អានតួអត្ថបទ
លីប៊ី

លីប៊ី៖ ការចរចា​សន្តិភាព​ដំណាក់កាល​ទី១ បិទ​បញ្ចប់​ដោយ​ឥត​លទ្ធផល

ពេញមួយសប្តាហ៍ អង្គការសហប្រជាជាតិ បានដឹកនាំការប្រជុំចរចាសន្តិភាព រវាងភាគីជម្លោះទាំង២របស់លីប៊ី នៅឯទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។ តែការចរចានេះ បានបិទបញ្ចប់ទៅ​ កាលពីល្ងាចថ្ងៃសៅរ៍ ទី​៨កុម្ភៈ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ ការចរចាដំណាក់កាលទី២ និងចាប់ផ្តើម នៅថ្ងៃទី ១៨កុម្ភៈ។

លោក Ghassan Salame តំណាងអង្គការសហប្រជាជាតិទទួលបន្ទុក​ការចរចាសន្តិភាព​លីប៊ី 5+5 ។ ក្រុងហ្សឺណែវ ថ្ងៃទី​៦ កុម្ភៈ ២០២០​
លោក Ghassan Salame តំណាងអង្គការសហប្រជាជាតិទទួលបន្ទុក​ការចរចាសន្តិភាព​លីប៊ី 5+5 ។ ក្រុងហ្សឺណែវ ថ្ងៃទី​៦ កុម្ភៈ ២០២០​ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ការចរចាស្វែងរកសន្តិភាពនៅលីប៊ី ដំណាក់កាលទីមួយ បានចាប់ផ្តើម កាលពីថ្ងៃចន្ទ ទី៣កុម្ភៈ នៅស្នាក់ការអង្គការសហប្រជាជាតិ​ទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។ អង្គការសហប្រជាជាតិ បានអញ្ជើញមនុស្ស៥នាក់ ពីម្ខាងៗនៃគូបដិបក្សលីប៊ី គឺក្រុមរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅក្រុងទ្រីប៉ូលី ដែលសហគមអន្តរជាតិទទួលស្គាល់ និងក្រុមលោកមេបញ្ជាការ Haftar ដែលគ្រប់គ្រងភាគខាងកើតលីប៊ី។

ការចរចាដំណាក់កាលទីមួយនេះ បានបិទបញ្ចប់នៅថ្ងៃសៅរ៍ទី៨កុម្ភៈ។ លោក Ghassan Salamé តំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនេះ បានលើកឡើងថា ការចរចានេះ មិនបានចេញជាលទ្ធផលអ្វីទេ ដោយសារភាគីជម្លោះទាំងសងខាង នៅមាន​ការខ្វែងគំនិតគ្នាច្រើនណាស់។ ភាគីទាំង២គ្រាន់តែបានអះអាងទទួលស្គាល់ ពីភាពចាំបាច់ នៃការទំលាក់អាវុធបណ្តោះអាសន្ននេះ ឲ្យក្លាយទៅជា​ការឈប់បាញ់ជារៀងដរាប ដើម្បីស្តាស្ថិរភាពលីប៊ីឡើងវិញ។

មន្ត្រីអង្គការសហប្រជាជាតិដដែល បានបន្ថែមថា ទោះជាយ៉ាងនេះក្តី ភាគីទាំងពីរ មានឆន្ទៈចង់ចរចាទៀត។ ដោយហេតុនេះ អង្គការសហប្រជាជាតិ នឹងរៀបចំ ការចរចា ដំណាក់កាលទី២មួយទៀត ដែលនឹងចាប់ផ្តើម នៅថ្ងៃទី ១៨ កុម្ភៈខាងមុខនេះ។

សូមរំលឹកថា លីប៊ី បានធ្លាក់ទៅក្នុងវិបត្តិវឹកវរ តាំងតែពីមានបដិវត្ត​ផ្តួលរំលំរបបផ្តាច់ការ កាដាហ្វ៊ី នៅឆ្នាំ២០១១។ បច្ចុប្បន្ន លីប៊ី ត្រូវពុះចែកជាពីរ ភាគកើតគ្រប់គ្រងដោយកម្លាំងទ័ពរបស់លោកមេបញ្ជា​ការ Haftar។​ ចំណែកភាគខាងលិច គឺគ្រប់គ្រងដោយរដ្ឋាភិបាលបង្រួបបង្រួមជាតិ ក្រុងទ្រីប៉ូលី ទទួលស្គាល់ដោយសហគមអន្តរជាតិ។ តែយ៉ាងណា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ប្រទេសមួយចំនួន បានលូកដៃចូលទៅក្នុងវិវាទនេះ ដូចជាតួកគី បានបញ្ជូនសម្ភារៈយោធា ទៅជួយក្រុមភាគខាងលិច រីឯរុស្ស៊ី អេមៀរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីប បានជួយខាងក្រុមភាគខាងកើត​ របស់លោកមេបញ្ជាការ Haftar។

ប្រទេសអឺរ៉ុបខ្លះ មានបារាំង និងអ៊ីតាលី ក៏មានការទើសសម្តីគ្នាដែរ ដោយម្នាក់ៗ ទាមទារចេញមុខជួយលីប៊ី។ ទីបំផុត នៅក្នុងជំនួបកំពូលមួយរៀបចំដោយអាល្លឺម៉ង់ នៅក្រុងប៊ែរឡាំង កាលពីថ្ងៃទី១៩​ មករា ក្រុមប្រទេសមហាអំណាច បានសន្យារួមគ្នា ថាត្រូវជួយឲ្យមានការទំលាក់អាវុធនៅលីប៊ី ហើយត្រូវរារាំង រាល់ការបញ្ជូនអាវុធទៅបន្ថែម ឲ្យភាគី​ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ