អានតួអត្ថបទ

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកទាមទារឲ្យមានកិច្ចសន្ទនាផ្ទាល់រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង

ថ្ងៃ​សៅរ៍ ទី៨ កក្កដា​នេះ​ជា​ថ្ងៃទី២ នៃ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​ក្នុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្រ្តី​ចិន​លោក​ហ៊ី លីហ្វេង លោកស្រី​ចានែត យេលែន​បាន​ទាមទារ​ឲ្យ​មាន​កិច្ចសន្ទនា​ដោយ​ផ្ទាល់​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ទាក់ទង​នឹង​សំណុំរឿង​ដែល​មាន​បង្កប់​ដោយ​ភាព​មន្ទិលសង្ស័យ និង​ក្តីបារម្ភ។ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី លោកស្រី​ចានែត យេលែន​ក៏​ចង់​ឃើញ​អាមេរិក និង​ចិន​ចាប់​ដៃ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​លោក ពិសេស​ការ​ប្រែប្រួល​អាកាសធាតុ៕

​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​ និង​ឧបនាយករដ្ឋមន្រ្តី​ចិន​លោក​ហ៊ី លីហ្វេង ក្នុង​ក្រុង​ប៉េកាំងថ្ងៃទី៨ កក្កដា ២០២៣។
​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​ និង​ឧបនាយករដ្ឋមន្រ្តី​ចិន​លោក​ហ៊ី លីហ្វេង ក្នុង​ក្រុង​ប៉េកាំងថ្ងៃទី៨ កក្កដា ២០២៣។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្រ្តី​ចិន​លោក​ហ៊ី លីហ្វេង​ដែល​ទទួល​បន្ទុក​សំណុំរឿង​សេដ្ឋកិច្ច រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​បាន​និយាយ​ប្រាប់​លោក​ហ៊ី​ថា នៅ​ពេល​ដែល​អាមេរិក និង​ចិន​មាន​មន្ទិលសង្ស័យ និង​ក្តីបារម្ភ​ទាក់ទង​នឹង​សំណុំរឿង​សេដ្ឋកិច្ច​ពិសេស​ណា​មួយ អាមេរិក និង​ចិន​ត្រូវ​តែ​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់។ លោកស្រី​ចានែត យេលែន​បាន​បន្ថែម​ថា ទោះ​បី​ជា​អាមេរិក និង​ចិន​ទើប​ស្គាល់​ភាព​តានតឹង​ថ្មីៗ​រវាង​គ្នា​ក៏​ដោយ​ក៏​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ ២០២២ បាន​ឡើង​ដល់​កម្រិត​កំពូល​គួរ​ឲ្យ​កត់សម្គាល់។

ក្រៅ​ពី​ប្រធានរឿង​សេដ្ឋកិច្ច​ដែល​នៅ​តែ​មាន​ភាព​ប្រសើរ លោកស្រី​ចានែត យេលែន​បាន​ផ្តោត​លើ​ប្រធានរឿង​អាកាសធាតុ​ដែល​លោកស្រី​យល់​ថា កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​ចិន​ជា​រឿង​សំខាន់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ « ដោយសារ​អាមេរិក និង​ចិន​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាង​គេ​ក្នុង​លោក និង​ជា​អ្នក​វិនិយោគ​ធំ​ជាង​គេ​លើ​ថាមពល​កកើត​ឡើង​វិញ អាមេរិក និង​ចិន​មាន​ការ​ទទួល​ខុស​ត្រូវ​រួម និង​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ផ្លូវ »នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ចានែត យេលែន។

នៅ​ក្នុង​ន័យ​នេះ លោកស្រី​ចានែត យេលែន​បាន​លើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​ចិន​លើ​ហិរញ្ញប្បទាន​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​បាន​ស្នើ​ឲ្យ​ចិន​គាំទ្រ​បណ្តា​ស្ថាប័ន​ពហុភាគី​ដូច​យ៉ាង​មូលនិធិ​បៃតង​សម្រាប់​អាកាសធាតុ។ គួរ​បញ្ជាក់​ថា ចិន​បាន​ព្យួរ​កិច្ចចរចា​រឿង​អាកាសធាតុ​ជាមួយ​អាមេរិក​កាល​ពី​រដូវក្តៅ​ឆ្នាំ ២០២២ ដើម្បី​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​អតីត​ប្រធាន​សភា​អាមេរិក​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​នៅ​តៃវ៉ាន់។ តែ​ឥឡូវ​នេះ សញ្ញា​នៃ​ភាព​ធូរស្រាល​ហាក់​បាន​ផ្តើម​មាន​ជា​ថ្មី ពិសេស​តាម​រយៈ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​នៅ​ចិន។

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា ប្រេសិតពិសេស​អាមេរិក​ទទួល​បន្ទុក​សំណុំរឿង​អាកាសធាតុ​លោក​ចន ឃ៊ែរី​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​នា​ពេល​ខាង​មុខ​ដើម្បី​ជជែក​ជាមួយ​ចិន​ពី​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ