អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

សភាអាមេរិកបោះឆ្នោតយល់ព្រម ទទួល​យក​កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយតៃវ៉ាន់

សភាតំណាងអាមេរិក បានបោះឆ្នោតយល់ព្រមទទួលយកកិច្ចព្រមព្រៀងថ្មី​មួយ ដែលតំណាង​អាមេរិកបានចុះជាមួយ​កោះតៃវ៉ាន់ ដើម្បីពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្ម​។ កិច្ចព្រមព្រៀងនេះ នឹងត្រូវយក​ទៅ​ឆ្លងនៅព្រឹទ្ធសភាអាមេរិក​មួយដំណាក់ទៀត។ តែយ៉ាងណា ក្រសួងការបរទេសចិន បានប្រកាសថ្កោលទោស ថាការបោះឆ្នោតទទួលស្គាល់ជាផ្លូវការ​លើកិច្ចព្រមព្រៀងនេះ វាគឺជាការបំពាន​នឹង “គោលការណ៍​ចិនតែមួយ”។

American Institute in Taiwan (AIT) នៅទីក្រុងតៃប៉ិ ដែល​ជាស្ពានជំនួសឲ្យ​ស្ថានទូតអាមេរិក​ប្រចាំនៅតៃ​វ៉ាន់​
American Institute in Taiwan (AIT) នៅទីក្រុងតៃប៉ិ ដែល​ជាស្ពានជំនួសឲ្យ​ស្ថានទូតអាមេរិក​ប្រចាំនៅតៃ​វ៉ាន់​ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា ដោយតំណាង​រដ្ឋាភិបាលអាមេរិក និង​កោះតៃវ៉ាន់ កាលពីថ្ងៃទី១មិថុនានេះ បានកំណត់អំពី​ការពង្រឹង​ អភិវឌ្ឍន៍​ការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងសងខាង។ ការនេះ នឹងតម្រូវ​ឲ្យ​អាជ្ញាធររដ្ឋាភិបាលទាំងសងខាង រៀបចំ​ប្រព័ន្ធច្បាប់ និង​ក្រិត្យ​ក្រម​មួយចំនួន ឲ្យ​លក្ខណៈស្របគ្នា ជាក់ស្តែងនៅក្នុងវិស័យ​គយពន្ធដារ  ដែលគ្រប់គ្រងការនាំចូលនាំចេញទំនិញ ព្រមទាំងស្តង់ដារមួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុក​រលួយជាដើម​។​

កិច្ចព្រមព្រៀងនេះ ទើបតែត្រូវបាន​ សភាតំណាងបោះឆ្នោតទទួលយល់ព្រមនៅថ្ងៃទី២២មិថុនា ហើយ​ត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា។ កោះតៃវ៉ាន់ បាន​អបអរសាទរ និងចាត់ទុកកិច្ចព្រមព្រៀងទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។

ដោយឡែក ក្រសួងការបរទេសចិន បានប្រកាសថ្កោសទោស បន្ទាប់ពីបានដំណឹង​ថា​សភាអាមេរិក បានបោះឆ្នោតទទួលយកជាផ្លូវការនូវ​កិច្ចព្រមព្រៀងនេះ។ ភាគីចិនលើកឡើងថា កិច្ចព្រមព្រៀងនេះ វាបានបំពានយ៉ាង​ស្រស់ៗ ទៅលើការសន្យា ដែលសហរដ្ឋអាមេរិកបាន​សច្ចាជាមួយចិន ថានឹងមានទំនាក់ទំនងជាមួយតៃវ៉ាន់ តែជាលក្ខណៈក្រៅផ្លូវការតែប៉ុណ្ណោះ។ ក្រសួងការបទេសចិន បន្តថា តែនេះ សហរដ្ឋអាមេរិកបែរជាបាន ចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយតៃវ៉ាន់ ដែលជាដែនដីរបស់ចិន ហើយកិច្ចព្រមព្រៀងនេះត្រូវបានសភាអាមេរិកអនុម័តយល់ព្រមទៀត។

នៅក្នុងលិខិតប្រកាសថ្កោលទោសនេះ ក្រសួងការបរទេសចិន បានទាមទារថា ភាគី​សហរដ្ឋ​អាមេរិក ត្រូវតែដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាបន្ទាន់ ហើយត្រូវតែឈប់ ជំរុញឬផ្តល់ក្តីសង្ឃឹម ឲ្យ​ភាគីតៃវ៉ាន់ដើរលើក្តីសង្ឃឹមថានឹងបានឯករាជ្យ តទៅទៀត ព្រោះថាធាតុពិត ក្តី​សង្ឃឹមនេះ វាគឺជា​ការភ័ន្តច្រឡំទាំងស្រុង។​

សូមរំលឹកថា នៅឆ្នាំ​១៩៩៤ អាមេរិកនិងតៃវ៉ាន់ មាន​ “ក្របខណ្ឌ” ទំនាក់ទំនងជាមួយគ្នា លើវិស័យ​ ពាណិជ្ជកម្ម និង​ការវិនិយោគ។ តាមរយៈក្រមខណ្ឌពិសេសនេះ អាមេរិកគឺជាអ្នក​ផ្គត់ផ្គង់គ្រឿងសព្វាវុធធំជាងគេបង្អស់មកឲ្យតៃវ៉ាន់​។

គួរ​​បញ្ជាក់ដែរ​ថា ដោយអនុលោមតាមគោលការណ៍ចិនតែមួយ គឺសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់នោះទេ។ ទំនាក់ទំនងដែលមាន រវាងអាមេរិកនិងតៃវ៉ាន់ គឺជាទំនាក់ទំនងក្រៅផ្លូវការ ដោយ​គេប្រើ​ វិទ្យាស្ថានអាមេរិកប្រចាំប្រចាំ​តៃវ៉ាន់ ធ្វើជាស្ពាន ជំនួសឲ្យ​ស្ថានទូត។ គឺវិទ្យាស្ថានអាមេរិកប្រចាំនៅតៃវ៉ាន់នេះហើយ ដែលបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងកាលពី​ថ្ងៃទី​១មិថុនា ជាមួយ​ការិយាល័យ​សេដ្ឋកិច្ច​និងវប្បធម៌តៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ