អានតួអត្ថបទ
ចិន-បារាំង

ចិនប្រាប់បារាំងថា ប្រាថ្នាចង់ធ្វើឲ្យ​សហប្រតិបត្តិជាមួយបារាំង កាន់តែស៊ីជម្រៅគ្រប់វិស័យ

កាលពីថ្ងៃទី​២៩កក្កដា លោករដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​បារាំង បានទៅចូលរួម​វេទិកាសន្ទនា​ បារាំង-ចិន នៅឯទីក្រុងប៉េកាំង។ នៅក្នុងឱកាសនោះ ភាគីចិន បាន​លើកឡើងថា ចិនពិតជាមានចេតនា ក្នុងការ​ពង្រឹង ពង្រីក ធ្វើឲ្យ​ចំណងសហប្រតិបត្តិការជាមួយ​បារាំង កាន់តែស៊ីជម្រៅប្រសើរឡើង គ្រប់វិស័យទាំងអស់។ គួរកត់សំគាល់ថា ក្នុង​អំឡុងពេលនេះ បារាំងក៏ដូចជា​​ប្រទេសអឺរ៉ុបផ្សេងទៀត បានបង្ហាញជំហរ ចង់ឈប់ពឹងផ្អែកខ្លាំងជ្រុលពេក ទៅលើទំនិញ និង​ទីផ្សាររបស់ចិន​។​

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង​ Bruno Le Maire និងលោក​ឧបនាយករដ្ឋមន្ត្រីចិន He Lifeng ក្នុងពេលធ្វើសន្និសីទកាសែតរួម​គ្នា ក្រោយចប់វេទិកា 9th China-France High Level Economic and Financial Dialogue ក្នុងប៉េកាំង ថ្ងៃទី​២៩កក្កដា២០២៣
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង​ Bruno Le Maire និងលោក​ឧបនាយករដ្ឋមន្ត្រីចិន He Lifeng ក្នុងពេលធ្វើសន្និសីទកាសែតរួម​គ្នា ក្រោយចប់វេទិកា 9th China-France High Level Economic and Financial Dialogue ក្នុងប៉េកាំង ថ្ងៃទី​២៩កក្កដា២០២៣ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

លោក He Lifeng ឧបនាយករដ្ឋមន្ត្រី​ចិន បាន​ថ្លែងប្រាប់ លោក ​Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​បារាំង​ ថាចិន ចង់ធ្វើឲ្យ​សហប្រតិបត្តិការ​រវាងបារាំងនិងចិន កាន់តែស៊ីជម្រៅ ក្នុងវិស័យជាច្រើន មិនថាសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬពាណិជ្ជកម្ម ព្រមទាំងវិស័យវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាទំនើបផងដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី​ចិន បានបន្ថែមថា ចិនក៏ចង់ឃើញភាគីបារាំង ប្រឹងប្រែងដែរ ក្នុងការស្តារពង្រឹង​ទំនាក់ទំនង រវាងចិននិងសហភាពអឺរ៉ុប ឲ្យ​កាន់តែ​ល្អប្រសើរ។ ទំនាក់ទំនងបារាំង-ចិន ដែល​លោក​ He Lifeng បានចាត់ទុកថា ស្ថិតនៅ​លើ​មាគ៌ាដ៏ត្រឹមត្រូវ។

សូមបញ្ជាក់ថា ចិន​គឺជាដៃគូពាណិជ្ជកម្ម​ធំទី​៣សម្រាប់​បារាំង បន្ទាប់ពីសហភាព​​អឺរ៉ុប និងសហរដ្ឋអាមេរិក​។ ក៏ប៉ុន្តែ សហគ្រាសបារាំងកាន់តែច្រើន បានបង្ហាញ​ការព្រួយបារម្ភ ដោយសារតែខ្លាចក្រែង ត្រូវ​ស្ថិតនៅលើ​ផ្លូវខ្វែង​នៃ​ការ​ប្រជែងឥទ្ធិពល ក៏ដូចជា​វិវាទពាណិជ្ជកម្ម​រ​វាងមហាយក្សទាំង២ គឺ​ចិន​និងអាមេរិក​។ បន្ថែមពីនេះ​ទៀត កាលពី​ខែមិថុនា ប្រទេសសមាជិកសហភាពអឺរ៉ុប បានសម្រេចជាឯកច្ឆ័ន្ទ ដាក់ចេញនូវទណ្ឌកម្ម​កញ្ចប់ទី​១១ទៅលើរុស្ស៊ី ដែលធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន​។ ទណ្ឌកម្ម​ដែល​អាចនឹង​ប៉ះពាល់ទៅលើក្រុមហ៊ុនចិន ដែលគេចាត់ទុកថាបានជួយរុស្ស៊ី ក្នុងការបង្វែងទណ្ឌកម្ម​ ដែលអឺរ៉ុបបានដាក់​កន្លងមក។​

នៅប៉េកាំង លោក ​Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបារាំង បាន​លើកឡើង មានសំណុំរឿង៣ធំៗ​ ដែលបារាំងនិងចិន ត្រូវរួមគ្នាដោះស្រាយ។ ទីមួយគឺ សំណុំរឿងអន្តរកម្មថាមពល ទី២គឺការ​រៀបចំឡើងវិញ នូវបណ្ដាញតម្លៃ​ ហើយទី៣ គឺ​ការធ្វើអភិវឌ្ឍន៍ឈានឡើង ផ្នែក​បច្ចេកវិទ្យា  ដោយធ្វើយ៉ាងណា បើកទីផ្សារ​ចិនឲ្យ​ក្រុមហ៊ុន​សហគ្រាសបារាំង ក្នុង​វិស័យធនាគារ នុយក្លេអ៊ែរ គ្រឿងសំអាង និង​កសិកម្ម​ផងដែរ។

លោករដ្ឋមន្ត្រីបារាំង បាន​បន្ថែមថា វាជារឿងចាំបាច់ពិតមែន ដែលត្រូវតែពង្រឹងសហប្រតិបត្តិការ ដូច្នេះគឺត្រូវ​តែ​ប្រើប្រាស់ឱកាសនេះដើម្បី​ជជែកពិភាក្សាគ្នា​។ បន្ថែមពីនេះដែរ លោក​រដ្ឋមន្ត្រីបារាំង បានអះអាងប្រាប់ភាគីចិនថា បារាំងអាចពិចារណា ទទួលស្វាគមន៍​ការវិនិយោគរបស់ចិន ក្នុងវិស័យសំខាន់ៗមួយចំនួន ជាក់ស្តែង វិស័យបច្ចេកវិទ្យាទំនើប មិនថាក្នុង ឬនៅក្រៅ​​វិស័យពាក់ព័ន្ធនឹងអធិបតេយ្យភាព​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ