អានតួអត្ថបទ
បារាំង-ឥណ្ឌូប៉ាស៊ីហ្វិក

សភាបារាំង ហៅឲ្យ​​រដ្ឋាភិបាល​បារាំងកំណត់​គោលជំហរ ពង្រឹង​​វត្តមាន​នៅ​​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក

គណកម្មាធិការកិច្ច​ការអន្តរជាតិ នៃរដ្ឋសភាបារាំង បានចេញរបាយការណ៍​មួយ ដោយ​បាន​ហៅឲ្យ​រដ្ឋាភិបាល​បារាំង កំណត់កម្មវត្ថុ​ ព្រមទាំងមធ្យោបាយ​ឲ្យ​បានច្បាស់ ដើម្បីវត្តមានរបស់បារាំង នៅក្នុងតំបន់​​ឥណ្ឌូប៉ាស៊ីហ្វិក។ ជាការពង្រឹងគោលជំហរ បន្ទាប់ពី​បារាំង បាន​បាត់បង់កិច្ចសន្យា​លក់​នាវាមុជទឹកបាតសមុទ្រជាមួយអូស្ត្រាលី និង​បន្ទាប់​ពី​អាមេរិក​ បានបង្កើត​សម្ព័ន្ធ AUKUS ដោយ​គ្មានជូនដំណឹងមកបារាំង។

លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង ពេលជួបជាមួយ​លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី ៣០ តុលា ២០២១
លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង ពេលជួបជាមួយ​លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី ៣០ តុលា ២០២១ AP - Indonesian Presidential Palace
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរឿងរ៉ាវនាវាមុជទឹកបាតសមុទ្រ ដែល​អូស្ត្រាលីបានផ្តាច់កិច្ចសន្យាជាមួយបារាំង ងាកទៅទិញរបស់​អាមេរិកវិញ បារាំងហាក់ឯកោខ្លាំង នៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មិនត្រឹមតែបាត់បង់អូស្ត្រាលី ដែលជា​ដៃគូយុទ្ធសាស្ត្ររបស់បារាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែតំបន់នេះ កំពុងតែត្រូវបាន​សហរដ្ឋអាេមរិក រៀបចំចងក្រងសម្ព័ន្ធភាពដាច់ដោយឡែកមួយ ឈ្មោះថា AUKUS ដោយ​មិនបានហៅបារាំង ឬអឺរ៉ុប ឲ្យចូលរួមជាមួយឡើយ។

របាយការណ៍​គណកម្មាធិការកិច្ចការអន្តរជាតិ នៃសភាបារាំង បានលើកឡើងថា ក្នុងខណៈពេល​ ដែលអឺរ៉ុប មិនទាន់មាន​ការរៀបចំសម្ព័ន្ធយុទ្ធសាស្ត្រ ឲ្យ​បានរឹងមាំ សម្រាប់​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺបារាំង ត្រូវតែរៀបចំពង្រឹង​សម្ព័ន្ធភាព​ទ្វេភាគី នៅក្នុងតំបន់នេះឲ្យ​បានល្អប្រសើរឡើង។

របាយការណ៍លើកឡើងថា ចំណងសហប្រតិបត្តិការទ្វេភាគី រវាងបារាំង និង​ឥណ្ឌា ត្រូវតែ​ពង្រឹង និង​ពង្រីក​​ឲ្យ​បាន​បន្ថែមទៀត ត្បិតអីឥណ្ឌា មាន​ការយល់ឃើញស្របជាមួយបារាំង ទាក់ទិននឹងយុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក។ ដូចគ្នាដែរ បារាំងត្រូវតែវិនិយោគ ពង្រីកបន្ថែមនូវវិស័យសហប្រតិបត្តិការ​ផ្សេង​ទៀត ជាមួយជប៉ុន។

ក្រៅពីឥណ្ឌា និងជប៉ុន បារាំង ក៏ត្រូវតែស្រវាចាប់សម្ព័ន្ធភាពផ្សេងទៀត ជាអាទិ៍ជាមួយកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងគឺជាមហាអំណាចអាស៊ីមួយ ដែល​កំពុងតែ​ស្វែងរក​ជំហរបង្អែកមួយចំហៀងទៀត ព្រោះគេមិនចង់ស្ថិតនៅចំកណ្តាល នៃការប្រទាញប្រទង់ឥទ្ធិពលគ្នា រវាង​តែ​ចិន និង​អាមេរិកនោះឡើយ។

សមាជិក​សភាបារាំង បានលើកឡើងផងដែរ អំពី​ភាពចាំបាច់ ដែលបារាំង ត្រូវតែបង្កើនសន្ទុះដល់ចំណងសហការជាមួយឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី គឺជាប្រទេស​ដែលមានប្រជាជនច្រើនជាងគេបង្អស់ លំដាប់ទី៤នៃពិភពលោក។ ដូច្នេះ ការប្រមើរមើល​លើ​សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង​កិច្ចការសន្តិសុខ ជាមួយ​ឥណ្ឌូណេស៊ី គឺមានភាពធំទូលាយ និងសម្បូរបែបខ្លាំងណាស់ ដែលបារាំងត្រូវតែគិតគូរ។

សមាជិកសភាបារាំង បានអំពាវនាវ ឲ្យរដ្ឋាភិបាលបារាំង ត្រូវតែ​គូសបញ្ជាក់នូវគោលជំហរ កម្មវត្ថុ និងមធ្យោបាយ ទាំង​ផ្នែកនយោបាយ រដ្ឋបាល កងទ័ព ធនធានមនុស្ស និង​ថវិកា ដើម្បី​ធ្វើ​យ៉ាងណាសម្រេច ធានាការពារវត្តមានរបស់​បារាំងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាល​បារាំង ត្រូវតែជំរុញឲ្យ​សហភាពអឺរ៉ុបចូលរួមឲ្យ​បានច្រើន លើកជាគម្រោងផែនការ​យុទ្ធសាស្ត្រទៅថ្ងៃខាងមុខ ព្រោះថាសម្រាប់ពេលនេះ វត្តមានរបស់អឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមិនត្រូវបាន​គេមើលឃើញទាល់តែសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ