អានតួអត្ថបទ
ចិន-ទឹកជំនន់

ចិន៖ ទឹកជំនន់ធ្ងន់ធ្ងរនៅ​ខេត្តក្វាងទុង ស្លាប់​យ៉ាងហោច៣នាក់ បាត់ខ្លួនជាង​១០នាក់

ភ្លៀងធ្លាក់យ៉ាងគំហុក២ថ្ងៃមកហើយ នៅ​ក្នុងខេត្ត​ក្វាងទុង ភាគខាងអាគ្នេយ៍​ប្រទេសចិន។ ទឹកជំនន់​បានជន់លិច​នៅ​តាម​ទីក្រុង​ធំៗមួយចំនួន​ក្នុងខេត្តនេះ និង​បានបង្កឲ្យ​ដីបាក់រមៀល។ យោងតាមអាជ្ញាធរចិន គិតត្រឹមរសៀលថ្ងៃចន្ទ ទី​២២មេសា​​ មានមនុស្ស​ស្លាប់យ៉ាងហោច​៣នាក់ និង​​បាត់ខ្លួនជាង១០​នាក់ ព្រមទាំង​​ច្រើនម៉ឺននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសំបែង ទៅកាន់ទីកន្លែងមានសុវត្ថិភាព​។

ទីក្រុង Qingyuan ស្ថិតនៅខាងជើងក្រុងក័រតុង ខេត្តក្វាងទុង មើលពីលើអាកាស ថ្ងៃទី​២២ មេសា ២០២៤
ទីក្រុង Qingyuan ស្ថិតនៅខាងជើងក្រុងក័រតុង ខេត្តក្វាងទុង មើលពីលើអាកាស ថ្ងៃទី​២២ មេសា ២០២៤ AFP - STR
ផ្សាយពាណិជ្ជកម្ម

ព្យុះទឹកភ្លៀងបានបោកបក់យ៉ាងខ្លាំង ធ្វើឲ្យទឹកទន្លេ ទឹកស្ទឹងនៅក្នុងខេត្ត​ក្វាងទុង ភាគ​អាគ្នេយ៍ប្រទេសចិន ឡើងជន់ហូរគួចត្របាញ់ លាយឡំនឹងដីភក់​​។ អាជ្ញាធរចិន​បានបារម្ភថា មហន្តរាយទឹកជំនន់លើកនេះ ប្រហែលជាទឹកជំនន់​ដ៏ធ្ងន់ធ្ងរបំផុត​មិនធ្លាប់​មាន សម្រាប់ខេត្ត​ក្វាងទុង។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ដែលស្រង់ប្រភពពី​មន្ត្រីសង្គ្រោះ​បន្ទាន់​ចិន គិតត្រឹមរសៀលថ្ងៃ​ចន្ទទី​២២​មេសា គឺគេបានរកឃើញសាកសពមនុស្ស​ចំនួន​៣នាក់ នៅតំបន់​ Zhaoqing ភាគខាងលិច​ក្រុងក័ងតុង។ ក្រៅពីនេះ នៅ​​មានមនុស្សជាង១០នាក់ទៀត ដែលបាត់​ខ្លួននៅឡើយ​។ ចំណែកបណ្តាញ​ទូរទស្សន៍ CCTV បានផ្សាយ​កាលពីថ្ងៃអាទិត្យថា ទឹកភ្លៀងជោគជាំខ្លាំង​ បាន​បណ្តាល​ឲ្យដី​បាក់ នៅក្រុង Jianwan ភាគខាងជើងខេត្ត ហើយ​មានមនុស្ស​ច្រើននាក់ជាប់​ក្នុងនោះ​។

យ៉ាងហោចណាស់ មនុស្សចំនួន​៥៣០០០នាក់ ត្រូវបាន​អាជ្ញាធរ​ជម្លៀសចេញពីផ្ទះសម្បែង​ យកទៅ​ស្នាក់​នៅបណ្តោះអាសន្ន​នៅទីកន្លែងមានសុវត្ថិភាព។ ទីភ្នាក់ងារព័ត៌មានចិន​​ Xinhua ដដែលបាន​ផ្សាយ​ថា តំបន់​ដែលមានមនុស្សត្រូវភៀសខ្លួនច្រើនជាងគេ គឺនៅ​ទីក្រុង Qingyuan ស្ថិតនៅតាមដងទន្លេ Beijiang ចំងាយ​ប្រមាណ​៦០គីឡូម៉ែត្រ ខាងជើង​ទីក្រុង​ក័ងតុង។

ការិយាល័យ​ឧតុនិយមចិនបានប្រកាសអាសន្នថា ទឹកភ្លៀងអមដោយ​ខ្យល់បោកបក់​ខ្លាំង នឹង​បន្តបោកសង្គ្រុបទៅ​លើ​ទីក្រុង​ឆិនចិន ជាប់​និងទីក្រុងហុងកុង នៅថ្ងៃចន្ទទី​២២មេសានេះ​។ សូមបញ្ជាក់ថា ខេត្តក្វាងទុង ជាខេត្តដែលមានជាងគេ​របស់ចិន ហើយក៏ជាខេត្ត​ដែល​មានប្រជាជនច្រើនជាងគេ ចំនួន​១២៧លាននាក់​។ ចំណែក​ទីក្រុងឆិនចិន គឺជា​ទី​ប្រជុំ​នៃ​​ទី​ស្នាក់​ការ​ក្រុមហ៊ុន​បច្ចេកវិទ្យាចិន​ ​សឹងតែទាំងអស់។ ផ្នែកខ្លះនៃខេត្តជាប់ជិតខាងខេត្តក្វាងទុង ដូចជាខេត្ត Jiangxi និង​ខេត្ត Fujian ក៏ស្ថិតនៅក្នុង​គ្រោះអាសន្ន​ដោយសារតែជំនន់ទឹកភ្លៀងធ្លាក់យ៉ាងគំហុកដែរ កាលពីថ្ងៃអាទិត្យទី​២១មេសា​។

គួរកត់សំគាល់ថា គ្រោះមហន្តរាយ​ជំនន់ទឹកភ្លៀង​ មិនមែនជារឿងចម្លែកប៉ុន្មានទេ សម្រាប់ភាគខាងត្បូងប្រទេសចិន ជាពិសេសនៅ​រដូវ​ក្តៅ​ចាប់ពីខែ​កក្កដាទៅ​។ តែយ៉ាងណា យោងតាមអ្នកជំនាញវិទ្យាសាស្ត្រ​ ​ប៉ុន្មានខែមកនេះ ចិន​បានឆ្លងកាត់នូវ​លក្ខខណ្ឌ​ឧតុនិយម​យ៉ាងចម្លែក និង​ភ្លាមៗមួយរំពេច ដោយសារតែវិបត្តិ​ប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹង​ភ្លៀងធ្លាក់យ៉ាងគំហុក​បង្កជាទឹកជំនន់ នៅខេត្តខ្លះវិញ​ មាន​​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ អមដោយ​រលកកំដៅ​ក្តៅហួតហែងនៅកន្លែងខ្លះ។ ផ្អែក​តាម​អ្នកវិទ្យាសាស្ត្រ វិបត្តិអាកាសធាតុបង្កឡើងដោយ​ការកើនឡើងកំដៅផែនដី បានញ៉ាំងឲ្យ​មហន្តរាយគ្រោះធម្មជាតិកើតមានកាន់តែញឹកញាប់ កាន់តែកាចសាហាវ និងទាន់ហន់ពិបាក​ស្មានដឹងមុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ