អានតួអត្ថបទ
អ.ស.ប-ម៉ាលី

អ.ស.ប​ ស៊ើប​អង្កេត​ឃើញ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ម៉ាលី

ក្រុម​អ្នក​ស៊ើប​អង្កេត​អ.ស.ប​ ពាក់ព័ន្ធ​អំពើ​ហិង្សា​នៅ​ប្រទេស​ម៉ាលី ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​នូវ​ភស្ដុតាង​ដែល​បញ្ជាក់​ថា​កង​ទ័ព​ម៉ាលី​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពិតមែន​។ ក្រៅពីនេះ​ ក៏​មាន​ការ​រកឃើញ​មួយ​ផ្សេង​ទៀត​ដែរ​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ម៉ាលីបង្ក​ដោយ​ពួក​ជីហាត​ភេរវនិយម​និង​ក្រុម​ប្រដាប់​អាវុធ​មួយ​ចំនួន​ទៀត​។​

កងប្រដាប់អាវុធម៉ាលីឈរនិងគោរពភ្លេងជាតិក្នុងពិធីរំឭកខួប ៦០ ឆ្នាំនៃឯករាជ្យភាពរបស់ប្រទេសម៉ាលីនៅបាម៉ាកូនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
កងប្រដាប់អាវុធម៉ាលីឈរនិងគោរពភ្លេងជាតិក្នុងពិធីរំឭកខួប ៦០ ឆ្នាំនៃឯករាជ្យភាពរបស់ប្រទេសម៉ាលីនៅបាម៉ាកូនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ MICHELE CATTANI AFP
ផ្សាយពាណិជ្ជកម្ម

ការ​ចោទ​ប្រកាន់​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​របាយការណ៍​មួយ​ដែល​មាន​កម្រាស់ ៣៣៨​ ទំព័រ​របស់គណៈកម្មាធិការ​ស៊ើបអង្កេត​អន្តរជាតិ​ស្តីអពី​ម៉ាលី​។ គណៈកម្មាធិ​ការ​ស៊ើប​អង្កេត​នេះ​មាន​សមាជិក​៣ នាក់​និង​បាន​ស៊ើបអង្កេត​ពី​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​រយៈពេល​ ៦ ឆ្នាំ ​ចាប់​ពី​ឆ្នាំ​ ២០១២​ ដល់ ២០១៨​។

សេចក្តី​សន្និដ្ឋាន​នៃ​ការស៊ើបអង្កេត​ត្រូវ​បាន​បញ្ជូន​ទៅក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ហើយ​ ក៏ប៉ុន្តែ​វា​នៅ​មិនទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយទេ​។ យ៉ាងណាក៏ដោយ​ របាយការណ៍​នៃ​ការ​អង្កេត​បាន​ផ្តល់​អនុសាសន៍​ឲ្យ​បង្កើត​តុលាការ​មួយ​ដែល​មាន​ជំនាញ​ដើម្បី​កាត់ទោស​សកម្មភាព​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។

"គណៈកម្មាធិការ​ស៊ើបអង្កេតអន្តរជាតិ​មាន​ហេតុផល​សមរម្យ​ក្នុងការ​ជឿជាក់​ថា​កង​កម្លាំង​ការ​ពារ​ជាតិ​ និង​កង​សន្តិសុខ​ម៉ាលី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ​រួមទាំង​អំពើហិង្សា​ដល់​អាយុជីវិត​ជនស៊ីវិល​ ព្រមទាំង​ពួកយោធា​ដែល​គេ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​ឬ​ក៏សហការ​ជាមួយ​ពួក​ក្រុម​ប្រដាប់​អាវុធ​ជ្រុល​និយម​”។ ​នេះ​គឺជា​សំណេរ​នៅ​ក្នុង​បាយការណ៍​និង​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP នៅថ្ងៃអង្គារ​ ទី២២ ធ្នូ​។

គួរកត់សម្គាល់​ថា​ ម៉ាលី​ដែល​ជា​ប្រទេស​ស្ថិត​នៅតំបន់​សាហ៊ែល​អាហ្វ្រិកបាន​ធ្លាក់​ចូល​ក្នុងជង្ហុក​នៃ​វិបត្តិ​កាលពីឆ្នាំ​ ២០១២​ នៅពេល​ដែល​ក្រុម​បំបែក​ខ្លួន​ជនជាតិ​ភាគតិច​តួរ៉ែក​ (Tuareg) បាន​ចាប់ផ្តើម​កុបកម្ម​នៅ​ភាគខាងជើង​នៃប្រទេស​។ ពួក​ឧទ្ទាម​តួរ៉ែក ​ក្រោយ​មកទៀត​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​ក្រុមប្រដាប់អាវុធ​របស់​ពួក​ជីហាត​។

បារាំង​ ដែលជា​អតីត​ម្ចាស់​អាណានិគម​លើ​ប្រទេស​ម៉ាលី​ បាន​បើក​ប្រតិបត្តិការ​យោធា​នៅឆ្នាំ​ ២០១៣​ និង​បាន​ធ្វើឲ្យ​ពួក​ជីហាត​ភេរវនិយម​បែក​ក្រុម​ខ្ចាត់ខ្ចាយ​អស់​។ ក៏ប៉ុន្តែ​ នៅ​មួយរយៈ​ក្រោយ​មកទៀត​ ពួកជីហាត​បាន​ព្យាយាម​ប្រមូលផ្គុំ​គ្នីគ្នា​និង​បាន​ពង្រីក​យុទ្ធនាការ​យោធា​របស់​ពួកគេ​នៅ​ចំ​កណ្តាល​ប្រទេសម៉ាលី​ និង​ក្រោយ​មក​ឆ្ពោះ​គោលដៅ​របស់​ពួកគេ​ទៅ​ប្រទេសជិតខាង​នីហ្សេរីយ៉ា​ និង​បួគីណាហ្វាសូ​។

មនុស្ស​រាប់​ពាន់​នាក់​បានស្លាប់​ និង​រាប់សែននាក់​បាន​រត់​ភៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង​។ គណៈកម្មាធិការ​ស៊ើបអង្កេត​អន្តរជាតិ​ស្តីអពី​ប្រទេស​ម៉ាលី​ ចាត់​ទុក​ថា​ក្រុម​ប្រដាប់​អាវុធ​ជ្រុលនិយម​ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំងនឹង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

បទ​ឧក្រិដ្ឋ​ទាំងនោះ​រួម​មាន​ជាអាទិ៍​ ឃាតកម្ម​ ការ​ធ្វើ​ទារុណកម្ម​​ ការ​រំលោភ​សេពសន្ថវៈ​ ការ​ចាប់​ចំណាប់ខ្មាំង​ និង​ការ​វាយប្រហារ​នានា​ប្រឆាំងនឹងបុគ្គលិកអង្គការ​មនុស្សធម៌​ និងកងកម្លាំង​ថែ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ប្រចាំការ​នៅម៉ាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ