អានតួអត្ថបទ
នីហ្សេ-ភេវកម្ម

មនុស្ស៨នាក់​ក្នុងនោះ​ជនជាតិ​​បារាំង​៦នាក់ ត្រូវបាន​ក្រុម​ភេរវកម្ម​សម្លាប់​នៅ​ប្រទេស​នីហ្សេ​

មានមនុស្ស​៨នាក់ ក្នុងនោះជនជាតិ​បារាំង៦នាក់ ត្រូវបានក្រុមភេរវកម្ម​សម្លាប់ នៅភាគនិរតីប្រទេសនីហ្សេ​ កាលពីថ្ងៃអាទិត្យ ទី៩សីហា។ ជនជាតិបារាំងទាំង៦នាក់ ដែលស្លាប់ គឺជាបុគ្គលិករបស់អង្គការក្រៅរដ្ឋភិបាលមួយ ដែលបំពេញ​បេសកកម្មនៅប្រទេសនីហ្សេ។ នេះគឺជាការវាយប្រហារ ដោយក្រុមភេរវកម្ម លើកទីមួយ​នៅតំបន់នេះ ដែលគេស្គាល់ថា ជាតំបន់​ទេសចរណ៍អភិរក្ស ពូជ​សត្វកវែងដ៏កម្រ​មួយ​ប្រភេទ។

រថយន្តអង្គការ Acted ដែលដឹកមនុស្ស៨នាក់ ក្នុងនោះ​ជនជាតិបារាំង​៦នាក់ ដែលត្រូវបាន​ក្រុមភេរវកម្ម​បាញ់សម្លាប់ នៅតំបន់ ​ Kouré ភាគអាគ្នេយ៍ទីក្រុង Niamey ប្រទេសនីហ្សេ ថ្ងៃទី៩សីហា ២០២០។​
រថយន្តអង្គការ Acted ដែលដឹកមនុស្ស៨នាក់ ក្នុងនោះ​ជនជាតិបារាំង​៦នាក់ ដែលត្រូវបាន​ក្រុមភេរវកម្ម​បាញ់សម្លាប់ នៅតំបន់ ​ Kouré ភាគអាគ្នេយ៍ទីក្រុង Niamey ប្រទេសនីហ្សេ ថ្ងៃទី៩សីហា ២០២០។​ BOUREIMA HAMA / AFP
ផ្សាយពាណិជ្ជកម្ម

ជនជាតិបារាំង៦នាក់ រួមជាមួយមគុទេសន៍ ទេសចរណ៍ម្នាក់ និងអ្នកបើកឡានម្នាក់ជាជនជាតិនីហ្សេ ត្រូវបានក្រុមភេរវកម្ម សម្លាប់នៅក្នុងពេលពួកគេ កំពុងធ្វើដំណើរនៅតំបន់ Kouré ភាគនិរតីប្រទេសនីហ្សេ។ ជនជាតិបារាំងទាំង៦នាក់ គឺជាបុគ្គលិករបស់អង្គការ Acted ដែលបំរើការងារ​ក្នុងប្រទេសនីហ្សេ។ នេះបើផ្អែកតាមការអះអាង របស់​លោកមេធាវីអង្គការនេះ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យទី៩សីហា ក្នុងពេលដែលជនរងគ្រោះ កំពុងស្ថិតនៅតំបន់អភិរក្សសត្វកវែងដ៏កម្រមួយប្រភេទ។ ទាហានបារាំង និងទាហាននីហ្សេ បានបើកប្រតិបតិ្តការ​ ការពារសន្តិសុខ​នៅ​កន្លែង​កើតហេតុ។​ យោងតាមព័ត៌មានបឋម ក្រុមឃាតករ​គឺជាក្រុមភេរវកម្ម​ ដែលបានជិះម៉ូតូ កាត់ព្រៃ​ សំងំស្ទាក់បាញ់សម្លាប់​ជនបរទេស ដែលចូលមកតំបន់នេះ។ ក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់ ​៧នាក់គឺស្លាប់ដោយគ្រាប់ភ្លើង។​ ស្ត្រីជនជាតិបារាំងម្នាក់ បានរត់គេចខ្លួន ប៉ុន្តែត្រូវបាន​ពួកឃាតករ តាមស្ទាក់បាន និងបានអារកសម្លាប់។

លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងសារថ្កោលទោស ចំពោះទង្វើយង់ឃ្នងព្រៃផ្សៃនេះ និងបាន​ប្តេជ្ញា សហការជាមួយ​ប្រទេសអាហ្វ្រិកតំបន់សាហ៊ែល ធ្វើយ៉ាងណា បោសសំអាតក្រុមភេរវកម្ម​ឲ្យខាងតែបាន។ ដូចគ្នាដែរ លោក ប្រធានាធិបតី​នីហ្សេ និងលោកប្រធានាធិបតី​ម៉ាលី បានថ្លែងសារ ថ្កោលទោសកម្មភាព​ព្រៃផ្សៃនេះ និងបានលើកឡើងអំពីសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មអ៊ីស្លាម ជ្រុលនិយម​នៅតំបន់សាហ៊ែល។

គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលមានករណី វាយប្រហារដោយក្រុមភេរវកម្ម នៅតំបន់Kouré ភាគនិរតីប្រទេសនីហ្សេ។ តំបន់នេះ ត្រូ​វបានគេស្គាល់ថា គឺជា​តំបន់អភិរក្ស ព្រោះជាជម្រកសត្វកវែងដ៏កម្រមួយប្រភេទេ។ បើផ្អែកតាមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ បានអះអាងថា តំបន់នេះ កន្លងមក មិនត្រូវបានគេចាត់ទុកថាជាតំបន់គ្រោះថ្នាក់ទេ។ បុគ្គលិកអង្គការ ឬមន្ត្រីទូតបរទេស តែងតែមានទំលាប់ទៅលេងនៅតំបន់នេះ នៅចុងសប្តាហ៍ ព្រោះវាស្ថិតនៅចំងាយតែប្រមាណ​៦០គីឡូម៉ែត្រ ពីរដ្ឋធានី Niamey៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ