អានតួអត្ថបទ
បារាំង-អាហ្វ្រិក-ភេរវកម្ម

លោកនាយករដ្ឋមន្ត្រី​បារាំង​ទៅ​ឆ្លងឆ្នាំ ជាមួយ​ទាហាន​បារាំង​ឈរជើង​នៅ​សមរភូមិ​សាហ៊ែល​អាហ្វ្រិក

លោក ហ្សង់ កាសតិក នាយករដ្ឋមន្ត្រីបារាំង បានទៅ​ឆ្លងឆ្នាំ ជាមួយ​នឹងនាយ​ទាហានបារាំង ដែលកំពុង​ឈរជើង នៅតំបន់សាហ៊ែលអាហ្វ្រិក។ នេះជាដំណើរ ដើម្បីលើកទឹកចិត្ត ចំពោះកងទ័ពបារាំង ដែលទើបតែបានបាត់បង់ជីវិតនាយ​ទាហាន៣នាក់បន្ថែមទៀត ហើយ​ក៏ជាឱកាស​ ដែល​លោកនាយ​ករដ្ឋមន្ត្រីបារាំង នឹងបញ្ជាក់អំពី​គោលជំហរ​របស់​រដ្ឋាភិបាលបារាំង ក្នុងការ​បន្តប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ ជីហាតភេរវកម្ម​នៅតំបន់​សាហ៊ែល​នេះ​។

លោកនាយករដ្ឋមន្ត្រីបារាំង Jean Castex ពេលជួបជុំបាយ​ថ្ងៃឆ្លងឆ្នាំជាមួយ​មេបញ្ជាការកងទ័ពបារាំង នៅបន្ទាយ N'Djamena ប្រទេសឆាដ ថ្ងៃទី ៣១ ធ្នូ 2020
លោកនាយករដ្ឋមន្ត្រីបារាំង Jean Castex ពេលជួបជុំបាយ​ថ្ងៃឆ្លងឆ្នាំជាមួយ​មេបញ្ជាការកងទ័ពបារាំង នៅបន្ទាយ N'Djamena ប្រទេសឆាដ ថ្ងៃទី ៣១ ធ្នូ 2020 AFP - JEREMY MAROT
ផ្សាយពាណិជ្ជកម្ម

ក្នុងបន្ទាយតំបន់​ N'Djaména ប្រទេសឆាដ នៅ​ម៉ោងប្រមាណ​១២រំលងអាធ្រាត្រ លោក ហ្សង់ កាសតិក នាយករដ្ឋមន្ត្រីបាន​ថ្លែងទៅកាន់នាយ​ទាហានបារាំងថា លោកមកនេះ គឺមកដើម្បី​ជូនពរឆ្នាំថ្មី​ដល់កងកម្លាំងទាំងអស់ ដែល​បាន​បែកមកឆ្ងាយ​ពីក្រុមគ្រួសារ ដើម្បី​បំពេញ​ភារកិច្ច​បេសកកម្ម។ លោកនាយករដ្ឋមន្ត្រីបារាំង ក៏បាន​ថ្លែង​សេចក្តីទុក្ខ សោកស្តាយ​ជាពន់ពេក ចំពោះការបាត់​បង់ជីវិតទាហានបារាំង ៣នាក់បន្ថែមទៀត នៅក្នុងហេតុការណ៍​ផ្ទុះមីន​ កាលពី​ថ្ងៃចន្ទ ទី​២៨ធ្នូ នៅប្រទេសម៉ាលី។

គួរកត់សំគាល់ថា ក្នុងឆ្នាំ​២០២០កន្លងទៅនេះ ជាឆ្នាំដ៏លំបាក សម្រាប់ទាហានបារាំង ចំនួន​៥១០០នាក់ ដែលឈរជើងក្នុងបេសកកម្ម Barkhane នៅតំបន់សាហ៊ែល អាហ្វ្រិក។ បើគិតពីឆ្នាំ​២០១៣ នៅពេល​បេសកកម្មនេះ បានចាប់បដិសន្ធិ គឺមាន​ទាហាន​បារាំង បានស្លាប់សរុបចំនួន​៤៣នាក់។ ជាមួយ​នឹងការបាត់បង់ទាហានជាបន្តបន្ទាប់ ព្រមជាមួយ​លទ្ធផលស្តួចស្តើងនេះ បាន​ធ្វើ​ឲ្យ​អ្នកនយោបាយបារាំងខ្លះ បាន​លើកឡើងចោទសួរ ថាតើបារាំង គួរបន្តឲ្យ​កងទ័ពខ្លួន​នៅទីនោះ​ទៀតដែរឬទេ។

នៅចំពោះនាយ​ទាហាន លោក​ហ្សង់ កាសតិក បាន​បញ្ជាក់ជាថ្មីថា គោលជំហររបស់​រដ្ឋាភិបាលបារាំង គឺនៅតែរឹងមាំដដែល ចំពោះការបន្តបេសកកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមជីហាដអ៊ីស្លាម​ដែល​ធ្វើសកម្មភាព នៅក្នុងតំបន់សាហ៊ែល។ លោក​បានបញ្ជាក់ថា​ លោកបានពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំប្រទេសឆាដ ដើម្បីពង្រឹងការចូលរួម របស់កងទ័ពឆាដ ក្នុងទប់ទល់ បោសសំអាត ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ព្រមទាំង​ក្រុម​អាល់កៃដា នៅតំបន់បឹងឆាដ និងក្រុម​បូកូហារ៉ាំ ជាដើម។

ដោយឡែក យោងតាមប្រភព​មួយ​ចំនួនទៀត បានលើកឡើងថាបារាំង កំពុងតែរកវិធី កាត់បន្ថយ​ចំនួន​ទ័ព នៅក្នុងតំបន់សាហ៊ែលអាហ្វ្រិក​ ដ៏ធំល្វឹងល្វើយនេះ។ រដ្ឋាភិបាលបារាំង ចឹងឲ្យ​ក្រុម​ប្រទេសតំបន់សាហ៊ែល ដែលមាន ឆាដ ម៉ាលី ម៉ូរីតានី បួគីណាហ្វាសូ និង នីហ្សេ ត្រូវចូលរួម​ឲ្យ​បាន​ច្រើន នឹងសកម្មជាងនេះ នៅក្នុងបេសកកម្ម​បោស​សំអាតក្រុម ជីហាត ភេរវកម្ម។ តាមការគ្រោងទុក ជំនួបកំពូល G5 Sahel នឹងត្រូវបើកធ្វើម្តងទៀត នៅទីក្រុង N’Djaména ក្នុងរវាង​ខែមករា ឬខែកុម្ភៈខាងមុខ។

នៅដើមឆ្នាំ​២០២១នេះដែរ ស៊ុយអែដ និង​ សាធារណៈរដ្ឋឆេក នឹងបញ្ជូន​កងទ័ពមួយ​ចំនួន ទៅចូលរួម​​ក្នុង​បេសកកម្ម Barkhane របស់បារាំង ព្រោះថាសន្តិភាពនៅ​តំបន់សាហ៊ែល គឺជា​វិធីសាស្ត្រ ដើម្បី​ទប់អន្តោប្រវេសន៍ និងជនភៀសខ្លួន​អាហ្វ្រិក កុំឲ្យ​ជន់មក​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ