អានតួអត្ថបទ
សាឡូម៉ុង-ចិន

នាយករដ្ឋមន្រ្តីកោះសាឡូម៉ុងរិះគន់អ្នកដែលបារម្ភពីកិច្ចព្រមព្រៀងសន្តិសុខ ចិននិងសាឡូម៉ុង

នាយករដ្ឋមន្រ្តីរបស់កោះសាឡូម៉ុង បានចេញមុខការពារសិទ្ធិស្របច្បាប់របស់ប្រទេសលោក ក្នុងការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិន។ ថ្លែង នៅសភាសាឡូម៉ុង កាលពីថ្ងៃអង្គារទី ២៩មីនា ប្រមុខរដ្ឋាភិបាលកោះសាឡុងម៉ុងបានទាត់ចោល ក្តីបារម្ភ របស់ អូស្ត្រាលី និងនូវែលសេឡង់ ដែលថា កិច្ចព្រមព្រៀងស្តីពីសន្តិសុខរវាងចិន និងសាឡូម៉ុងគំរាមកំហែង ស្ថិរភាព និងសន្តិសុខរបស់តំបន់ប៉ាស៊ីហ្វិក។

នាយករដ្ឋមន្រ្តីប្រទេស​កោះ សាឡូម៉ុង លោក​Manasseh Sogavareពេល​ធ្វើ​ទស្សនកិច្ច​នៅទីក្រុង​ប៉េកាំង នៅ​​ខែ​តុលា​ឆ្នាំ ២០១៩
នាយករដ្ឋមន្រ្តីប្រទេស​កោះ សាឡូម៉ុង លោក​Manasseh Sogavareពេល​ធ្វើ​ទស្សនកិច្ច​នៅទីក្រុង​ប៉េកាំង នៅ​​ខែ​តុលា​ឆ្នាំ ២០១៩ REUTERS - THOMAS PETER
ផ្សាយពាណិជ្ជកម្ម

នៅសភាសាឡូម៉ុង លោក​នាយករដ្ឋមន្រ្តី​Manasseh Sogavare​បាន​ឡើង​ថ្លែង​សុន្ទរកថា ដ៏រំជួលចិត្តមួយ ដោយ​ថា វា​ជា​ការជេរប្រមាថ នៅពេលគេ​ចាត់ទុក​កោះសាឡូម៉ុងថា ​គ្មាន​សមត្ថភាព​ចាត់ចែង​កិច្ចការ​អធិបតេយ្យភាព​របស់ខ្លួន។ “តើ​ពាក្យគ្មានខ្លឹមសារ​នោះ​បានមកពីណា? កិច្ចព្រមព្រៀង​សន្តិសុខ រវាង​ចិន និង​សាឡូម៉ុង ធ្វើឡើង​ទៅតាម​ការចង់​បាន​របស់​សាឡូម៉ុង ប៉ុន្តែ មិនមែន​សាឡូម៉ុង​ស្ថិតនៅក្រោម​សម្ពាធ​របស់​ប្រទេស​មិត្តថ្មីនោះទេ”។ នេះជាប្រសាសន៍​របស់​ប្រមុខរដ្ឋាភិបាល​សាឡូម៉ុង។

នាយករដ្ឋមន្រ្តីរបស់​កោះសាឡូម៉ុង បានទាត់ចោល​ការចុះផ្សាយ​របស់​កាសែត​អូស្ត្រាលី ដែលថា ប្រទេស​កូនកោះ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយនេះ​បាន​រងការដាក់​សម្ពាធ​ពី​ប្រទេសចិន។

តាម​លោកនាយករដ្ឋមន្រ្តី Sogavare ដំណើរការចរចាកិច្ចព្រមព្រៀង​សន្តិសុខចិន សាឡូម៉ុង​បានបិទបញ្ចប់ ដោយ​គេនៅរង់ចាំ​តែ​ការចុះហត្ថលេខា​តែប៉ុណ្ណោះ។ ប្រមុខរដ្ឋាភិបាល​កោះសាឡូម៉ុង​មិនបាន​លម្អិត​ពីខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ ជាមួយចិន ប៉ុន្តែ តាម​សេចក្តីព្រាង ដែលបាន​បែកលេចធ្លាយ និង​ចុះផ្សាយ​ដោយ​កាសែត​អូស្ត្រាលី ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន ​កិច្ចព្រមព្រៀងស្តីពីសន្តិសុខ ចិន និង សាឡូម៉ុង នឹង​អនុញ្ញាតឲ្យ​ចិន​បញ្ជូន​កងទ័ព និង​នាវាចម្បាំង​ទៅចតចូល​កោះសាឡូម៉ុង។

សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ​ចិន និង​សាឡូម៉ុង បាន​ធ្វើឲ្យ​ អូស្ត្រាលី និង​នូវែលសេឡង់​ព្រួយបារម្ភខ្លាំងជាងគេ ក្នុងហេតុផលថា វត្តមាន​របស់​កងទ័ព​ចិន​នៅ​ប្រទេស​កោះ សាឡូម៉ុង ដែល​ស្ថិតនៅ​ចម្ងាយ​ពីអូស្ត្រាលី​តែ ២០០០គីឡូម៉ែត្រ​នឹងជំរុញ​ឲ្យកើតមាន​អស្ថិរភាព​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក។

សេចក្តីព្រាង​បាន​លម្អិតផងដែរ​ពីការពង្រាយ​ទ័ពចិន ដើម្បី​ទៅការពារ​សុវត្ថិភាព​របស់​ជនជាតិ ចិន និង​គម្រោងវិនិយោគ​របស់​ចិន នៅលើ​កោះសាឡូម៉ុង។ ចំណែក​អាជ្ញាធរ​សាឡូម៉ុង​វិញ គឺ​អាចស្នើសុំ​ជំនួយ​ជា​ប៉ូលិស ទាហាន​ចិន សម្រាប់​ស្តារសណ្តាប់ធ្នាប់ និង​ធានាសន្តិសុខ​នៅលើប្រទេស​កូនកោះ​មួយនេះ។

នៅថ្ងៃអង្គារ នាយករដ្ឋមន្រ្តី​សាឡូម៉ុង​បាន​បញ្ជាក់ថា ទោះចុះកិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយចិន ប៉ុន្តែ សាឡូម៉ុង​នៅតែ​ចាត់ទុក អូស្ត្រាលី និងនូវែលហ្សេឡង់ ជា​ដៃគូដ៏សំខាន់ ដែល​សាឡូម៉ុង​ត្រូវការ​សុំជំនួយ សម្រាប់​កាលៈទេសៈ​ចាំបាច់ណាមួយ។

អូស្ត្រាលី ហ្វីជី នូវែលសេឡង់​ធ្លាប់បានបញ្ជូន​កងទ័ព​ពិសេស​ទៅ​សាឡូម៉ុង កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន នៅពេល​ក្រុមកុប្បករ​ចូលដុតសភា និង​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង។

កុប្បកម្ម​នៅកោះសាឡូម៉ុង បាន​ផ្ទុះឡើង មួយផ្នែក ដោយសារ​ជម្លោះ​ផលប្រយោជន៍​រវាង​មេដឹកនាំ​កូនកោះ ការគ្មានការងារធ្វើ ប៉ុន្តែ​វា​កើតចេញមកពី​រលក​ស្អប់​វត្តមាន​ចិន​នៅលើ​កោះសាឡូម៉ុង បន្ទាប់ពី នាយករដ្ឋមន្រ្តី Sogavare ​បានប្រកាស​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ តៃវ៉ាន់ និង​បែរងាក​ទៅ​ចាប់ដៃ​ជាមួយ​ចិន នៅ​ឆ្នាំ ២០១៩។ នៅក្នុង​កុប្បកម្ម​រយៈពេល៣ថ្ងៃ នៅ​ខែ​វិច្ឆិកា ក្រុមហ៊ុន​ចិន​បានក្លាយផងដែរ​ជា​ផ្ទាំងស៊ីបដុតបំផ្លាញ​របស់​ក្រុមបាតុករ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ