អានតួអត្ថបទ
ជប៉ុន

នាយករដ្ឋមន្រ្តីជប៉ុនបំពេញទស្សនកិច្ចនៅក្នុងបណ្តាប្រទេសសមាជិក G៧ ដោយផ្តើមនៅបារាំងមុនគេ

នៅ​ថ្ងៃ​ចន្ទ ទី៩ មករា នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ៊្វូមីអូ គីស្ហ៊ីដា​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អឺរ៉ុប និង​អាមេរិកឡាទីន។ បារាំង​ជា​ប្រទេស​ដែល​លោក​គីស្ហ៊ីដា​បាន​បំពេញ​ទស្សនកិច្ច​មុន​គេ។ វត្តមាន​របស់​លោក​គីស្ហ៊ីដា​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក G៧ ធ្វើ​ឡើង​ក្នុង​នាម​ជប៉ុន​ជា​ប្រធាន​ប្តូរ​វេន G៧ ក្នុង​ឆ្នាំ ២០២៣។ តែ​ក្រៅ​ពី​និយាយ​ពី​កិច្ចការ​របស់ G៧ វត្តមាន​របស់​លោក​គីស្ហ៊ីដា​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក G៧ ក៏​ជា​ឱកាស​មួយ​ដើម្បី​និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី​ដែរ។

នាយករដ្ឋមន្រ្តីជប៉ុនបំពេញទស្សនកិច្ចនៅក្នុងបណ្តាប្រទេសសមាជិក G៧ ដោយផ្តើមនៅបារាំងមុនគេក្នុងថ្ងៃទី៩ មករា ២០២៣។
នាយករដ្ឋមន្រ្តីជប៉ុនបំពេញទស្សនកិច្ចនៅក្នុងបណ្តាប្រទេសសមាជិក G៧ ដោយផ្តើមនៅបារាំងមុនគេក្នុងថ្ងៃទី៩ មករា ២០២៣។ AP - Kota Endo
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក​គីស្ហ៊ីដា​ទទួល​ជួប​ដោយ​ប្រធានាធិបតី​លោក​ម៉ាក្រុង​នៅ​វិមាន​អេលីហ្សេ ហើយ​ឥស្សរជន​ទាំង​ពីរ​នាក់​អញ្ជើញ​ទៅ​ទស្សនា​ការដ្ឋាន​ជួសជុល Notre-Dame de Paris ដែល​បាន​រង​ការ​ឆាបឆេះ​យ៉ាង​ដំណំ​កាល​ពី​ឆ្នាំ ២០១៩។ តាម​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ នេះ​ជា​លើកទី១ ដែល​លោក​ម៉ាក្រុង​អញ្ជើញ​មេដឹកនាំ​បរទេស​ម្នាក់​ឲ្យ​ទៅ​មើល​ការដ្ឋាន​ជួសជុល Notre-Dame de Paris និង​ក៏​ជា​ឱកាស​មួយ​ដែល​បារាំង​បង្ហាញ​ពី​ស្នាដៃ រួម​ទាំង​ចំណេះដឹង​ស្តីពី​បេតិកភណ្ឌ។

ចំណែក​ប្រធានបទ​ស្តីពី​ជំនួប​រវាង​លោក​ម៉ាក្រុង និង​លោក​គីស្ហ៊ីដា​មាន​ច្រើន​ទាក់ទង​នឹង​កិច្ចការ​របស់ G៧ រួម​ទាំង​ទំនាក់ទំនង​ទ្វេភាគី​បារាំង ជប៉ុន។ វិមាន​អេលីហ្សេ​បាន​បញ្ជាក់​ថា លោក​ម៉ាក្រុង​ផ្តល់​ការ​គាំទ្រ​ទាំង​ស្រុង​របស់​បារាំង​ចំពោះ​ប្រធាន​ប្តូរ​វេន G៧ របស់​ជប៉ុន និង​ការ​ភ្ជាប់​របស់​បារាំង​ចំពោះ​សកម្មភាព​របស់ G៧ ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន។ ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី​វិញ លោក​ម៉ាក្រុង និង​លោក​គីស្ហ៊ីដា​ពិនិត្យ និង​ជជែក​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ការពារ បច្ចេកវិទ្យា និង​វប្បធម៌។

បន្ទាប់​មក លោក​ម៉ាក្រុង និង​លោក​គីស្ហ៊ីដា​លើក​ឡើង​ពី​ភាព​ជា​ដៃគូ​នៅ​ក្នុង​លំហ​ឥណ្ឌូប៉ាស៊ីហ្វិក​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​មហិច្ឆតា និង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​បារាំង ជប៉ុន។ លោក​គីស្ហ៊ីដា​បញ្ចប់​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​ជា​មួយ​នឹង​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​លោក​ម៉ាក្រុង។ ចេញ​ពី​បារាំង លោក​គីស្ហ៊ីដា​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃទី១០ មករា ប្រទេស​អង់គ្លេស​នៅ​ថ្ងៃទី១១ មករា ប្រទេស​កាណាដា​នៅ​ថ្ងៃទី១២ មករា និង​បញ្ចប់​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី១៣ មករា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ