អានតួអត្ថបទ
ចិន-ទេសចរណ៍

ចិនផ្តើមផ្តល់ទិដ្ឋាការគ្រប់ប្រភេទឡើងវិញក្រោយពីបានផ្អាករយៈ ៣ឆ្នាំដោយសារកូវីដ១៩

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​ផ្តល់​ទិដ្ឋាការ​គ្រប់​ប្រភេទ​ឡើង​វិញ​ដល់​ជន​បរទេស​ចាប់​ពី​ថ្ងៃ​ពុធ ទី១៥ មីនា​ទៅ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ចិន​បាន​បិទញ្ចប់​ទាំង​ស្រុង​នូវ​ការ​អនុវត្តន៍​នយោបាយ​ហ្សេរ៉ូកូវីដ​ក្នុង​ខែ​មករា​ដើម​ឆ្នាំ ២០២៣ នេះ។ គួរ​បញ្ជាក់​ថា រដ្ឋអំណាច​ចិន​បាន​សម្រេច​ផ្អាក​ផ្តល់​ទិដ្ឋាការ ពិសេស​ទិដ្ឋាការ​ទេសចរបរទេស​តាំង​ពី​ខែ​មីនា ឆ្នាំ ២០២០ ពោល​ក្នុង​ពេល​ដែល​ប្រទេស​បាន​ជួប​ករណី​ឆ្លង​កូវីដ១៩ ពេញ​ទំហឹង។

ចិនផ្តើមផ្តល់ទិដ្ឋាការគ្រប់ប្រភេទឡើងវិញក្រោយពីបានផ្អាករយៈ ៣ឆ្នាំដោយសារកូវីដ១៩។
ចិនផ្តើមផ្តល់ទិដ្ឋាការគ្រប់ប្រភេទឡើងវិញក្រោយពីបានផ្អាករយៈ ៣ឆ្នាំដោយសារកូវីដ១៩។ AP - Xiong Qi
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ពុធ ទី១៥ មីនា​ទៅ ចិន​នឹង​ផ្តើម​ផ្តល់​ឡើង​វិញ​នូវ​ទិដ្ឋាការ​គ្រប់​ប្រភេទ​ដល់​ជនបរទេស នេះ​ជា​ខ្លឹមសារ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​ចិន។ ចំណែក​ស្ថានទូត និង​ស្ថានកុងស៊ុល​ចិន​នៅ​បរទេស ពិសេស​នៅ​អាមេរិក និង​នៅ​អឺរ៉ុប​ក៏​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ដូច​គ្នា​នេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែរ។ ក្រៅ​ពី​ការ​ផ្តល់​ទិដ្ឋាការ​ឡើង​វិញ រដ្ឋអំណាច​ចិន​ក៏​នឹង​ផ្តល់​លទ្ធភាព​ពី​ការ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរបរទេស​ខ្លះ​ចូល​ចិន​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ ពិសេស​ការ​ចូល​កោះ​ទេសចរណ៍​ហាយណាន់ ឬ​ភ្ញៀវទេសចរ​ធ្វើ​ដំណើរកំសាន្ត​តាម​កប៉ាល់​ដែល​ចូល​ចត​នៅ​ក្រុង​សៀងហៃ​ជា​ដើម។

មួយ​វិញ​ទៀត ជនបរទេស​ណា​ដែល​ទទួល​បាន​ទិដ្ឋាការ​នៅ​មុន​ការ​ផ្អាក​ក្នុង​ថ្ងៃទី២៨ មីនា ឆ្នាំ ២០២០ និង​ដែល​ទិដ្ឋាការ​កំពុង​នៅ​មាន​សុពលភាព ជនបរទេស​នោះ​អាច​ចូល​ចិន​បាន​ដោយ​មិន​បាច់​មាន​ទិដ្ឋាការ​ថ្មី។ ដំណឹង​ផ្តល់​ទិដ្ឋាការ​គ្រប់​ប្រភេទ​ឡើង​វិញ​របស់​ចិន​ជា​ដំណឹង​ដែល​ក្រុមហ៊ុនទេសចរណ៍ និង​រោងចក្រសហគ្រាស​បរទេស​បាន​ទន្ទឹង​រង់ចាំ​តាំង​ពី​យូរ​មក​ហើយ។ គួរ​រម្លឹក​ថា តាំង​ពី​ថ្ងៃទី២៨ មីនា ឆ្នាំ ២០២០ ដែល​ចិន​បាន​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​គ្រប់​ប្រភេទ ពិសេស​ទិដ្ឋាការ​ទេសចរណ៍​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩។

ជាមួយ​នឹង​នយោបាយ​ហ្សេរ៉ូកូវីដ​រយៈពេល ៣ឆ្នាំ ចិន​បាន​ផ្តាច់​ខ្លួន​ឯង​ពី​ពិភពខាងក្រៅ។ ក្នុង​រយៈពេល ៣ឆ្នាំ ជនបរទេស​ដែល​រស់​នៅ​ចិន​មិន​អាច​ត្រឡប់​ចូល​ចិន​បាន​ក្រោយ​ពី​បាន​ចាក​ចេញ ហើយ​ចំនួន​ជើងហោះហើរ​អន្តរជាតិ​ត្រូវ​បាន​កាត់​បន្ថយ​សឹង​ទាំង​ស្រុង។ គឺ​ទើប​នៅ​ក្នុង​ខែ​មករា​ដើម​ឆ្នាំ ២០២៣ ថ្មីៗ​នេះ​ទេ​ដែល​ចិន​បាន​ដក​ចេញ​វិញ​នូវ​នយោបាយ​សូន្យ​កូវីដ និង​ចាប់​ផ្តើម​បើក​ទ្វារ​ប្រទេស​បន្តិច​ម្តងៗ​ឡើង​វិញ។ យោង​តាម​តួលេខ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក ចិន​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦៥លាន ៧សែន​នាក់​ក្នុង​ឆ្នាំ ២០១៩ ពោល​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ