អានតួអត្ថបទ
សេដ្ឋកិច្ច​និងយោធាចិន

ចិន​កំណត់ទិសដៅកំណើន​សេដ្ឋកិច្ច៥%«តិច​ជាង​សព្វដង»​ តែ​បន្ថែម​ចំណាយលើវិស័យកងទ័ព

ថ្ងៃអាទិត្យ​ ​ថ្នាក់ដឹកនាំ​កំពូល​ចិន បាន​កំណត់ទិសដៅកំណើន​សេដ្ឋកិច្ច រង្វង់​៥% សម្រាប់​ឆ្នាំ​២០២៣​។ ការ​ព្យាករ​នេះ គឺមាន​ចំនួន​​តិចតួច ​និង ​ទាប​ឆ្ងាយ បើ​ធៀប​នឹង​ការ​រំពឹង​ទុកពី​ឆ្នាំ​មុន​ៗ។​ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំ​ចិន បាន​សម្រេច​បន្ថែមការចំណាយលើវិស័យកងទ័ព ពោល​គឺ​ថវិកាវិស័យ​យោធា​ ត្រូវឡើង​​​ ៧,២%​ នៅឆ្នាំ​នេះ​។ សេចក្តី​រំពឹង​និង​ការ​សម្រេច​នេះ គឺ​ធ្វើ​ឡើង​នៅ​ឱកាស ដែល​ សភាប្រជាជនចិន​​ ​បើកសម័យប្រជុំពេញអង្គប្រចាំឆ្នាំ ​​នៅ​រដ្ឋធានី​​ប៉េកាំង​​។​ ​

លោក​ លី ខឺជាង នាយករដ្ឋ​មន្ត្រី​ផុត​អាណត្តិ។​
លោក​ លី ខឺជាង នាយករដ្ឋ​មន្ត្រី​ផុត​អាណត្តិ។​ AP - Ju Peng
ផ្សាយពាណិជ្ជកម្ម

ការ​​​ព្យាករ​កំណើ​ន​សេដ្ឋកិច្ច​ ៥% គឺ​ជាទិសដៅ​រំពឹងប្រចាំ​ឆ្នាំ​​របស់​លោក​ លី ខឺជាង នាយករដ្ឋ​មន្ត្រី​ផុត​អាណត្តិ។​ កំណើន​ចំនួន​ប៉ុណ្ណេះ តិច​ខ្លាំង​ មិន​ធ្លាប់​មាន​ ក្នុងរយៈ​ពេល​ច្រើ​នទសវត្សរ៍។ ក៏ប៉ុន្តែ ចិ​​ន​គឺ​នៅតែ​រក្សា​កំណើន​ចំណាយ​​ទៅ​​លើ​វិស័យ​យោធា។

ឆ្នាំ​២០២៣ ​ចំពោះ​មុខ​បណ្តា​សមាជិក​សភា​ប្រជាជន​ចិន ប្រមាណ ៣ ពាន់​នាក់ ថ្នាក់​ដឹកនាំ​ចិន បាន​ប្រកាស​បង្កើ​ន​កញ្ចប់​ថវិកា​យោធា ឲ្យដល់​ ២២៥ ពាន់​លាន​ដុល្លារ​ (​១.៥៥៣,៧ Yuans)។ ចំនួន​នេះ គឺកើនឡើង​ខ្លាំង​ ជាង​ឆ្នាំ២០១៩​ឆ្ងាយ​ទៅទៀត។ ​របាយការណ៍​ក្រសួង​ហិរញ្ញវត្ថុចិន​ បញ្ជាក់ថា កញ្ចប់ថវិកាយោធាចិន កើនឡើង​ ៧,១% ​​ឆ្នាំទៅមិញ។ បានសេចក្តីថា ​ថវិកាយោធាចិន ចេះតែ​កើនឡើងៗ​ជា​លំដាប់។  

នេះ​ក៏ព្រោះតែ​ ចិន ​កំណត់ទិស​ដៅ​​ស្រេច​ហើយ​ពីការ​ពង្រឹង​សមត្ថភាព​យោធា ហើយ​ម្យ៉ាង​ទៀត​ ក៏​ព្រោះតែ​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ស្រួច​ ជាមួយ ​ឥណ្ឌា​នៅព្រំដែនភ្នំ​​ហេមពាន្ត​ ប្រឈម​មុខ​ជាមួយ​ជប៉ុន​ក្នុង​បញ្ហាប្រជុំ​​កោះ​សិនកាគុ ឬ​ទាវយូ ហើយ​និង ​ហ្វីលីពីន ដែល​នៅ​កៀក​នឹង​កោះតៃវ៉ាន់ ដែល​កាន់តែ​ធ្វើ​សមយុទ្ធ​ច្រើនៗ​ជាមួយ​ទ័ព​អាមេរិក។​

អ្នក​ជំនាញ​ខាង​យោធាចិន​ James Char ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​សិង្ហបុរី វិភាគ​មើលឃើញថា កញ្ចប់ថវិកាយោធាចិន ត្រូវ​ចាយ​វាយ​សម្រាប់​បង្កើន​ប្រាក់​បៀវត្សរ៍​យោធា ចំណាយ​លើ​សមយុទ្ធ​ហ្វឹកហាត់ និង​ទិញ​គ្រឿង​បរិក្ខារ​ទំនើបៗ។​ ហើយ​ម្យ៉ាង ដើម្បី ពង្រឹង​សមត្ថភាព​គ្រប់​គ្រង​តៃវ៉ាន ហើយ​និង​ទប់ទល់​នឹង​សហរដ្ឋអាមេរិក​ផង។​

ទោះ​ជាម្តេច​ក្តី កញ្ចប់ថវិកាយោធាចិន កើន​ឡើង​ច្រើន​ប៉ុណ្ណេះក្តី ក៏នៅ​​ចាញ់​កញ្ចប់ថវិកាយោធាសហរដ្ឋអាមេរិក​ ឆ្ងាយណាស់។ បើតាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ Sipri នៅ​ស្កុកខុម ឆ្នាំ​២០២១ អាមេរិក​ចាយ​ថវិកាយោធា ជាង​៨០១ពាន់​លា​នដុល្លារ​។ ពោល​ គឺ​កញ្ចប់លុយ​យោធា​ចិន​តិច​ជាង​អាមេរិក​ដល់​ទៅ ​៣ ដង​ឯណោះ។

នៅតំបន់​អាស៊ី ទិន្ននាការ​បង្កើន​ចំណាយ​វិស័យ​យោធា គឺ​មិនមែន ​មា​នតែប្រទេស​ចិន​មួយ​ទេ។ សម្រាប់​ឆ្នាំ២០២៣​ ឥណ្ឌា​ប្រកាស​បង្កើន​១៣% កូរ៉េខាងត្បូង​ កើន​៤,៤% ហើយ​ជប៉ុន ក៏​បង្កើន​ទ្វេដង ពោល​គឺ​២%​នៃ​ផលិតផល​​ក្នុង​ស្រុក​សរុប​ឯណោះ ចាប់​ពីពេល​នេះ​ទៅ​២០២៧​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ