុះ​ខ្សោយ​កង​យន្តហោះ​ប្រដេញ​តៃវ៉ាន់​ដែល​ចាស់​ទ្រុឌទ្រោម​ស្រាប់​ និង​ជា​វិធី​សិក្សា​ការ​ការពារ​ខ្លួន​របស់​តៃវ៉ាន់ ព្រមទាំង​ជា​សារ​ព្រមាន​ដល់​សហរដ្ឋ​អាមេរិក​កុំ​ឱ្យ​បង្ខិត​មក​ជិតឬ​ឆ្លង​​បន្ទាត់​ក្រហម​ហាមឃាត់។

ចិន​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ដែល​ត្រូវ​បង្រួបបង្រួម​ ឬ​ប្រើ​កម្លាំង​យោធា​តែ​ម្តង​ផង​បើ​ចាំ​បាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ