អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប៖ រកឃើញ​ម្ឈូស​បុរាណ អាយុ​ខ្ទង់​២៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ្យ ​ចំនួន​​១៤​បន្ថែមទៀត

កាលពីថ្ងៃអាទិត្យ​ ទី​២០កញ្ញា រដ្ឋាភិបាលអេហ្ស៊ីប បានប្រកាសដំណឹងល្អមួយ ស្តីពីការរកឃើញម្ឈូសបុរាណ មានអាយុខ្ទង់ ២៥០០ឆ្នាំមុនគ្រិស្តសករាជ្យ។​ នេះគឺជាការរកឃើញលើកទី២ហើយ គិតត្រឹមដើមខែ​កញ្ញានេះ ដោយកាលពីសប្តាហ៍មុន ក្រុមការងារកំណាយបុរាណវិទ្យាអេហ្ស៊ីប បានរកឃើញម្ឈូសបុរាណ ចំនួន​១៣រួចមកហើយ។ ដំណឹងដ៏ល្អទាំងនេះ ត្រូវបាន​រដ្ឋាភិបាល​អេហ្ស៊ីបផ្សព្វផ្សាយ ក្នុងគោលដៅ​ ទាក់ទាញភ្ញៀវទេសចរណ៍។

ម្ឈូសបុរាណ អាយុ២៥០០ឆ្នាំ មុនគ្រិស្តសករាជ្យ ត្រូវបានរកឃើញ ចំនួន​១៤បន្ថែមទៀត នៅភាគខាងត្បូងទីក្រុងកែរ ក្នុងតំបន់ Saqqara។​ រូបភាព​ក្រសួងបុរាណវិទ្យាអេហ្ស៊ីប ថ្ងៃទី​២០ កញ្ញា ២០២០
ម្ឈូសបុរាណ អាយុ២៥០០ឆ្នាំ មុនគ្រិស្តសករាជ្យ ត្រូវបានរកឃើញ ចំនួន​១៤បន្ថែមទៀត នៅភាគខាងត្បូងទីក្រុងកែរ ក្នុងតំបន់ Saqqara។​ រូបភាព​ក្រសួងបុរាណវិទ្យាអេហ្ស៊ីប ថ្ងៃទី​២០ កញ្ញា ២០២០ © AFP
ផ្សាយពាណិជ្ជកម្ម

ម្ឈូសបុរាណសម័យស្តេចហ្វារ៉ាអុងអេហ្ស៊ីប​ ចំនួន១៤ ត្រូវបាន​ក្រុមការងារកំណាយបុរាណវិទ្យា ស្រាវជ្រាវរកឃើញ កាលពីថ្ងៃសុក្រកន្លងទៅ។ តាមការអះអាង​របស់អ្នកជំនាញ នៃក្រសួង​បុរាណវិទ្យាអេហ្ស៊ីប ម្ឈូសបុរាណទាំងនេះ អាចមានចំណាស់ យ៉ាងហោច ២៥០០ឆ្នាំមុនគ្រិស្តសករាជ្យ ដោយវាស្ថិតនៅក្នុងទីលាន​វាលកប់សពបុរាណ ឈ្មោះ Saqqara ភាគខាងត្បូងឈាងលិច ទីក្រុងកែរ។

សូមបញ្ជាក់ថា ទីលានបញ្ចុះសពបុរាណឈ្មោះ Saqqara ​ស្ថិតនៅចំងាយប្រមាណ​២៥គីឡូម៉ែត្រ ពីតំបន់ខ្ពង់រាប Guizeh ដែលជាទីវាលបញ្ចុះសពបុរាណដ៏ធំមហិមា ដែលទីនោះឯង គឺមាន​ប្រាសាទពីរ៉ាមីតនៃស្តេចហ្វារ៉ាអុងដំបូងគេបង្អស់ នៃអាណាចក្រអេហ្ស៊ីប។ ប្រាសាទពីរ៉ាមីតនេះ ត្រូវគេសន្និដ្ឋានថា បាន​សាងសង់ឡើង នៅរវាងឆ្នាំ២៧០០ មុនគ្រិស្ត​សករាជ្យ ហើយបច្ចុប្បន្នគឺជាសំណង់បុរាណ​ ដែលមានអាយុកាលយូរជាងគេបង្អស់ នៃពិភព​លោកយើង ដែលនៅសល់ដល់សព្វថ្ងៃ។

យោងតាមរូបភាព​ បង្ហោះផ្សាយ​ដោយក្រសួងបុរាណវិទ្យា និងក្រសួងទេសចរណ៍អេហ្ស៊ីប គេឃើញម្ឈូសបុរាណ ដែលគេទើបតែបានរកឃើញទាំងនោះ មានលក្ខណៈទ្រង់ទ្រាយ នៅល្អសឹងតែទាំងស្រុង ថ្វីបើមានអាយុកាលជិត៥០០០ឆ្នាំទៅហើយក្តី។ នៅលើម្ឈូសដែលធ្វើពីឈើ គេឃើញ មានគំនូរក្បួរក្បាច់ ពណ៌ខៀវ និងពណ៌ត្នោត ព្រមទាំងគំនូរសញ្ញារបស់អក្សរអេហ្ស៊ីបបុរាណផង។

សូមរំលឹកថា កាលពីសប្តាហ៍មុន ក្រុមការងារកំណាយបុរណវិទ្យា បានរកឃើញម្ឈូសបុរាណ អាយុកាលប្រហែលគ្នា ចំនួន១៣រួចមកហើយ ដែលស្ថិតនៅតំបន់តែមួយ។ រដ្ឋមន្ត្រីក្រសួងបុរាណវិទ្យាអេហ្ស៊ីប បានលើកឡើងថា ការរកឃើញផ្ទួនៗនេះ គឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ នៅមានម្ឈូសបុរាណជាច្រើនផ្សេងទៀត នឹងត្រូវ​រកឃើញជាក់ជាមិនខាន ព្រោះក្រុមការងារទើបតែចាប់ផ្តើម កំណាយតែប៉ុណ្ណោះ។

គួរកត់សំគាល់ថា ការប្រកាសដំណឹងល្អទាំងនេះ ពីសំណាក់រដ្ឋាភិបាលអេហ្ស៊ីប ក៏ត្រូវបានធ្វើឡើង ក្នុងគោលបំណងមួយ ផ្តល់សន្ទុះដល់វិស័យទេសចរណ៍អេហ្ស៊ីប។ ជាមួយនឹងប្រាសាទពីរ៉ាមីត ជាច្រើន ចំណាស់យ៉ាងហោច៥០០០ឆ្នាំ វិស័យទេចរណ៍អេហ្ស៊ីប គឺជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់បំផុត។ ក៏ប៉ុន្តែប៉ុន្មានជិត១០ឆ្នាំមកនេះ នៅក្រោយបដិវដ្តន៍ផ្តួលរំលំរបបផ្តាច់ការ អេហ្ស៊ីបបានជួបនូវវិបត្តិនយោបាយ គ្មានស្ថិរភាព និងសន្តិសុខ។ ក្នុងឆ្នាំ២០១៩កន្លងទៅ វិស័យទេចរណ៍អេហ្ស៊ីបហាក់បានស្ទុះឡើងវិញ ដោយមានទេសចរណ៍សរុបចំនួនដល់ទៅ ជិត១៧លាននាក់។ តែឆ្នាំ២០២០ អ្វីៗបានក្រឡាប់ចាក់​ ដោយសារតែជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ