អានតួអត្ថបទ
ថៃ

កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ក្លាយ​ជា​បេក្ខជននាយករដ្ឋមន្ត្រីជា​ផ្លូវការ

ភឿថៃ គណបក្ស​ប្រឆាំង​ដ៏​ចម្បងគេ​​នៅក្នុង​ប្រទេសថៃ​ បាន​ប្រកាសតែងតាំងបេក្ខជន​នាយករដ្ឋមន្ត្រី​ជាផ្លូវការ សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី ១៤​ឧសភា​២០២៣​ខាង​មុខ។ នោះគឺ​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ វ័យ​៣៦​ឆ្នាំ ដែល​ត្រូវ​ជា​​ កូនស្រីរបស់​អតីត​នាយករដ្ឋមន្ត្រី​ថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់។

Paetongtarn Sihawatra smiles to supporters during a election campaign in Bangkok, Thailand
Paetongtarn Sihawatra smiles to supporters during a election campaign in Bangkok, Thailand AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខ​ហ្វូង​សកម្មជន​អាវ​ក្រហម​ឆ្អៅ ដែល​មក​ជួបជុំ​គ្នា​នៅក្នុង​ទីស្តាត​មួយ​ជាយ​ក្រុង​បាងកក បេក្ខជន​នាយករដ្ឋមន្ត្រី​បក្ស​ភឿថៃ លោកស្រី ភែថងថាន បាន​បង្ហាញ​ខ្លួន​ ​ជាមួយ​បេក្ខជន​ពីរ​រូប​ផ្សេង​ទៀត​របស់​បក្ស​ គឺ លោក ស្រេដ្ឋា ថាវីស៊ីន សេដ្ឋី​ផ្នែក​អចលនទ្រព្យ​ទើប​ចូល​ធ្វើ​នយោបាយ និង​លោក ឆៃកាសេម នីទិស៊ីរី មន្ត្រីជាន់ខ្ពស់​បក្ស​ដ៏​ចំណាស់។

នៅ​ប្រទេស​ថៃ គណបក្ស​នយោបាយ​នីមួយៗ មាន​លទ្ធភាព​ស្នើ​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​ចំនួន​បី​រូប ដែលក្រោយ​ជោគជ័យ សភា​និង​ព្រឹទ្ធ​សភា​ជា​អ្នក​បោះឆ្នោត​ជ្រើសតាំង​​សម្រេច។ ប៉ុន្តែ​បើ​យោល​ទៅលើ​ប្រវត្តិ​និង​ភាព​ល្បីល្បាញ​នៃ​ត្រកូលតាំងពី​ជាង​២០ឆ្នាំមក​​ លោកស្រី​ ភែថងថាន ស៊ីណាវ៉ាត់ ច្បាស់​ជា​បាំង​បាត់​​បេក្ខជន​ផ្សេង​ទៀត​ហើយ។ សម្រាប់​ពេល​នេះ លោកស្រី ភែថងថាន លេច​មុខ​ជា​សាធារណៈ​យ៉ាង​តិច​តួច​ណាស់ ព្រោះ​លោកស្រី​កំពុង​មាន​ផ្ទៃពោះ ត្រូវ​ឆ្លង​ទន្លេ​កូន​ទីពីរ​នៅ​ខែ​ឧសភា​ខាង​មុខ។ លោកស្រី​សន្យា​ចេញ​សេចក្តី​ថ្លែងការណ៍​ឱ្យ​បាន​ញឹក​ញាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។ កិច្ចការ​ឃោសនា​ ត្រូវ​ជា​បន្ទុក​របស់​​គណ​បក្សដែល​​ផ្តោត​​ជា​សំខាន់​ទៅលើ​ការ​​​សន្យា​ដំឡើង​ស្ទើរ​ទ្វេដង ប្រាក់​ខែអប្បបរិមា​ ដល់​៦០០បាត​ក្នុង​មួយ​ថ្ងៃ។

​ទោះ​មិន​សូវ​បង្ហាញ​វត្តមាន ចូល​ប្រលូក​​នយោបាយជា​លើក​ទីមួយ ឬ​គ្មាន​បទពិសោធន៍​ ​ក៏​ដោយ​ ក៏មិន​ថ្វី​ដែរ ឱ្យ​តែ​លោកស្រី​​​ជា​តំណាង​បក្ស​ភឿ​ថៃ តំណាង​ឱ្យ​លោកថាក់ស៊ីន។ នេះ​បើ​តាម​ទស្សនៈ​របស់​​អ្នក​វិភាគ។ ​

ត្រកូល ស៊ីណាវ៉ាត់ នៅ​តែ​ជា​បង្អែក​​នយោបាយ​ដ៏​សំខាន់​​សម្រាប់​ពលរដ្ឋ​ថៃ​នៅ​ទី​ជនបទ​​ភាគ​ខាង​ជើង ទល់​នឹង​ក្រុមយោធា​និង​​រាជនិយម​ នៅក្រុង​បាងកក។ ជា​មហាសេដ្ឋី​មាន​ប្រាក់​ប្រមាណ​២ពាន់​លាន​ដុល្លារ (បើ​តាម​Forbes) លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​ឪពុក ធ្លាប់​ជាប់​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ នៅរវាង​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០០៦ រួច​ត្រូវ​ទម្លាក់​ដោយ​រដ្ឋប្រហារ​យោធា។ ៥​ឆ្នាំកន្លង​ រដ្ឋាភិបាលថៃ​​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ជាម្តាយមីង បាន​ឡើង​ដឹកនាំ​ប្រទេស តែ​ត្រូវបាន​ពួក​យោធា​ដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ​ចាន់អូចា ធ្វើ​​​រដ្ឋប្រហារ​​ទម្លាក់​ទៀត។

​ដំណើរ​ផ្លូវរបស់​លោកស្រី  ភែថងថាន ​​​​នៅវែងឆ្ងាយ​និង​បង្កប់​ដោយ​ឧបសគ្គ​ច្រើន​ណាស់។ ទោះ​បី​​គណបក្ស​ភឿ​ថៃ ឈ្នះ​ខ្លាំងយ៉ាងណា​ក៏​ដោយ​ ក៏​ក្រុម​ព្រឹទ្ធសភា​ស្និទ្ធ​នឹង​យោធា អាច​រារាំង​បេក្ខភាព​របស់​លោកស្រី ភែថងថាន​ មិន​ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បាន​ដែរ​ ​​បើ​យោល​ទៅតាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧​។ ពេល​នោះ​បើ​តាមអ្នក​វិភាគ បេក្ខភាព​លោក ស្រេថា ថាវីស៊ីន​ ប្រហែល​ងាយសម្របសម្រួល​ជាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ