អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិនប្រកាស​​ធ្វើ​សមយុទ្ធ​ក្បែរ​តៃវ៉ាន់តប​នឹងទង្វើ​​ផ្គើន​របស់​​អាមេរិក

ចិន​បាន​អះអាង​នៅថ្ងៃអាទិត្យ​ទី ២៥​ធ្នូ ថា​បានដឹកនាំ​​ធ្វើ​សមយុទ្ធ​ក្បែរកោះ​តៃវ៉ាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​បង្ក​ហេតុ និង​ទង្វើស៊ុំ​គ្រលំ​របស់​អាមេរិក​ជាមួយ​តៃវ៉ាន់។ ប៉ុន្តែ​ចិន​មិន​បាន​លម្អិត​អំពី​ទំហំ​នៃ​សមយុទ្ធ​ ព្រមទាំង​ទីតាំង​ពិត​ប្រាកដនៃ​លំហាត់​សឹក​ពេល​នេះ​ទេ។

ចិន​ធ្វើ​សមយុទ្ធ​ក្បែរ​តៃវ៉ាន់តប​នឹង​ការ​ផ្គើន​របស់​​អាមេរិក
ចិន​ធ្វើ​សមយុទ្ធ​ក្បែរ​តៃវ៉ាន់តប​នឹង​ការ​ផ្គើន​របស់​​អាមេរិក AP - Fu Gan
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អ្នក​នាំពាក្យនៃ​​កង​ប្រតិបត្តិការ​ខាង​កើត កងទ័ព​រំដោះប្រជាជន​ចិន​បាន​ធ្វើ​សមយុទ្ធ​ក្នុង​ដែន​ទឹក និង​ដែន​អាកាស​ជុំ​វិញ​កោះ​តៃវ៉ាន់ អម​ដោយ​​ការ​ល្បាតបែប​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ ដែល​មាន​ច្រើន​ផ្នែក​ ព្រមទាំង​លំហាត់​សឹក​អន្តរយោធា​ផ្នែក​វាយប្រហារ​ផង។

កងទ័ព​រំដោះ​ប្រជាជន​ចិន បាន​ថែម​ទាំង​បង្ហាញ​រូប​ថត​យន្តហោះ​ទម្លាក់​គ្រាប់​បែក នាវា​សង្គ្រាម និង​ទិដ្ឋភាព​ថត​ពី​លើ​អាកាស​តាម​បង្អួច​​យន្តហោះឃើញ​ជួរភ្នំ​តៃវ៉ាន់​ ដែល​គេ​អាច​យល់​បាន​ថា​យន្តហោះ​ចិន​ បាន​ចូល​កៀក​ជិត​ឆ្នេរ​តៃវ៉ាន់​ខ្លាំង​មែនទែន។

សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​​ទៀតថា សមយុទ្ធ​នេះ​ជា​​ឆ្លើយដ៏​ច្បាស់​លាស់​​តប​ទៅ​នឹងការ​ពង្រឹង​គំនិត​ស៊ុំ​គ្រលំ​គ្នា​របស់​សហរដ្ឋ​​អាមេរិកជាមួយ​នឹង​អាជ្ញាធរ​​តៃវ៉ាន់​​​ផង និង​ទង្វើ​ផ្គើន​របស់​ពួកគេ​ផង។

ក្រសួងការបរទេស​ចិន បាន​បញ្ចេញ​ប្រតិកម្ម​ នៅ​​ថ្ងៃ​សៅរ៍ទី ២៣​ធ្នូ​ ប្រឆាំង​ដាច់ខាត​នឹង​ការ​អនុម័ត​ច្បាប់​ថវិកា​របស់​អាមេរិក​សម្រាប់​វិស័យការពារ​ជាតិ​ដោយ​សម្រេច​ផ្តល់​ថវិកា​ចំនួន​១០ពាន់​លាន​ដុល្លារ​ជា​ជំនួយ​យោធា​និង​ការ​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់។

ចិន​មិន​សប្បាយ​ចិត្ត​សោះ នឹង​ឃើញរដ្ឋាភិបាល​តៃវ៉ាន់​មាន​ទំនាក់ទំនង​កាន់​តែជិត​ស្និទ្ធ​ខ្លាំង​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​តែង​តែ​ផ្គត់ផ្គត់​និង​គាំទ្រយោធា​តៃវ៉ាន់​ជា​រហូត​មក។ តាំងពី​អាណត្តិ​​លោក​ដូណាល់​ត្រាំមក​ តៃវ៉ាន់​និងអាមេរិក​កាន់​តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង ទំនាក់ទំនង​ចិនអាមេរិក​កាន់​តែ​តាន​តឹង។ កាលពី​ខែ​សីហា កងទ័ពប្រជាជន​​ចិន បាន​ដឹកនាំធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំបំផុត​​ម្តង​ហើយ​ជុំ​វិញកោះ​តៃវ៉ាន់ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​​ប្រធានព្រឹទ្ធ​សភា​អាមេរិក ណាន់ស៊ី ប៉េឡូស៊ី នៅ​តៃប៉ិ ដែលសម្រាប់​ចិន នេះ​​ជា​ទង្វើ​ផ្គើន​នឹង​នយោបាយ​​ទទួល​ស្គាល់​គោលការណ៍​ចិន​តែ​មួយ។

ប៉េកាំង​តែង​ចាត់​តៃវ៉ាន់​ជា​ដីខេត្ត​មួយ​ដុំ​របស់​ចិន ដែល​អាជ្ញាធរ​ចង់​បង្រួបបង្រួម​ដោយ​សន្តិវិធី ប៉ុន្តែ​ត្រៀម​ប្រើ​កម្លាំង​ក្រសោប​យក​ភ្លាម​ បើ​កោះ​ហ៊ាន​ប្រកាស​ឯករាជ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ