អានតួអត្ថបទ
ថៃ

ថៃ៖ នាយករដ្ឋមន្ត្រី​ប្រកាសរំលាយ​សភា​ ​ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​សភា​ជា​ថ្មី

ដូចអ្វី​ដែល​គេ​រង់ចាំ​ លោក​ប្រាយុទ្ធ​ចាន់​អូចា នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​រំលាយសភា​នៅថ្ងៃ​ចន្ទទី ២០ មីនា ២០២៣។ ក្រោយ​សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាលនេះ ការ​បោះឆ្នោតសភាជាតិ​​ថ្មី​ ​ជា​លើក​ទីពីរ​គិត​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​មក អាច​នឹង​ប្រព្រឹត្ត​ទៅ​​ថ្ងៃ​ទី ៧ ឬ​ថ្ងៃ​ទី ១៤​ខែ​សភា​ ខាង​មុខ។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ថៃ។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ចាន់​អូចា ប្រកាស​រំលាយ​សភា នៅថ្ងៃទី ២០ មីនា ២០២៣
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ចាន់​អូចា ប្រកាស​រំលាយ​សភា នៅថ្ងៃទី ២០ មីនា ២០២៣ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​សភា​ជា​ថ្មី នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​រវាង​​ ​៤៥ទៅ​៦០​ថ្ងៃ ក្រោយ​សេចក្តី​សម្រេច​រំលាយ​​សភា របស់​ប្រមុខ​រដ្ឋាភិបាល។ ដូច្នេះ​គណៈកម្មការជាតិ​រៀប​ចំការ​បោះឆ្នោត​ ​ត្រូវ​ប្រកាស​បញ្ជាក់​កាល​បរិច្ឆេទនៃ​ការ​​បោះឆ្នោត​ថ្មី នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។ ​

ប៉ុន្តែ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ បាន​ចាប់​ផ្តើម​ជា​លក្ខណៈ​ក្រៅ​ផ្លូវការ តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ តាម​រយៈ​ការ​រៀប​ចំ​ធ្វើ​មិទ្ទិញ និង​បិទ​ផ្ទាំង​បដា​ឃោស​នា​តាម​ដង​ផ្លូវ។ ជា​ការ​បោះឆ្នោត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង រវាង​នាយករដ្ឋមន្ត្រីផុត​អាណត្តិ​​ដ៏​អប្រជា​ប្រិយភាព​បំផុត​ និងអ្នកនយោបាយ​ថ្មីវ័យ​​៣៦​ឆ្នាំ ​លោកស្រី ភែថងថាង ស៊ីណាវ៉ាត់ ដែល​ត្រូវ​ជា​​កូន​ស្រី​របស់អតីត​នាយករដ្ឋមន្ត្រី ​ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​រស់​និរទេសខ្លួន​តាំងពី​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​តែ​បន្ត​មានឥទ្ធិពលខ្លាំង​​លើ​នយោបាយ​ថៃ និង​ត្រូវ​ជា​ក្មួយ​ស្រី​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​តំណែង​ដោយរដ្ឋប្រហារដឹកនាំ​ដោយ​​លោក​ប្រាយុទ្ធចាន់អូចា។

ឡើង​កាន់​តំណែង​ដោយធ្វើ​​រដ្ឋប្រហារ​យោធា​នៅឆ្នាំ​២០១៤ បន្ទាប់​មក​បាន​ជាប់​ឆ្នោត​ដោយ​ចម្រូង​​ចម្រាស​នៅឆ្នាំ​២០១៩ លោក​ប្រាយុទ្ធ​ចាន់​អូចា បាន​ក្លាយជា​មេដឹកនាំ​រដ្ឋាភិបាល​ថៃ ដ៏​យូរ​ជា​ងគេ​ម្នាក់​ ក្នុង​ប្រទេស​ដែល​ល្បី​ខាង​មាន​រដ្ឋប្រហារ​​ដ៏​ញឹក​ញាប់​ (១២ដង​គិតចាប់​តាំង​ពី​ឆ្នាំ​១៩៣២មក)។

បើ​តាមការ​ស្ទង់​មតិផ្សព្វផ្សាយ​នៅថ្ងៃអាទិត្យ​ទី ១៩មីនា គណបក្ស​ភឿ​ថៃ​ ដឹកនាំ​ដោយ​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាន​ទទួល​ការ​គាំទ្រ​​ចង់​បោះឆ្នោត​ឱ្យ​ដល់​ទៅ​ពាក់​កណ្តាល ទល់​នឹង​១២%​សម្រាប់​​គណបក្ស​របស់​លោក​ ប្រាយុទ្ធ​ចាន់​អូចា។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧​ តាក់តែង​​​ដោយ​របប​សឹក ទំនង​ជានឹង​រារាំង​គណបក្ស​ភឿថៃ ឱ្យ​ពិបាក​សម្រេច​កម្មវត្ថុ​ប្រមូល​សំឡេង​ភាគ​ច្រើន (៣១០អាសនៈ​ក្នុង​ចំណោម​៥០០) ​ហើយ​ក្លាយ​ជាប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ថ្មីណាស់ ព្រោះ​នាយករដ្ឋមន្ត្រី​ត្រូវ​តែង​តាំង​ដោយ​សមាជិកសភា​ផង និង​ដោយ​សមាជិក​ព្រឹទ្ធសភាចំនួន​២៥០​រូប​ដែល​សុទ្ធ​តែ​មាន​និន្នាការ​ស្និទ្ធ​នឹង​យោធា​ផង។

ក្រៅពី​លោក​ប្រយុទ្ធ​ចាន់អូចា និង​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់​ គណបក្ស​Move Forward បាន​ទទួល​ការគាំទ្រ​១៧% និង​ធ្លាប់​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ក្នុង​សម័យ​បោះឆ្នោត​ឆ្នាំ​២០១៩។ ប្រមុខ​បក្ស​ លោក ភីតា លីមចារឿង​រ៉ាត់ រំពឹង​លើ​​បាតុករ​ប្រជាធិបតេយ្យ​​ឆ្នាំ​២០២០ ដោយ​ធានា​ថា ទិដ្ឋភាព​នយោបាយ​ថៃ​បាន​ផ្លាស់​ប្តូរ​ច្រើន​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ