អានតួអត្ថបទ
អូតង់-កូរ៉េខាង​ត្បូង-អ៊ុយក្រែន

ប្រមុខ​អូតង់​សុំ​ឱ្យ​កូរ៉េខាងត្បូង​បង្កើន​ជំនួយសព្វាវុធ​​ដល់អ៊ុយក្រែន

ក្នុង​ក្របខ័ណ្ឌ​នៃ​​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ហើយ​មុននឹង​បន្ត​ដំណើរ​ទៅ​ក្រុងតូក្យូ​ លោកប្រមុខ​អង្គការ​អូតង់ យេន ស្តុលទែនប៊ែរ បាន​ស្នើ​សុំ​នៅថ្ងៃចន្ទទី ៣០ មករា​នេះ ឱ្យ​កូរ៉េខាង​ត្បូង​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។ សម្រាប់​លោក​ប្រមុខ​អង្គការ​អូតង់ សេអ៊ូល​ គួរ​តែ​សើរើមើល​​ឡើង​វិញនូវ​នយោបាយ​យោធា​ទាក់ទង​នឹង​ការមិន​​ផ្គត់​ផ្គង់​អាវុធ​ដល់​ប្រទេស​កំពុង​មាន​សង្គ្រាម​។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក​ Yoon Suk Yeol (ស្តាំ) និង​លោក​ប្រមុខ​អង្គការ​អូតង់ Jens Stoltenberg ក្នុង​ជំនួប​នៅទីក្រុង​សេអ៊ូល ថ្ងៃទី ៣០មករា ២០២៣
ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក​ Yoon Suk Yeol (ស្តាំ) និង​លោក​ប្រមុខ​អង្គការ​អូតង់ Jens Stoltenberg ក្នុង​ជំនួប​នៅទីក្រុង​សេអ៊ូល ថ្ងៃទី ៣០មករា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាង​ត្បូង​ជា​ប្រទេសនាំ​ចេញ​សព្វាវុធ​កាន់​តែ​សំខាន់​ឡើងៗ​នៅលើ​ពិភពលោក ដោយទើប​បាន​ចុះ​កិច្ចសន្យា​លក់​រថក្រោះ​ជា​ច្រើន​រយគ្រឿង​ឱ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន​ជា​អាទិ៍​ប៉ូឡូញ ដែល​ជា​សមាជិក​អង្គការ​អូតង់។ ប៉ុន្តែ​កូរ៉េខាង​ត្បូង មាន​ច្បាប់​ចែង​ហាមឃាត់​មិន​ឱ្យ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ណា​កំពុង​មាន​សង្គ្រាម​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សេអ៊ូល​ មិន​អាច​ផ្តល់​ជំនួយ​ជា​អាវុធ​យុទ្ធភ័ណ្ឌ​អ្វី​ឱ្យ​អ៊ុយក្រែន​បាន។ កន្លង​មក​សេអ៊ូល​បាន​ត្រឹម​ផ្តល់​សម្ភារៈ​បរិក្ខារ​យោធា​ដែល​មិន​ប្រល័យ​ជីវិត​មនុស្ស និង​ត្រឹម​ជា​ជំនួយ​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ដើម្បី​សេរីភាព ប្រជាធិបតេយ្យ និង​ដើម្បីកុំ​ឱ្យ​លទ្ធិ​​ផ្តាច់ការ​ ឬ​និយាយ​ឱ្យ​ចំដើម្បី​កុំ​​ឱ្យ​លោក​ពូទីន​ឈ្នះ​សង្គ្រាម​ អ៊ុយក្រែនត្រូវ​ការ​អាវុធ​ច្រើន​ថែម​ទៀត​យ៉ាង​ចាំ​បាច់។ ដូច្នេះ​សេអូល គួរ​តែ​បន្ថែម​ជំនួយ​យោធា​ដល់​ក្រុង​កៀវ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​អង្គការ​អូតង់ ដោយ​អំពាវនាវ​ឱ្យ​កូរ៉េខាង​ត្បូង​សើរើ​ច្បាប់​មិនផ្គត់​ផ្គង់​អាវុធ​ដល់​ប្រទេស​កំពុង​ធ្វើ​សង្គ្រាម តាម​គំរូ​ អាល្លឺម៉ង់ ឬ​ន័រវែស ដែល​ក៏មាន​ច្បាប់​ប្រហាក់ប្រហែល​នឹង​កូរ៉េខាង​ត្បូង​ដែរ​ជុំ​វិញ​ការ​នាំចេញ​អាវុធ ប៉ុន្តែប្រទេស​ទាំងពីរ​បាន​កែប្រែច្បាប់​ដើម្បីគាំទ្រ​អ៊ុយក្រែន។

ប្រមុខ​អង្គការ​អូតង់​ដដែល​នេះ​បាន​ព្រមាន​ទៀត​ថា យោធា​រុស្ស៊ី​កំពុង​ត្រៀម​សម្រុក​ប្រយុទ្ធ​ និង​បាន​ទទួល​អាវុធ​ជា​ច្រើន​ពី​កូរ៉េខាង​ជើង។ ​បើ​បណ្តោយ​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​នៅអ៊ុយក្រែន នោះមេដឹកនាំ​ផ្តាច់ការ​ដទៃទៀត និង​ចិនដែរ នឹង​ប្រើកម្លាំង​ជា​មធ្យោបាយ​ក្រសោប​យក​អ្វី​ដែល​គេ​ចង់​បាន​ជា​ប្រាកដ។ តែ​អូតង់​មិន​ចាត់​ទុក​ចិន​ជា​គូប្រជែង​ឡើយ។ ចិន​ត្រូវ​ជឿលើ​ការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​រាប់​តាំងពី​ការ​ត្រួត​ពិនិត្យ​អាវុធ​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ សម្រាប់​លោក​ស្តុនទែនប៊ែរ​ សម្ព័ន្ធ​មិត្ត​របស់​អូតង់នៅ​តែ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ជា​និច្ច​ ជា​ការ​​សឱ្យ​ឃើញ​ថា​គេ​មិនត្រូវ​​រំពឹង​លើ​មហាអំណាច​ផ្តាច់​ការ​ពេក​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ