អានតួអត្ថបទ

អតីត​ប្រធានាធិបតី​តៃវ៉ាន់​ទៅ​ចិន ដើម្បី​ស្តារ​ស្ថានភាព​ឱ្យ​ប្រសើរ​ឡើងវិញ

លោក ម៉ា យីងចូវ អតីត​ប្រធានាធិបតី​តៃវ៉ាន់ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិនចាប់​ពី​ថ្ងៃ ចន្ទទី ២៧​មីនា​នេះ​ សម្រាប់​រយៈ​ពេល​១២ថ្ងៃ។ នេះ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ជាង​៧ទសវត្សរ៍​មក​ ដែលអតីត​ឬ​​មេដឹកនាំ​កោះ​តៃវ៉ាន់ ធ្វើ​ដំណើរ​ទៅ​ជាន់​ដី​ចិនប្រជាមានិត។ បក្ស​កាន់​អំណាច​តៃវ៉ាន់​ បាន​សម្តែង​ការ​សោកស្តាយ ចំពោះ​ទង្វើ​​របស់​តំណាង​បក្ស​ប្រឆាំងរូប​​នេះយ៉ាង​ខ្លាំង។ សកម្មជន​ប្រជាធិបតេយ្យ​មួយ​ក្តាប់​តូច​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ទស្សនកិច្ច​របស់​លោ​ក​ម៉ា នៅអាកាសយានដ្ឋានតៃប៉ិ​តែម្តង។

លោក ម៉ា យីងចូវ អតីត​ប្រធានាធិបតី​តៃវ៉ាន់ ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន
លោក ម៉ា យីងចូវ អតីត​ប្រធានាធិបតី​តៃវ៉ាន់ ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន REUTERS - ANN WANG
ផ្សាយពាណិជ្ជកម្ម

ទទួល​ស្វាគមន៍​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​មជ្ឈិម​និង​ក្រុង​សៀងហៃ តាម​គម្រោង លោក​ ម៉ា យីងចូវ គ្មាន​ជំនួប​ជា​ផ្លូវការ​ជាមួយ​ថ្នាក់​ដឹកនាំ​របស់​ប៉េកាំង​ទេ។ កម្មវត្ថុ​ចម្បង ទស្សនកិច្ច​របស់​លោក​គឺ​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ដូន​តា និងផ្តល់​សន្ទុះ​ដល់​​ការ​ផ្តោះ​ប្តូរ​ជាមួយ​យុវវ័យ​។ ពី​អាកាសយានដ្ឋាន​ក្រុង​តៃប៉ិ អតីត​ប្រធានាធិបតី​វ័យ​៧៣​ឆ្នាំ បាន​បង្ហាញ​ក្តី​រំពឹង​ថា​នឹងជំនួប​ជាមួយ​យុវវ័យ​ចិន​ នឹង​ជួយ​ស្តារ​ស្ថានភាព​ក្នុង​តំបន់​ឱ្យ​ប្រសើរ​ឡើង ដើម្បី​ឱ្យ​កោះ​បាន​ស្គាល់​និង​ជួប​​សន្តិភាពក្នុង​ពេល​ដ៏​ឆាប់ៗ។ ​ក្រសួងការបរទេស​ចិន​ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី ​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ដែល​មិន​ផ្តោត​លើ​បញ្ហា​ការទូតនេះ​ដែរ។

ប៉ុន្តែសម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោកស្រីប្រធានាធិបតី​​ សៃ អ៊ីនវ៉េន ទស្សនកិច្ច​របស់​លោក​ម៉ា ពេល​នេះ ជាការ​គាំទ្រ​នយោបាយ​ចិន​ចំពោះ​កោះ​តៃវ៉ាន់​។ តៃវ៉ាន់​ត្រូវ​​សាមគ្គីគ្នា​ជាធ្លុង​មួយ តែ​គួរស្តាយ​បក្ស​គួមីងតាំង និង​អតីត​ប្រធានាធិបតី​បែរ​ជា​ទៅ​ឈរ​ខាង​បក្ស​កុម្មុយនិស្ត​ចិន​ទៅ​វិញ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​កាន់​អំណាច​តៃវ៉ាន់​ដដែល។

លោក ម៉ា យីងចូវ ជា​ឥស្សរជន​ដ៏​សំខាន់​របស់​​បក្ស​គួមីងតាំង ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ចម្បង​នៅសភា​តៃវ៉ាន់​បច្ចុប្បន្ន មាន​ជំហរចង់​ជិត​ស្និទ្ធនឹង​របប​ក្រុង​ប៉េកាំងជា​និច្ច​ តែ​ក៏​បដិសេធ​មិន​ត្រលប់​ទៅ​នៅក្រោម​ចិន​វិញ​ទេ។ នៅក្នុង​សម័យ​បោះឆ្នោត​​ប្រធានាធិបតី​ឆ្នាំក្រោយ​ បក្ស​គួមីងតាំង ជា​គូ​ប្រជែង​ផ្ទាល់​របស់​បក្ស​កំពុង​កាន់​អំណាច។ ក្រោម​អាណត្តិ​របស់​លោកប្រធានាធិបតី​ ម៉ាយីងចូវ ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៦ ទំនាក់​ទំនង​រវាង​តៃវ៉ាន់​និង​ចិន​ប៉េកាំង បាន​ប្រសើរ​ខ្លាំង រហូត​មាន​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​ស៊ីជីនពីង​នៅ​សិង្ហបុរី​ផង កាលពី​ឆ្នាំ​២០១៥។ តែ​តាំងពី​លោកស្រី សៃអ៊ីនវ៉េន ឡើង​កាន់​តំណែងមក ចិន​បាន​បង្កើន​សម្ពាធ​យោធា​ សេដ្ឋកិច្ច និង​ការទូត​លើ​តៃវ៉ាន់​យ៉ាង​ខ្លាំង​ រហូត​ធ្វើ​ឱ្យ​សម្ព័ន្ធមិត្ត​៩ប្រទេស​ផ្តាច់​ទូត​ពី តៃវ៉ាន់​ទៅ​អោប​ចិនវិញ។ ហុងឌូរ៉ាស ជា​ករណីជាក់ស្តែង​ចុងក្រោយ​ដែល​ឈប់​ទាក់ទង​ការ​ទូត​ជាមួយ​តៃវ៉ាន់ ហើយ​ងាក​ទៅ​​​ភ្ជាប់​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​ចិន កាលពី​ថ្ងៃ​អាទិត្យ ពោលគឺ​មួយ​ថ្ងៃ​មុន​ទស្សនកិច្ច​របស់​លោក​ម៉ា យីងចូវ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ