អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីប៊ី៖ លោកម៉ាក្រុងដំឡើងសំលេងដាក់តួកគី ដោយចោទថាកំពុង “លេងល្បែងគ្រោះថ្នាក់”

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិនៅលីប៊ី កំពុងឈានធ្វើឲ្យ​មានជម្លោះពាក្យសំដីដោយចំហរ រវាងបារាំងនិងតួកគី។ កាលពី​ពេល​ថ្មីៗនេះ មានការ​ប្រទាំងប្រទឹសគ្នានៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ​ រវាងនាវាកងទ័ពបារាំង ​និងនាវាតួកគី។ បារាំងបានចោទថាតួកគី មានចរិកច្រង៉េងច្រង៉ាង។ ថ្នាក់ដឹកនាំ​តំណាងរដ្ឋាភិបាលតួកគីវិញ​ បានប្រើពាក្យធ្ងន់ៗ ស្តីបន្ទោសបារាំងថាបារាំងជាប្រទេសស៊ីឈ្នួល​គេ​ រណបខ្លាចអេមៀរ៉ាត់អារ៉ាប់រួម​ និងអេហ្ស៊ីប ហើយគាំទ្រក្រុមមេបញ្ជការ កាលីហ្វា ហាហ្វតា ដែលគ្រប់គ្រងភាគខាងកើតលីប៊ី។​ កាលពីថ្ងៃចន្ទ​ ទី២២មិថុនា លោកម៉ាក្រុង បាន​លើកឡើងថា​ តួកគីកំពុងតែលេងល្បែងដ៏គ្រោះថ្នាក់បំផុត តាមរយៈអន្តរាគមន៍យោធា ចូលកាន់តែជ្រៅ នៅលីប៊ី។

លោកម៉ាក្រុង ពេលធ្វើសន្និសីទកាសែត ជាមួយ​ប្រធានាធិបតី​ទុយណេស៊ី នៅវិមានអេលីហ្សេ ថ្ងៃទី​២២មិថុនា ២០២០។
លោកម៉ាក្រុង ពេលធ្វើសន្និសីទកាសែត ជាមួយ​ប្រធានាធិបតី​ទុយណេស៊ី នៅវិមានអេលីហ្សេ ថ្ងៃទី​២២មិថុនា ២០២០។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

វិបត្តិលីប៊ីបច្ចុប្បន្ននេះ គឺមាន២ក្រុម ដែលកំពុងវាយដណ្តើមអំណាចគ្នា។ ម្ខាងគឺក្រុមភាគខាងកើត ដឹកនាំដោយលោកមេបញ្ជាការ Khalifa Haftar និងម្ខាងទៀត គឺក្រុមភាគខាងលិច ដែលមានរដ្ឋភិបាលមួយ ហៅថារដ្ឋាភិបាលបង្រួបបង្រួមជាតិ ក្រុងទ្រីប៉ូលី ដឹកនាំដោយលោក Fayez al-Sarraj។

តួកគីបន្តបញ្ជូនអាវុធ អេហ្ស៊ីបគំរាម​បញ្ជូនទ័ពចូលលីប៊ី

នៅរវាងឆ្នាំ២០១៩ ក្រុមលោកមេបញ្ជាការ Haftar បានចាប់ផ្តើមវាយសម្រុកដណ្តើមបានដែនដីមួយផ្នែកធំ នៅភាគខាងកើត និងខាងជើងឈាងខាងកើត ដែលសំបូរអណ្តូងប្រេងកាត ដោយមានជំនួយយុទ្ធសាស្ត្រ ពីអេមៀរ៉ាត់អារ៉ាបរ៉ួម អេហ្ស៊ីប និង រុស្ស៊ី។ នេះបើផ្អែកតាមប្រភពរបស់អ្នកជំនាញជាច្រើន។ គេអះអាង​ទៀតថា រុស្ស៊ីបានបញ្ជូនក្រុមទាហានស៊ីឈ្នួល​មួយក្រុមឈ្មោះ Wagner ឲ្យទៅរៀបចំយុទ្ធសាស្ត្រ និងបញ្ជាសម្ភារៈសិករបស់រុស្ស៊ី ជួយខាងក្រុមលោកមេបញ្ជាការ Haftar។

ចំណែកក្រុមខាងលិចវិញ ជារដ្ឋាភិបាលស៊ីវីល​ដែលសហគមអន្តរជាតិបានទទួលស្គាល់ តួយ៉ាងមាន​អង្គការសហប្រជាជាតិ ប្រទេសមហាអំណាចនៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ តែប្រមាណជាង​១ឆ្នាំចុងក្រោយនេះ តួកគី បានលូកដៃចូលធ្វើអន្តរាគមន៍ដោយផ្ទាល់តែម្តង​ ដោយបានបញ្ជូនកងទ័ពនឹងអាវុធ​ ទៅជួយក្រុមរដ្ឋាភិបាលទ្រីប៉ូលី។ ដោយបានជំនួយនេះហើយ ទើបក្រុមរដ្ឋាភិបាលទ្រីប៉ូលី បានវាយដណ្តើម​យក​មកវិញ នូវទឹកដីមួយផ្នែកធំ ខិតទៅភាគខាងកើត។ ប្រភពជាច្រើន បានអះអាងថា តួកគីបានយកក្រុមទាហានស៊ីឈ្នួល មកពីស៊ីរី ដើម្បី​ទៅជួយប្រយុទ្ធ​ថែមទៀតផង។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមរដ្ឋាភិបាលទ្រីប៉ូលី កំពុងសម្រុកវាយដណ្តើមយកទីក្រុង Sytre ដែលជាទីក្រុងយុទ្ធសាស្រ្តមួយដ៏សំខាន់។

កន្លងមក គេបានព្យាយាមរៀបចំកិច្ចប្រជុំជាច្រើនលើក ដើម្បីស្វែងរកការស្រុះស្រួលគ្នាទំលាក់អាវុធ។ ជាក់ស្តែសន្និសីទទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី​១៩មករា ដើមឆ្នាំនេះ ដោយមានការចូលរួមពីប្រទេសពាក់ព័ន្ធទាំងអស់។ គេបានសន្យាគ្នាថាមិនលូកដៃ កកូរកកាយឲ្យរឿងកាន់តែធ្ងន់នៅលីប៊ី។ តែការពិតជាក់ស្តែងយើងឃើញថា តួកគីនៅតែបន្តបញ្ជូនទ័ព និងអាវិធ ធ្វើអន្តរាគមន៍ប្រយុទ្ធដដែល ប៉ុន្មានខែមកនេះ។ ហើយកាលពីចុងសប្តាហ៍នេះ អេហ្ស៊ីបបានប្រកាសថា ខ្លួននឹងបញ្ជូនទ័ពចូលទៅវាយតបវិញ ប្រសិនបើតួកគី និងក្រុមភាគខាងលិច នៅតែបន្តសម្រុកមកខាងកើត ក្បែរព្រំដែនរបស់គេ​។

ម៉ាក្រុង៖ តួកគីកំពុង​លេងល្បែងគ្រោះថ្នាក់

នៅក្នុងពេលជួបប្រជុំជាមួយ​លោក Kais Saeid ប្រធានាធិបតីប្រទេសទុយណេស៊ី នៅទីក្រុងប៉ារីស កាលពីរសៀលថ្ងៃចន្ទ ទី​២២មិថុនា​ លោកម៉ាក្រុងបាននិយាយ​ថា តួកគី ដែលដឹកនាំដោយលោក អ៊ែរដូហ្កាន់ កំពុងលេងល្បែងគ្រោះថ្នាក់ ហើយបំពានទៅនឹងពាក្យសន្យារបស់ខ្លួន នៅក្នុងសន្និសីទទី​ក្រុងប៊ែរឡាំង ដែលថាមិនលូកដៃកកូរកកាយនៅ​លីប៊ី។

លោកម៉ាក្រុង បានអំពាវនាវ ឲ្យមានការបញ្ឈប់ជាបន្ទាន់ នូវអន្តរាគមន៍យោធាទាំងអស់ មិនថាពីភាគីបរទេសណាក៏ដោយ ព្រោះវាគឺជាវិធីតែមួយគត់ ដើម្បីការពារកុំឲ្យ​ភាគីនយោបាយ​នៅលីប៊ី កាន់តែបែកបាក់គ្នា ឬទឹកដីលីប៊ីត្រូវពុះចែកជាចំរៀកៗ។ វាគឺជាប្រយោជន៍សម្រាប់លីប៊ីផង សម្រាប់ប្រទេសជិតខាងផង និងសម្រាប់អឺរ៉ុបផង។ លោកម៉ាក្រុងបន្តថា ការបញ្ជូនទ័ពទៅចូលវាយ ដោយឯកតោភាគី គ្មានការប្រឹក្សាយោបល់ជាមួយគេឯង ដោយរំពឹងសម្លឹងចង់បានឥទ្ធិពលអំណាចនៅលើប៊ីទៅថ្ងៃមុខនោះ វាគឺជារឿងមិនអាចទទួលយកបានទេ។ លោកម៉ាក្រុងថាលោកមិនចង់ឃើញ លីប៊ី ធ្លាក់ខ្លួន​ក្លាយដូចស៊ីរី នាពេល​បច្ចុប្បន្ននេះទេ។

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តួកគី និងបារាំងបានប្លោងពាក្យសំដៅ ចោទគ្នាទៅវិញទៅមក ធ្ងន់ៗណាស់។ បារាំងចោទតួកគី ថាបានបញ្ជូនអាវុធយ៉ាងសន្ធឹកសន្ធាប់ទៅជួយខាងក្រុមរដ្ឋាភិបាល​​ទ្រីប៉ូលី ដែលវារំលោកនឹងច្បាប់អន្តរជាតិ។ ចំណុចនេះតាមពិតទៅតួកគីក៏មិនដែល​លាក់លៀមដែរ គឺគេធ្វើដោយចំហរ នរណាក៏ដឹងដែរ។ ហើយក្រោយពេលដែល​អេហ្ស៊ីបប្រកាសថាចង់បញ្ជូនទ័ពចូលទៅលីប៊ី បារាំងក៏​បានអះអាងថា បារាំងយល់ពីអារម្មណ៍របស់អេហ្ស៊ីប ដែលភ័យបារម្ភ ចំពោះវត្តមានកងទ័ពតួកគី ដែលកាន់តែរុលចូលមកកៀកនឹងព្រំដែនខ្លួន។ គ្រាន់តែបារាំងនិយាយដូច្នេះភ្លាម ខាងតួកគីបានចោទបារាំង ថាជាប្រទេសស៊ីឈ្នួលគេ ស្ថិតនៅក្រោមចំណុះរបស់អេហ្ស៊ីប និងអេមៀរ៉ាត់អារ៉ាប់រួម។ តួកគីបានចោទបារាំងទៀត ថាបារាំងមានពុតត្បុត លួចកាន់ជើងក្រុមលោកបញ្ជាការ Haftar។ ការចោទទាំងអស់នេះ ត្រូវបាន​រដ្ឋាភិបាល​​បារាំង​បដិសេធយ៉ាងដាច់អហង្ការ។

យោងតាមការចុះផ្សាយ​របស់កាសែតរដ្ឋាភិបាលតួកគី នៅថ្ងៃចន្ទ ទី​២២មិថុនា​ គេបានលើកឡើងថា តួកគីបានចាប់ឃាត់ខ្លួនមនុស្ស​៤នាក់ ដោយចោទថាជាគិញសម្ងាត់ ធ្វើការឲ្យបារាំង។ តែយ៉ាងណា យើងគ្មានប្រភពឯករាជ្យផ្សេង ដើម្បីបញ្ជាក់ដំណឹងនេះទេ។

វិបត្តិផ្ទៃក្នុង​អូតង់

បារាំង និងតួកគី គឺជាប្រទេសសមាជិកនៃអង្គការសម្ព័ន្ធមិត្តអូតង់។ ភាពប្រទូស្តរាយគ្នានាពេលនេះ គឺវាបានឆ្លុះបញ្ចាំងពី វិបត្តិផ្ទៃក្នុងដ៏ជ្រៅ របស់អង្គការនេះ។ និយាយជារួម យើងអាចថា វាគ្មានការសហការគ្នាទៀតឡើយ រវាង​សមាជិករបស់​អូតង់។ ទង្វើរបស់តួកគី កន្លងមកនេះ បានធ្វើឲ្យសមាជិកផ្សេងទៀត ស្រឡាំងកាំង​តែម្តង ព្រោះតួកគី ធ្វើដោយអត្តនោម័ត ចល័តទ័ពចូលស្រុកផ្សេង ដោយគ្មានការប្រឹក្សាយោបល់ជាមួយ​អូតង់ឡើយ។ កាលពីឆ្នាំ២០១៩ បារាំងធ្លាប់បានដំឡើងសំលេង ចោទតួកគី រឿងតួកគីបញ្ជូនទ័ពចូលទៅស៊ីរី ដើម្បីបំបែកកំលាំងរបស់ក្រុមគួកស៊ីរី។

ហើយ​កាលពីថ្ងៃទី១០ខែ​មិថុនា ថ្មីៗនេះ មានការបះទង្គិចគ្នា នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេចំនួន​២លើក ដោយនាវារបស់តួកគីបានបដិសេធ មិនឲ្យ​នាវាល្បាតរបស់កងទ័ពបារាំង ចុះឆែកឆេទេ។ ប្រតិបត្តិការឆែកឆេរនេះ គឺកងទ័ពជើងទឹកបារាំងធ្វើក្នុងនាមក្នុង​ក្របខណ្ឌរបស់អូតង់ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនអាវុធដោយខុសច្បាប់ ចូលទៅលីប៊ី។ នាវារបស់តួកគី មិនត្រឹមតែមិនឲ្យគេឆែកទេ​ ថែមទាំងបាន​រករឿង ចង់ប្រើអាវុធ បាញ់រះ​មកលើនាវារបស់បារាំងផង។ បារាំងបានប្តឹងទៅអូតង់ ព្រមទាំងប្រទេសអឺរ៉ុបផ្សេងទៀត ដោយចាត់ទុកថាតួកគី មានចរិកច្រង៉េងច្រង៉ាងខ្លាំងណាស់។ ឥឡូវនេះ អូតង់បានបើកការស៊ើបអង្កេតហើយ។

តាមពិតទៅ លោកម៉ាក្រុង ធ្លាប់បានលើកឡើងហើយ​កាលពីឆ្នាំមុនថា អង្គការអូតង់ កំពុងស្ថិតក្នុងស្ថានភាពមួយ ដូចជាមនុស្ស​មាន​ជំងឺខួរក្បាលធ្ងន់ធ្ងរ ដេកធ្មឹងមិនកម្រើកដៃជើង។ នៅថ្ងៃម្សិលមិញនេះដែរ លោកម៉ាក្រុង បានឆ្លៀតបន្ថែមថា ទង្វើរបស់តួកគី ក្នុងពេលបច្ចុប្បន្ន គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ថាអូតង់ពិតជាដូចមនុស្សស្លាប់ខួរក្បាលមែន។

លោកម៉ាក្រុងបានសង្កត់ធ្ងន់ថា ដរាបណាអូតង់ ក៏ដូចជាសហភាពអឺរ៉ុប នៅតែទន់ជ្រាយ ខ្វះការគូសវាសយុទ្ធសាស្ត្រ និងបន្ទាត់នយោបាយ​ឲ្យ​បានច្បាស់លាស់ នោះគឺវានឹងបើកផ្លូវឲ្យ​ប្រទេសមួយចំនួន​ លេងល្បែងសង្រ្គាម ដណ្តើមអំណាច ដោយគ្មានការសហប្រតិបត្តិការ រវាងគ្នានឹងគ្នានោះទេ។ លោកម៉ាក្រុងថា ប្រទេសសមាជិកអូតង់២ឈ្លោះគ្នា ដល់ម្លឹង តែសមាជិកផ្សេងទៀត បែរជាស្ងាត់មាត់ឈឹង។

បើផ្អែកតាមប្រភពពីវិមានប្រធានាធិបតីបារាំង លោកម៉ាក្រុងក៏បានទូរស័ព្ទទៅនិយាយជាមួយលោកដូណាល់ ត្រាំ ដែរ។ តែយ៉ាងណាក៏ដោយ គេគ្មានអ្វីសង្ឃឹមលើលោកដូណាល់ ត្រាំ នោះទេ ព្រោះលោកដូណាល់់ ត្រាំ បានបំរាស់យកតែរួចខ្លួនប៉ុណ្ណោះ នេះជាអ្វីដែលយើងសង្កេតឃើញកន្លងមកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ