អានតួអត្ថបទ

FAAH៖ ពួកជីហាតអង្គការរដ្ឋអ៊ីស្លាម ប្រហារជីវិតចំណាប់ខ្មាំង ៤ នាក់នៅនីហ្សេរីយ៉ា

ចំណាប់ខ្មាំងជនជាតិ នីហ្សេរីយ៉ាចំនួន ៤ នាក់ ក្នុងចំណោមចំណាប់ខ្មាំងសរុប៦ នាក់ ត្រូវបានសម្លាប់ ដោយក្រុមសកម្មប្រយុទ្ធជីហាត ក្រោយរងការចាប់ខ្លួនអស់រយៈពេលប្រមាណជា ៥ ខែរួចមក។ នេះ គឺការបញ្ជាក់ឲ្យដឹងពី អង្គការក្រៅរដ្ឋាភិបាលបារាំង ធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន នៅនីហ្សេរីយ៉ា ហៅកាត់ថា FAAH។ FAAH មិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណជនរងគ្រោះឡើយ ហើយគ្រាន់តែនិយាយថា ក្នុងចំណោមអ្នកស្លាប់ មានម្នាក់ជាបុគ្គលិករបស់ខ្លួន និងពីររូបទៀតជាអ្នកបើកបររថយន្ត។

ក្រុមសន្តិសុខនីហ្សេរីយ៉ា ដើរក្បែរតុលាការកំពូល Kaduna ក្នុងអំឡុងពេលបើកសវនាការ កាត់ក្តីមេដឹកនាំជីហាតម្នាក់ឈ្មោះ Sheikh Ibrahim Zakzaky នៅប្រទេសនីហ្សេរីយ៉ាថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០១៩។
ក្រុមសន្តិសុខនីហ្សេរីយ៉ា ដើរក្បែរតុលាការកំពូល Kaduna ក្នុងអំឡុងពេលបើកសវនាការ កាត់ក្តីមេដឹកនាំជីហាតម្នាក់ឈ្មោះ Sheikh Ibrahim Zakzaky នៅប្រទេសនីហ្សេរីយ៉ាថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០១៩។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចំណាប់ខ្មាំងចំនួន ៤ នាក់ ត្រូវពួកជីហាតប្រហារជីវិត អង្គការមនុស្សធម៌បារាំង FAAH តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានសម្តែងនូវការសោកស្តាយ និងថ្កោលទោសជាខ្លាំងចំពោះ សកម្មភាពកាប់សម្លាប់ដ៏ឃោរឃៅបែបនេះ។ ជាមួយគ្នានេះ អង្គការ ក៏បានការអំពាវនាវដោយទទូចផងដែរ ឲ្យមានការដោះលែងចំណាប់ខ្មាំងនៅរស់ ២ រូបទៀត ដែលជាបុគ្គលិករបស់ក្រសួងសុខាភិបាលនីហ្សេរីយ៉ា។

គួរគជ្រាបជូនថា រហូតមកដល់បច្ចុប្បន្ននេះ អសន្តិសុខ នៅក្នុងប្រទេសនីហ្សេរីយ៉ា បានអូសបន្លាយ ប្រមាណជាមួយទសវត្សរ៍មកហើយ ដោយសារតែមានការបះបោះប្រឆាំង ពីពួកជីហាត អង្គការរដ្ឋអ៊ីស្លាម។

ភាពវឹកវរក្នុងរយៈពេល១០ ឆ្នាំ កន្លងមកនេះ បានបណ្តាលឲ្យមនុស្សប្រមាណជា ៣ម៉ឺន ៥ ពាន់ស្លាប់ ហើយមនុស្សប្រមាណជាង ២ លាននាក់ទៀតរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ស្ថិតនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលជាទីពោរពេញដោយគ្រោះថ្នាក់បំផុតមួយក្នុងប្រទេស។

បន្ថែមលើនេះ ការប្រហារជីវិតលើចំណាត់ខ្មាំង ដែលសុទ្ធសឹងជា បុគ្គលផ្នែកមនុស្សធម៌ បានជំរុញឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង ក្នុងចំណោមក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងធ្វើការផ្ទាល់នៅក្នុងប្រទេសនីហ្សេរីយ៉ា។

ក្រុមអ្នកអង្គការ សង្គមស៊ីវិល បានផ្តើមចិត្តខ្វល់ខ្វាយខ្លាំងមួយកម្រិតទៀត ក្រោយពេលដឹងថា ពួកជីហាត បានបើកវាយប្រហារជាច្រើនដង លើមូលដ្ឋានយោធារដ្ឋាភិបាល និងបានផ្តោតគោលដៅជាចំបង ទៅលើបុគ្គលិកជំនួយមនុស្សធម៌ នៅឯភាគឦសាននីហ្សេរីយ៉ា។

ទាក់ទងរឿងនេះដែរ ក្រុមចារកម្ម ដែលចាំឃ្លាំមើលសកម្មភាពតាមអ៊ិនធឺរណែត របស់ក្រុមជ្រុលនិយមអ៊ីស្លាមជីហាត បាននិយាយដោយដកស្រង់សំដី អ្នកកាសែតនីហ្សេរីយ៉ា លោកអាម៉ាដសាដាកា ថា ការសម្លាប់ចុងក្រោយបង្អស់ គឺជាលទ្ធផល នៃបរាជ័យ របស់រដ្ឋាភិបាលនីហ្សេរីយ៉ា ក្នុងការចរចាជាមួយពួកជីហាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ