អានតួអត្ថបទ

ប៉ាគីស្ថាន ចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សលោក អ៊ីមរ៉ាន់ ខាន់​ និងពង្រាយកងទ័ពប្រឈមនឹងបាតុកម្មប្រឆាំង

នៅប៉ាគីស្ថាន យ៉ាង​ហោចណាស់ ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់គណបក្សលោក អ៊ីមរ៉ាន់ ខាន់ ចំនួន​ ៧ នាក់​បន្ថែមទៀត ត្រូវ​ចាប់ខ្លួន​និងឃុំខ្លួន​។ នេះតាម​ការ​បញ្ជាក់​របស់​កង​យោធា​ប៉ាគីស្ថាន នៅព្រឹក​​ថ្ងៃព្រហស្បត្តិ៍​​​ និងដែល​អះអាង​មូលហេតុថា ព្រោះតែ​ពួក​គេ​ជាមេខ្លោង​បង្ក​អំពើ​ហិង្សា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​ ការ​ចាប់ខ្លួន​នេះ គឺបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ​លោក អ៊ីមរ៉ាន់ ខាន់ ត្រូវ​ក្រុមទាហានប៉ារ៉ា ចុះមកចាប់ខ្លួនដល់តុលាការ កាលពីថ្ងៃអង្គារទី៩ឧសភា។  

ទិដ្ឋភាពនៅមុខ​តុលាការ​នៅគ្រាដែល​យោធា​ចាប់ខ្លួន​លោក អ៊ីមរ៉ាន់ ខាន់។​
ទិដ្ឋភាពនៅមុខ​តុលាការ​នៅគ្រាដែល​យោធា​ចាប់ខ្លួន​លោក អ៊ីមរ៉ាន់ ខាន់។​ AP - Muhammad Sajjad
ផ្សាយពាណិជ្ជកម្ម

​ជាច្រើន​ខែមកហើយ ប៉ាគីស្ថាន​ ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​លំបាក​មួយ​ជាន់ ហើយ​ពេល​នេះ ស្ថាន​ភាព​នយោបាយ​ក៏​កាន់តែ​ដុប​ដាប់​ខ្លាំងទៀត​។ បណ្តា​ប្រជាជន​ប៉ាគីស្ថាន ដែល​មា​នសមានចិត្ត​ស្រឡាញ់​គាំទ្រ​ លោក អ៊ីមរ៉ាន់ ខាន់ និង​គាំទ្រ​ដើមតាម​គណបក្ស​«ចលនា​ប៉ាគីស្ថានដើម្បី​យុត្តិធម៌​» PTI របស់​លោក គឺ​ បាន​នាំគ្នា​ចុះផ្លូវ​តវ៉ា​ប្រឆាំង​ប៉ុន្មា​នថ្ងៃ​មកនេះ ហើយ​អ្នក​ខ្លះ ប្តេជ្ញា​លពី​ជីវិត​ ដើម្បី​អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះទៀតផង។

បាតុករម្នាក់ ឈ្មោះ Niaz Ali នៅ​ក្រុង​ Peshawar បា​នថ្លែង​ប្រាប់​អ្ន​កកាសែត​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFPថា ពួក​យោធា​ចាប់ខ្លួនលោក អ៊ីមរ៉ាន់ ខាន់ ព្រោះតែចង់​បំបាក់​ស្មារតី​អ្នកគាំទ្រ ក៏ប៉ុន្តែ ពួកគេ ពួក​យោធា​​យល់​ច្រឡំហើយ ច្រឡំពីព្រោះថា ពួក​យើង​នឹងនៅតែ​ដើរ​តាម​លោក អ៊ីមរ៉ាន់ ខាន់ ជានិច្ច​ ហើយ​នឹង​គាំទ្ររូប​​លោក​រហូតទាល់តែ​​ដល់​ជីវិត​ចុងក្រោយ​។​

គួរ​ជ្រាបថា ក្រោយ​ពី​ចាប់ខ្លួន​លោក អ៊ីមរ៉ាន់ ខាន់ នៅថ្ងៃអង្គារ៍ ពួកយោធាប៉ាគីស្ថាន​ ក៏​បាន​ចាប់ខ្លួន​ថ្នាក់ដឹកនាំបក្ស​​«ចលនាប៉ាគីស្ថានដើម្បីយុត្តិធម៌» ៧នាក់​ ព្រមទាំង​ពួក​បាតុករ​ផ្សេងទៀត ចំនួន​ប្រមាណ​ ២ ពាន់នាក់ ក៏ត្រូវ​ចាប់ឃាត់ខ្លួន​ដែរ​។ ជាការ​សម្តែងកំហឹង​ប្រឆាំងបតវិញ​​ ឡាន​ ម៉ូតូ យានជំនិះមួយ​ចំនួន ​របស់​ពួក​អាជ្ញាធរ​ប៉ូលិស​ ត្រូវ​ពួក​បាតុករ​ដុត​កម្ទេច​ចោល។​ ​មន្ទីរពេទ្យ​បញ្ជាក់ថា យ៉ាងហោច​មា​ន​មនុស្ស​ ៦ នាក់​បា​នស្លាប់​ នៅក្នុងការ​ប៉ះទង្គិចគ្នា​រវាង​​បាតុករនិង​ប៉ូលិស។​

នៅថ្ងៃនេះ នគរបាល​ ​ដាក់​ពង្រាយកម្លាំង​​ពេញរដ្ឋធានី​អ៊ីស្លាម​ម៉ាបាត និង​នៅទីក្រុង​ Peshawar កន្លែងដែល​មាន​ប្រជាជន​រស់​នៅផ្តុំ​ច្រើន​ជាងគេ និងនៅ​ទីប្រជុំជន​ផ្សេងទៀត​។ អាជ្ញាធរ​ខាង​ទូរគមនាគមន៍​ ក៏បាន​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ិនធ័រនែត​ ហើយ​ត្បិតត្បៀត​រឹត​បន្តឹង​ការប្រើប្រាស់​បណ្តាញ​សង្គម ដូចជា ហ្វេសុបក ធ្វីតធ័រ ឬយូធូប។​​ ចំណែក​ឯ សាលា​រៀន​នៅទូទាំង​ប្រទេស​ ត្រូវ​បិទទ្វារ។ ការ​ប្រលង​ទាំងឡាយទាំងពួក​ ត្រូវ​លើកពេល​។

ប្រឈម​មុខ​ចំពោះ​សភាព​ការណ៍​បែបនេះ បណ្តាប្រទេស​នៅ​បស្ចិម​លោក បាន​អំពាវនាវ​ឲ្យ​ ប៉ាគីស្ថាន បន្ថាយ​ភាព​តាន​តឹង​ និង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ។ នៅថ្ងៃពុធ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ ​បាន​ដាស់តឿន​ឲ្យ​អាជ្ញាធរ​ប៉ាគីស្ថាន គោរព​នីតិរដ្ឋ​ ហើយ​ទម្លាក់​ចោល​សកម្មភាព​ដែល​បង្ក​ឲ្យ​​ប្រឈមមុខ​ដាក់​គ្នាកាន់តែខ្លាំង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ