អានតួអត្ថបទ
ចិន-ហុងឌូរ៉ាស-តៃវ៉ាន់

ប្រទេសហុងឌូរ៉ាសប្រកាសពីគម្រោងបែរខ្នងពីចិនតៃវ៉ាន់ដោយងាកទៅឱបចិនដីគោកវិញ

នៅ​ក្នុង​ប្រទេស​ហុងឌូរ៉ាស ប្រធានាធិបតី​លោកស្រី​អ៊ីយ៉ូម៉ារ៉ា កាស្រ្តូ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ ទី១៤ មីនា​ថា ហុងឌូរ៉ាស​នឹង​ភ្ជាប់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ចិនដីគោក។ ប្រតិកម្ម​ភ្លាមៗ កោះ​តៃវ៉ាន់​ដែល​កំពុង​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ហុងឌូរ៉ាស​បាន​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ហុងឌូរ៉ាស​ជា​ការ​សម្រេចចិត្ត​អាក្រក់ និង​ស្នើ​ឲ្យ​ហុងឌូរ៉ាស​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ចិនដីគោក។

ប្រធានាធិបតី​ហុងឌូរ៉ាស លោកស្រី​អ៊ីយ៉ូម៉ារ៉ា កាស្រ្តូ​។
ប្រធានាធិបតី​ហុងឌូរ៉ាស លោកស្រី​អ៊ីយ៉ូម៉ារ៉ា កាស្រ្តូ​។ AP - Fernando Vergara
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់​ប្រធានាធិបតី​ហុងឌូរ៉ាស​លោកស្រី​អ៊ីយ៉ូម៉ារ៉ា កាស្រ្តូ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទំព័រ Twitter របស់​លោកស្រី​ដោយ​បាន​បញ្ជា​ឲ្យ​ប្រមុខការទូត​លោក​អេឌ័រដូ រ៉េណា​ជា​អ្នក​រៀបចំ​បើក​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ប្រទេស​ចិន។ តែ​លោកស្រី​អ៊ីយ៉ូម៉ារ៉ា​មិន​បាន​បញ្ជាក់​ច្បាស់ៗ​ពី​កម្រិត​នៃ​ទំនាក់ទំនង​ផ្លូវការ​នោះ​ទេ។ មួយ​វិញ​ទៀត លោកស្រី​អ៊ីយ៉ូម៉ារ៉ា​ក៏​មិន​បាន​បញ្ជាក់​ច្បាស់ៗ​ពី​អនាគត​នៃ​ទំនាក់ទំនង​ដែល​ហុងឌូរ៉ាស​កំពុង​មាន​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​តាំង​ពី​ច្រើន​ទសវត្សរ៍​កន្លង​មក​ដែរ។ គួរ​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ ហុងឌូរ៉ាស​ស្ថិត​ក្នុង​ចំណោម ១៤ប្រទេស​ក្នុង​លោក​ដែល​បាន​ទទួល​ស្គាល់ និង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់។

តែ​ចិន​ដែល​មិន​ចង់​ឃើញ​ប្រទេស​ណា​មួយ​ក្នុង​លោក​ទទួល​ស្គាល់​តៃវ៉ាន់​ជា​ផ្លូវការ​បាន​អះអាង​ថា ប្រទេស​ណា​ដែល​បាន​ទទួល​ស្គាល់ និង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ដីគោក​មិន​អាច​ទទួល​ស្គាល់ និង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​តៃវ៉ាន់​បាន​ឡើយ។ ការ​អះអាង​របស់​ចិន​នេះ​មាន​ន័យ​ថា ការ​ងាក​រក​ចិន​របស់​ប្រទេស​ណា​មួយ​មាន​ន័យ​ស្មើ​នឹង​ការ​បែរ​ខ្នង​ដាក់​តៃវ៉ាន់​របស់​ប្រទេស​នោះ​ជា​ស្វ័យប្រវត្តិ។ យ៉ាង​ណា​ក៏​ដោយ តៃវ៉ាន់​តាម​រយៈ​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដោយ​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ហុងឌូរ៉ា​ជា​ការ​សម្រេចចិត្ត​អាក្រក់ និង​ស្នើ​ឲ្យ​ហុងឌូរ៉ាស​ពិចារណា​ឡើង​វិញ​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ចិន​ដីគោក។

គេ​មិន​ដឹង​ថា តើ​មាន​មូលហេតុ​អ្វី​ដែល​បាន​ជំរុញ​ឲ្យ​ហុងឌូរ៉ាស​ប្តូរ​ជំហរ ១៨០អង្សារ​ដោយ​បែរ​ខ្នង​ដាក់​តៃវ៉ាន់ និង​បែរ​មុខ​ដាក់​ចិន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ការ​សម្រេចចិត្ត​របស់​ហុងឌូរ៉ាស​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ពីរ​ផ្ទួន​គ្នា ទី១ ជំនួប​រវាង​ប្រមុខ​ការទូត​ចិន និង​ហុងឌូរ៉ាស​ក្នុង​ប្រទេស​ប្រេស៊ីល​នា​ឱកាស​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ប្រេស៊ីល​របស់​លោក​លូឡា​ក្នុង​ថ្ងៃទី១ មករា និង​ព្រឹត្តិការណ៍​ទី២ ប្រមុខ​ការទូត​ហុងឌូរ៉ាស​បាន​ប្រកាស​ក្នុង​ថ្ងៃទី២ កុម្ភៈ​ពី​ការ​ចរចា​ជាមួយ​ចិន​ដើម្បី​កសាង​ទំនប់​វារីអគ្គិសនី​មួយ។ គួរ​បញ្ជាក់​ថា ចិន​ធ្លាប់​បាន​ផ្តល់​លុយ​ចំនួន ៣០០លានដុល្លារ​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ទៀត​នៅ​ហុងឌូរ៉ាស​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ហ័ន អរឡង់ដូ អែរណង់ដេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ