អានតួអត្ថបទ
បារាំង-អាហ្វ្រិក​

បារាំង​លើក​ការ​ប្រជុំ​ជាមួយ​ក្រុម​ប្រទេស​សាហ៊ែល ក្រោយ​ការ​វាយ​ប្រហារ ស្លាប់​ទាហាន​នីហ្សេ​៧១​នាក់

កាលពីថ្ងៃអង្គារទី១០ធ្នូ​ មានហេតុការណ៍វាយប្រហារមួយ បង្កឡើងដោយ​ក្រុម​ឧទ្ទាម​ភេរវកម្ម​ ឆ្មក់វាយ​កងទ័ពប្រទេសនីហ្សេ នៅឯបន្ទាយមួយ​ភាគខាងលិចប្រទេស។ ទាហាន​នីហ្សេ ស្លាប់ចំនួន​៧១នាក់ របួស១២នាក់ និងបាត់ខ្លួនជាច្រើននាក់។ ហេតុការណ៍នេះ បាន​បង្ខំ​ឲ្យ​ប្រធានាធិបតី​​ប្រទេស​នីហ្សេ ស្នើសុំទៅ​លោកប្រធានាធិបតីបារាំង ឲ្យ​លើក​ពេលប្រជុំ ជាមួយ​មេដឹកនាំ​ប្រទេស​តំបន់​សាហ៊ែល ដែល​បាន​គ្រោងធ្វើ​នៅថ្ងៃ​ទី​១៦​ធ្នូ​ខាងមុខនេះ។

ទាហានបារាំងនៃប្រតិបត្តិការ​ Barkhane ​នៅ​តំបន់​ Ansongo ប្រទេសម៉ាលី ​Mali។ ថ្ងៃទី​​១៥ តុលា ២០១៧​
ទាហានបារាំងនៃប្រតិបត្តិការ​ Barkhane ​នៅ​តំបន់​ Ansongo ប្រទេសម៉ាលី ​Mali។ ថ្ងៃទី​​១៥ តុលា ២០១៧​ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិនីហ្សេ បានឲ្យដឹងថា ហេតុការណ៍វាយប្រហារ កាលពីថ្ងៃអង្គារទី​១០ធ្នូ គឺជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ មិនធ្លាប់មាន ដោយ​ក្រុមឧទ្ទាម​ជីហាត​ភេរវកម្ម បាន​ឆ្មក់វាយ​មកលើ​បន្ទាយ​របស់​កងទ័ពនីហ្សេ។ ក្រុមជីហាតភេរវកម្ម បានបាញ់ផ្លោងគ្រាប់កាំភ្លើង​ធំ និងបានបញ្ជារថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត ថែមទៀតផង។ ក្នុងហេតុការណ៍នេះ ទាហាន​នីហ្សេ​ស្លាប់​៧១នាក់ របួស១២នាក់ នឹងបាត់ខ្លួនជាច្រើននាក់ទៀត។ កងទ័ព​នីហ្សេ ក៏​បាន​​សម្លាប់​ជនជីហាត​ភេរវកម្ម បាន​មួយចំនួនដែរ។

ដោយមានការស្នើសុំពី​លោកប្រធានាធិបតី​នីហ្សេ លោកម៉ាក្រុងប្រធានាធិបតីបារាំង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការណាត់ជួបប្រជុំជាមួយមេដឹកនាំប្រទេសតំបន់សាហ៊ែល ដែលគ្រោងធ្វើនៅ​ថ្ងៃទី១៦ធ្នូ នៅឯទីក្រុងប៉ូ ភាគ​នីរតីប្រទេសបារាំងនោះ នឹងត្រូវលើកទៅធ្វើនៅដើមឆ្នាំ២០២០វិញ។

សូមរំលឹកថា លោកម៉ាក្រុងបានអញ្ជើញមេដឹកនាំក្រុមប្រទេសសាហ៊ែល ទាំង៥ប្រទេស​គឺ ម៉ាលី បួគីណាហ្វាសូ នីហ្សេ ឆាត និងម៉ូរីតានី មកប្រជុំគ្នា ដើម្បីនិយាយអំពី​អន្តរាគមន៍របស់កងទ័ពបារាំង នៅតំបន់នោះ។ គួរបញ្ជាក់ថា ក្រោយហេតុការណ៍ធ្លាក់​ឧត្ថម្ភាគចក្រ ស្លាប់ទាហានបារាំងចំនួន​១៣នាក់នៅប្រទេសម៉ាលី មតិសាធារណៈបារាំង ចាប់ផ្តើមចោទសួរ អំពីថាតើបារាំង គួរបន្តវត្តមានកងទ័ព នៅតំបន់សាហ៊ែលដែរឬទេ។

បើផ្អែកតាមប្រភពពីវិមានអេលីហ្សេ លោកម៉ាក្រុង បានយល់ពីការព្រួយបារម្ភរបស់​មតិសាធារណៈ ទើបបានជាលោកកោះប្រជុំជាមួយមេដឹកនាំនៃប្រទេសសាហ៊ែល។ កម្មវត្ថុ​របស់លោកម៉ាក្រុង គឺធ្វើយ៉ាងណា ឲ្យប្រទេសទាំង៥នៃតំបន់សាហ៊ែលនេះ ទទួលស្គាល់​ជាសាធារណៈថា ខ្លួនត្រូវការវត្តមានរបស់កងទ័ពបារាំង ដើម្បីជួយ ក្នុងការ​​​បង្រ្កាបក្រុម​ជីហាតភេរវកម្ម ដែលកំពុងតែ​ទន្ទ្រានបង្កអស្ថិរភាពនៅតំបន់នោះ។

ប្រភពស្និទនឹងលោកប្រធានាធិបតីបារាំង អះអាងថា លោកម៉ាក្រុង មិនចង់ឲ្យគេគិតថា បារាំងទៅចូលលូកដៃ ដោយអាងថាខ្លួនជាមហាអំណាច ធ្លាប់ដាក់អាណានិគមនោះឡើយ។ បើសិនជាក្រុមប្រទេសសាហ៊ែល មិនទទួលស្គាល់ ថាខ្លួនត្រូវការបារាំងជួយនោះទេ នោះលោកម៉ាក្រុង នឹងពិចារណារឿងដកទាហានបារាំង ទាំងអស់ចេញពីតំបន់នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ