អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន

ចិន និងអាមេរិក​រិះគន់គ្នាយ៉ាងចាស់ដៃ នៅកិច្ចប្រជុំស្តីពីសន្តិសុខអាស៊ី Shangri-la

នៅ​កិច្ចប្រជុំកំពូលស្តីពីសន្តិសុខអាស៊ី Shangri-la នៅប្រទេស​សិង្ហបុរី រដ្ឋមន្រ្តីការពារជាតិចិន លោក​លី ស្ហាំងហ្វូ​ នៅថ្ងៃ​អាទិត្យទី​៤មិថុនា បាន​ដំឡើងសំឡេងរិះគន់ខ្លាំងៗ ការប៉ុនប៉ង​បង្កើត​បក្សសម្ព័ន្ធ​នៅ​អាស៊ី ដែលមាន​ទម្រង់រូបរាង​ដូច បក្សសម្ព័ន្ធអូតង់។ សម្រាប់​រដ្ឋមន្រ្តីការពារជាតិចិន ការប្រមូលផ្តុំចងក្រងជាបក្សសម្ព័ន្ធរបស់ប្រទេស​មួយក្រុម​នឹងអាច​រុញច្រាន​អាស៊ីប៉ាស៊ីហ្វិក​ទៅក្នុង ជម្លោះ ប្រឈមមុខដាក់គ្នា នៅក្នុងតំបន់។ ការព្រមានរបស់ប្រមុខការពារជាតិចិន ធ្វើឡើង​នៅចំពេល​ក្រសួងការពារជាតិអាមេរិក​ខឹងសម្បារ ចោទប្រកាន់​កប៉ាល់ចិនថា បានធ្វើសកម្មភាព​ដ៏គ្រោះថ្នាក់ នៅក្បែរកប៉ាល់​ចម្បាំងអាមេរិក និងកាណាដា នៅ​ច្រកសមុទ្រ​តៃវ៉ាន់ កាលពីថ្ងៃ​សៅរ៍ម្សិលមិញ។

 រដ្ឋមន្រ្តីការពារជាតិ​ចិន លោកលី ស្ហាំងហ្វូ ឡើងថ្លែង​នៅក្នុងសន្និសីទ រៀបចំឡើងក្នុង​ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល សង់គ្រីឡា Shangri-la នៅប្រទេស​សិង្ហបុរី នៅថ្ងៃអាទិត្យទី ៤មិថុនា​២០២៣
រដ្ឋមន្រ្តីការពារជាតិ​ចិន លោកលី ស្ហាំងហ្វូ ឡើងថ្លែង​នៅក្នុងសន្និសីទ រៀបចំឡើងក្នុង​ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល សង់គ្រីឡា Shangri-la នៅប្រទេស​សិង្ហបុរី នៅថ្ងៃអាទិត្យទី ៤មិថុនា​២០២៣ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

ឡើងថ្លែង​នៅក្នុងសន្និសីទ រៀបចំឡើងក្នុង​ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល សង់គ្រីឡា Shangri-la នៅប្រទេស​សិង្ហបុរី រដ្ឋមន្រ្តីការពារជាតិ​ចិន លោកលី ស្ហាំងហ្វូ នៅថ្ងៃអាទិត្យនេះ បរិហាររិះគន់ខ្លាំងៗ ការប៉ុនប៉ង បង្កើតបក្សសម្ព័ន្ធ “បែបអូតង់” នៅអាស៊ីប៉ាស៊ីហ្វិក។ តាមប្រមុខការពារជាតិចិន ការប៉ុនប៉ង​ជំរុញ​ឲ្យមាន​បក្សសម្ព័ន្ធ​នៅអាស៊ីប៉ាស៊ីហ្វិក ជាមធ្យោបាយ​ចាប់ជំរិត​ប្រទេស​ក្នុងតំបន់ជា​ចំណាប់ខ្មាំង និង​បំប៉ោង​ជម្លោះ ព្រមទាំង​ការប្រឈមមុខដាក់គ្នា។ ជាលទ្ធផល វា​នឹង​រុញច្រាន​អាស៊ីប៉ាស៊ីហ្វិក​ទៅក្នុង​ខ្យល់គួច​នៃជម្លោះ ការស្អប់បែរខ្នងដាក់គ្នា។

សម្រាប់​លោករដ្ឋមន្រ្តីការពារជាតិចិន អាស៊ីប៉ាស៊ីហ្វិក សព្វថ្ងៃ​ត្រូវការ​ការសហការដោយបើកចំហរ ប៉ុន្តែ មិនមែនបក្សសម្ព័ន្ធ ប្រទេស​មួយក្រុមតូចៗ។ “គេ​មិនត្រូវ​ភ្លេចគ្រោះមហន្តរាយ​ដែលជា​លទ្ធផល​នៃ​សង្រ្គាមលោកទាំងពីរ ដែលបាន​បណ្តាល​ឲ្យ​ប្រជាជនគ្រប់ប្រទេស​ក្នុងលោក រងគ្រោះ។ គេ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ប្រវត្តិសាស្រ្ត​ដ៏ឈឺចាប់កើតឡើងសាជាថ្មី” នេះជាប្រសាសន៍របស់​លោកលី ស្ហាំងហ្វូ។

ប្រមុខការពារជាតិ​ចិន លោក​លី ស្ហាំងហ្វូ មិនបាន​និយាយរិះគន់​ចំឈ្មោះ ប៉ុន្តែ គេដឹងថា លោក​ចង់សំដៅ​ដល់​អាមេរិក ដែលចាប់ដៃ​ជាមួយ​អូស្ត្រាលី និងអង់គ្លេស​សម្រាប់​បក្សម្ព័ន្ធ AUKUS និង​សម្ព័ន្ធ​QUAD ដែលអាមេរិកចូលរួមបង្កើតជាមួយ អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន ក្នុងគោលដៅ​ទប់ទល់​ការពង្រីកដែនឥទ្ធិពលរបស់ចិន នៅអាស៊ី ប៉ាស៊ីហ្វិក។

ភាគីអាមេរិក​មិន​ទាន់ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​រដ្ឋមន្រ្តីការពារជាតិចិន ព្រោះថា រដ្ឋមន្រ្តីការពារជាតិអាមេរិកផ្ទាល់ នៅពេល​ឡើងថ្លែង​នៅក្នុង​កិច្ចប្រជុំកំពូល​ Shangri-la កាលពីថ្ងៃ​សៅរ៍ម្សិលមិញ ក៏បាន​បញ្ចេញ​សំឡេង​រិះគន់​ចិន និង​ចេញមុខ​ធានា​ការពារ​សម្ព័ន្ធមិត្ត ប្រទេសដៃគូ នៅចំពោះមុខ​ការគំរាមកំហែង កំញើញធ្វើបាប​របស់​កងទ័ពចិន នៅ សមុទ្រ​ចិនខាងត្បូង។

នៅថ្ងៃអាទិត្យនេះ ភាពតានតឹង អាមេរិក ចិន បានកើនឡើង​មួយកម្រិតទៀត បន្ទាប់ពី​កងទ័ពអាមេរិក​ខឹងសម្បារ ចោទប្រកាន់​កងទ័ពចិន​ថា បានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ សាជាថ្មីម្តងទៀត នៅច្រកសមុទ្រ​តៃវ៉ាន់។ តាម​សេចក្តីថ្លែងការណ៍​របស់​បញ្ជាការដ្ឋានកងទ័ពអាមេរិក កាលពីថ្ងៃសៅរ៍ កប៉ាល់ចិន​មួយគ្រឿង​បានបើកបត់ចុះ បត់ឡើង ជុំវិញ កប៉ាល់ចម្បាំងរបស់អាមេរិក USS Chung-Hoon​ដែលកំពុង​អមនាវាចម្បាំងកាណាដា នៅច្រកសមុទ្រ​តៃវ៉ាន់។ សម្រាប់​អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ដែលធ្វើដំណើរអម​លោក​រដ្ឋមន្រ្តីការពារជាតិ ឡយអូស្ទីន នៅ​សិង្ហបុរី អាមេរិក​នៅតែ​ព្រួយបារម្ភពីសកម្មភាពដ៏គ្រោះថ្នាក់របស់កងទ័ពជាតិចិន នៅក្នុងតំបន់។ ហេតុការណ៍ កាលពីថ្ងៃ​សៅរ៍ជាឧទាហរណ៍ជាក់ស្តែង។

កងទ័ពជាតិចិន​វិញ អះអាងថា កប៉ាល់ចិន​បានចេញទៅតាមដាន​ដំណើរគោចរ​របស់​កប៉ាល់ចម្បាំងទាំងពីរ​របស់​អាមេរិក និងកាណាដា នៅក្បែរកោះតៃវ៉ាន់ ដែល​ចិនអះអាងជាទឹកដីមួយផ្នែក​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ