អានតួអត្ថបទ
អាហ្វ្រិក កូវីដ១៩ អេដស៍

អ.ស.ប.បារម្ភថា ដោយសារ​កូវីដ១៩​ ចំនួន​​អ្នកស្លាប់​ដោយ​ជម្ងឺ​អេដស៍​អាច​កើន​ទ្វេដង នៅអាហ្វ្រិក​ខាងត្បូង​សាហារ៉ា

អង្គការសហប្រជាជាតិ បានថ្លែងព្រួយបារម្ភថា ជាមួយនឹងភាពរាំងស្ទះបង្កឡើងដោយ​ជំងឺកូវីដ១៩ ទ្វីបអាហ្រ្វិកតំបន់ខាងត្បូងសាហារ៉ា អាចនឹងត្រូវប្រឈមនឹងការកើនឡើង នូវជំនួន​អ្នកស្លាប់ដោយ​សារ​ជំងឺអេដស៍ មួយទ្វេជាពីរ។ អង្គការសហប្រជាជាតិ បានអំពាវនាវ សុំឲ្យរដ្ឋាភិបាល​​នៃប្រទេសតំបន់នោះ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និង​ផ្តល់ថ្នាំពន្យាជីវិត ដល់អ្នកជំងឺអេដស៍ មិនត្រូវបោះបង់ចោល ដោយយកលេសរវល់ ក្នុងរឿងកូវីដ១៩នោះទេ។

បុគ្គលិកក្រសួងសុខាភិបាលអាហ្វ្រិុកខាងត្បូង និយាយគ្នាអំពី​ថ្នាំទប់មេរោគ  Hiv/Hiv ។ ថ្ងៃទី៨ មេសា ២០១៣។
បុគ្គលិកក្រសួងសុខាភិបាលអាហ្វ្រិុកខាងត្បូង និយាយគ្នាអំពី​ថ្នាំទប់មេរោគ Hiv/Hiv ។ ថ្ងៃទី៨ មេសា ២០១៣។ AFP - STEPHANE DE SAKUTIN
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នកជំងឺអេដស៍ដែលស្លាប់ នៅតំបន់អាហ្វ្រិកខាងត្បូងសាហារ៉ា អាចនឹងកើនឡើងមួយជាពីរ បើសិន​ជាតំបន់នេះ ត្រូវ​រាំងស្ទះទាំងស្រុង ដោយសារតែបញ្ហាជំងឺឆ្លង​កូវីដ១៩។ អង្គការសហប្រជាជាតិ បានលើកឡើង នៅថ្ងៃចន្ទ ទី១១ឧសភាថា ការរាំងស្ទះដំណើរការរយៈពេល​៦ខែ ដូចជា​ការ​ងារ​ផ្សព្វផ្សាយ ការផ្តល់សេវាកម្មថែទាំសុខភាព ការផ្តល់ថ្នាំពន្យាជីវិត គឺវាអាចធ្វើឲ្យ​អ្នកជំងឺអេដស៍ ប្រមាណ​៥សែននាក់បន្ថែមទៀតស្លាប់ នៅរវាងឆ្នាំ២០២០ និង២០២១នេះ។ ចំនួននេះនឹងទៅបន្ថែមលើចំនួន​ មនុស្ស​៤៧០០០០​នាក់ ដែលស្លាប់ដោយជំងឺអេដស៍ ក្នុងតំបន់​អា​ហ្វ្រិកខាងត្បូងសាហារ៉ា នៅក្នុងឆ្នាំ២០១៨។​​ នេះបើយោងតាមតួលេខចុងក្រោយ របស់​អង្គការ​សុខភាពពិភពលោក និងអង្គការ Onusida។

សូមបញ្ជាក់ថា គិតត្រឹមតួលេខឆ្នាំ២០១៨ តំបន់អាហ្វ្រិកខាងត្បូងសាហារ៉ា មានអ្នក​ផ្ទុកមេរោគអេដស៍ (HIV-VIH) ចំនួន​២៥,៧លាននាក់ ដែលក្នុងនោះ មាន​១៦,៤លាននាក់ បានទទួល​ថ្នាំទប់មេរោគ ឬហៅងាយស្តាប់ថាថ្នាំពន្យាជីវិត (Antirétroviral)។ នៅក្នុងឆ្នាំ២០០៨ តំបន់នេះ មានមនុស្សស្លាប់ដោយជំងឺអេដស៍​ប្រមាណ​៩៥០០០០នាក់។ ប៉ុន្តែ ប្រមាណ១០ឆ្នាំមកនេះ អង្គការអន្តរជាតិនិងស្ថាប័នរដ្ឋ បានរួមគ្នាធ្វើការ​បានលទ្ធផលល្អច្រើន។

ប៉ុន្តែ អ្នកជំនាញអង្គការសហប្រជាជាតិបារម្ភថា ភាពរាំងស្ទះបង្កឡើងដោយកូវីដ១៩ គឺវានឹងធ្វើឲ្យ​ខូចដល់ជ័យជំនះការងារ ដែលសម្រេចបានកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ការឃោសនាផ្សព្វផ្សាយ ត្រូវអាក់ខាន ការផ្តល់សេវាថែទាំសុខភាព ផ្តល់ថ្នាំជាដើម ។ល។ ក៏ត្រូវអាក់ខាន។

យុទ្ធនាការ​បង្ការការឆ្លងមេរោគអេដស៍ ​ពីម្តាយទៅកូន អាចនឹងត្រូវជួបបរាជ័យ ខណៈដែលរវាងឆ្នាំ២០១០​ដល់២០១៨ អត្រាឆ្លងពីម្តាយទៅកូន បានថយចុះដល់ទៅ​៤៣% ពោលគឺ ចំនួន​ទារកឆ្លងមេរោគអេដស៍ពីម្តាយ ដែលមាន​២៥០០០០​នាក់​ បាន​ធ្លាក់មកនៅត្រឹម១៤០០០០នាក់។ លទ្ធផល​ល្អប្រសើរទាំងនេះ អាចនឹងត្រូវរលាយទៅវិញ ដោយសារតែជំងឺកូវីដ១៩។ យោងតាមអ្នកជំនាញ អត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅកូន អាចឈានកើនឡើងចំនួន​៣៧% នៅប្រទេសម៉ូហ្សំប៊ិក ៧៨%នៅប្រទេសម៉ាឡាវី និង ហ្សំបាប់វ៉េ ឬក៏ ១០៤%នៅអ៊ូហ្កង់ដា។

អង្គការ​ Onusida បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានអំពាវនាវ សូមឲ្យ​រដ្ឋាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់ កុំគិតតែបារម្ភចង់​យកឈ្នះលើជំងឺកូវីដ១៩ ហើយ​បោះបង់ចោលអ្នកជំងឺអេដស៍។ អាជ្ញាធរជំនាញ​ត្រូវតែបន្តការងារ ចាំ​បាច់ដើម្បី​ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជម្ងឺអេដស៍ ព្រមទាំងការពារអាយុជីវិតអ្នកជម្ងឺអេដស៍។

សូមបញ្ជាក់ថា យោងតាមតួលេខរបស់អង្គការ Onusida បច្ចុប្បន្ននេះ មានអ្នក​ផ្ទុកមេរោគអេដស៍ចំនួន​៧៨លាននាក់ នៅទូទាំងពិភពលោក។ ៣៥ឆ្នាំមកនេះ ជម្ងឺអេដស៍ បានសម្លាប់មនុស្ស ប្រមាណ​៣៥លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ