អានតួអត្ថបទ
អេហ្ស៊ីប-Covid-១៩

Human Rights Watch៖ប្រធានាធិបតីអេហ្ស៊ីបប្រើឱកាសវិបត្តិកូវីដ-១៩ ដើម្បីពង្រឹង និងពង្រីកអំណាចរបស់ខ្លួន

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ច្បាប់​ស្តីពី​ស្ថានភាព​អាសន្ន​បាន​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ ២០១៧​មក​ដល់​សព្វថ្ងៃ។ តែ​ច្បាប់​មួយ​នេះ​ត្រូវ​បាន​រឹតបន្តឹង​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ នា​ដំណាច់​ខែ​មេសា សភា​បាន​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ដដែល​នេះ និង​ដែល​ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី​ទើប​បាន​ឲ្យ​សច្ចាប័ន្រ។ អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បរិហារ​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្ថានភាព​អាសន្ន និង​បារម្ភ​ថា ទង្វើ​មួយ​នេះ​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី​ពង្រឹង និង​ពង្រីក​អំណាច​របស់​ខ្លួន​បន្ថែម​ទៀត។ លោក​អាម៉េដ បេនស៊ឹមស៊ី នាយក​ផ្នែក​ទំនាក់ទំនង​របស់ Human Rights Watch ប្រចាំ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្រ្វិកខាងជើង​បាន​ថ្លែង​ដោយ​មិន​លាក់លៀម​ថា លោក​អាល់ស៊ីស៊ី​បាន​ប្រើ​ឱកាស​វិបត្តិ​កូវីដ-១៩ ដើម្បី​បង្កើន​ការ​បង្រ្កាប​លើ​ប្រជាជន​អេហ្ស៊ីប​ថែម​មួយ​កម្រិត​ទៀត។

ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី (រូបទី៣​រាប់​ពី​ឆ្វេង​ទៅស្តាំ)
ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី (រូបទី៣​រាប់​ពី​ឆ្វេង​ទៅស្តាំ) STRINGER / EGYPTIAN PRESIDENCY / AFP
ផ្សាយពាណិជ្ជកម្ម

« ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ឆ្នាំ ២០១៧ បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល និង​កម្លាំង​សន្តិសុខ​នូវ​អំណាច​ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​ដោយ​គ្មាន​កំណត់ និង​សួរ​ចម្លើយ​ជនសង្ស័យ​គ្រប់​រូប​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​ប្រព័ន្ធ​តុលាការ។ បន្ទាប់​មក ច្បាប់​ដដែល​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​តាម​ឃ្លាំមើល​មនុស្ស​ក្រោម​ទ្រង់ទ្រាយ​ធំ មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ និង​អនុញាត​ឲ្យ​មាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ។ ទង្វើ​ទាំង​នេះ​អាច​ធ្វើ​បាន​ដោយ​មិន​ចាំ​បាច់​មាន​ការ​ត្រួតពិនិត្យ និង​ការ​អនុញ្ញាត​ពី​តុលាការ​ឡើយ។

នេះ​ជា​អ្វី​ដែល​កំពុង​មាន​ស្រាប់​ជាមួយ​នឹង​ច្បាប់​ស្តីពី​ស្ថានភាព​អាសន្ន​តាំង​ពី​ឆ្នាំ ២០១៧ ពោល​មុន​ការ​ផ្ទុះ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។ តែ​នៅ​ថ្ងៃទី២២ មេសា​កន្លង​ទៅ​ថ្មី​នេះ សភា​បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ដដែល​មួយ​នេះ​ដោយ​បន្ថែម​អំណាច​ថ្មីៗ​ទៀត​ក្នុង​ត្រួតពិនិត្យ​ដោយ​គ្មាន​ការ​តាម​ដាន​ពី​ប្រព័ន្ធ​តុលាការ។ ឧទាហរណ៍​ឥឡូវ​នេះ ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី​អាច​សម្រេច​បិទសាលារៀន​ទាំង​អស់ បិទទ្វារ​តុលាការ ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​ជា​សាធារណៈ ហាម​មិន​ឲ្យ​រៀបចំ​ក្បួន​បាតុកម្ម ហាម​មិន​ឲ្យ​រៀបចំ​ពិធី​ផ្សេងៗ រួម​ទាំង​ការ​ជួប​ជុំ​ជា​លក្ខណៈ​ឯកជន​ដែល​រឿង​ខ្លះ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​សុខភាព​ផង។

និយាយ​ដោយ​សង្ខេប​ទៅ លោក​អាល់ស៊ីស៊ី​បាន​ប្រើ​ឱកាស​វិបត្តិ​កូវីដ-១៩ ដើម្បី​បង្កើន​ការ​បង្រ្កាប​លើ​ប្រជាជន​អេហ្ស៊ីប​មួយ​កម្រិត​ថែម​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ