អានតួអត្ថបទ
កុមារ-កង្វះ​អាហារូបត្ថម្ភ

របាយការណ៍​ថ្មី​មួយ​ថា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជំរុញ​ឲ្យ​កាន់​តែ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ

ការ​ប្រែប្រួល​អាកាសធាតុ​ អាច​ធ្វើឲ្យ​​កុមារ​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ​និង​របប​អាហារ​មិន​ល្អ ​ធ្ងន់ធ្ងរខ្លាំង​ជាង​ភាព​ក្រីក្រ និង​ការ​គ្មាន​អនាម័យ​ល្អ​ត្រឹម​ត្រូវ​ទៅទៀត​។ នេះ​បើ​យោងទៅ​តាម​ការ​សិក្សាថ្មី​មួយ​ដែល​ទើប​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ មករា​​ ឆ្នាំ២០២១។

ស្ត្រីម្នាក់អង្គុយក្បែរកូនដែលទទួលការព្យាបាលជំងឺកង្វះអាហារូបត្ថម្ភ នៅឯមន្ទីរពេទ្យមួយកន្លែងស្ថិតក្នុងតំបន់ព្រំដែននៃទីក្រុងដាដាប ប្រទេសកេនយ៉ា កាលពីថ្ងៃសៅរ៍ ទី ២៣ ខែកក្កដា ឆ្នាំ ២០១១។
ស្ត្រីម្នាក់អង្គុយក្បែរកូនដែលទទួលការព្យាបាលជំងឺកង្វះអាហារូបត្ថម្ភ នៅឯមន្ទីរពេទ្យមួយកន្លែងស្ថិតក្នុងតំបន់ព្រំដែននៃទីក្រុងដាដាប ប្រទេសកេនយ៉ា កាលពីថ្ងៃសៅរ៍ ទី ២៣ ខែកក្កដា ឆ្នាំ ២០១១។ ASSOCIATED PRESS - Schalk van Zuydam
ផ្សាយពាណិជ្ជកម្ម

ទោះបីជា​កង្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ​ មាន​ការ​ថយចុះជា​សកល​ក្នុងរយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​ក៏ដោយ​ ក៏​បញ្ហា​កង្វះអាហា​រូបត្ថម្ភ​បានកើនឡើងមកវិញចាប់​តាំងពី​ឆ្នាំ​ ២០១៥​ ដោយ​មួយ​ចំណែក​គឺ​បណ្តាល​មកពី​ការកើនឡើង​កម្តៅ​ផែនដី​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផេ្សងទៀត​ដូចជា​ខ្យល់ព្យុះ​ និង​គ្រោះ​ទឹកជំនន់​ជាដើម​។ល។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ កុមារ​ចំនួន​ ១៤៤​ លាន​នាក់​ដែល​មាន​អាយុ​ក្រោម ៥ ឆ្នាំ​ បាន​រងផល​ប៉ះពាល់​ដោយ​ភាពក្រិន​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ ពីព្រោះ​តែ​កង្វះ​ខាតអាហារូបត្ថម្ភ​រ៉ាំរ៉ៃ​។ ហើយ​មាន​កុមារ​ប្រមាណ​ជា​ ៤៧ លាន​នាក់ផ្សេង​ទៀត​ទទួល​រងគ្រោះ​ ពីការ​ទទួលទាន​របប​អាហារ​ ដែល​មាន​សារធាតុចិញ្ចឹម​មិនគ្រប់គ្រាន់​ ខ្វះជីវជាតិ​ទ្រទ្រង់​សរីរាង្គ​។

ក្រុម​អ្នក​ជំនាញ​បារម្ភថា​ ការ​មិន​អាច​ទទួល​បាន​របប​អាហារ​ដែល​មាន​ជីវជាតិ​និង​វីតាមីន​គ្រប់គ្រាន់​ដែល​ចេះ​តែ​កើនឡើង​នៅក្នុង​តំបន់​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ នឹងធ្វើឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុងការ​ចិញ្ចឹម​ជីវិត​ដោយ​របប​អាហារ​ត្រឹមត្រូវ​ដល់​មនុស្ស​រហូត​ដល់​ ១០​ ពាន់​លាន​នាក់​ នៅពាក់​កណ្តាល​សតវត្សរ៍​នេះ​។

ក្រុម​អ្នកស្រាវជ្រាវ​មួយ​ក្រុម​ ដឹកនាំ​ដោយ​សាកល​វិទ្យាល័យ​ Vermont​ នៃ​សហរដ្ឋអាមេរិក​បាន​ពិនិត្យ​ភាព​ចម្រុះ​នៃ​របប​អាហារ​ក្នុង​ចំណោម​កុមារ​ជាង១​ សែននាក់ដែល​មាន​អាយុ​ក្រោម​ ៥ឆ្នាំ​ នៅក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅទូទាំង​ទ្វីប​អាស៊ី​ អាហ្វ្រិក​ និង​អាមេរិក​ខាងត្បូង​។

បន្ទាប់មកទៀត​ ពួកគេ​បាន​បញ្ចូលលទ្ធផល​នោះជាមួយ​ទិន្នន័យ​សីតុណ្ហភាព​និង​ចំនួន​ទឹក​ភ្លៀង​ដែល​ធ្លាក់​ចុះ​មកដី​រយៈពេល​ ៣០ ឆ្នាំ​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅទីបំផុតទៅ បាន​រក​ឃើញថា​ សីតុណ្ហភាពដែល​កើន​កម្តៅ​គឺជាកត្តា​រួម​ចំណែក​ឲ្យ​មាន​ការថយចុះ​គួរឲ្យកត់​សម្គាល់នូវ​គុណភាព​នៃរបប​ចំណី​អាហារ​នៅក្នុង​តំបន់​ចំនួន​ ៥​ ក្នុង​ចំណោម​តំបន់​ដែលត្រូវបាន​លើក​យក​ទៅ​សិក្សាទាំងអស់ចំនួន​ ៦​។

នៅក្នុង​ទស្សនាវដ្តី​សិក្សា​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​ ក្រុម​អ្នកជំនាញ​របស់​សាកល​វិទ្យាល័យ​ Vermont​ បាន​ព្រមាន​ថា​ការប្រែប្រួល​អាកាសធាតុ​អាចនឹង​ធ្វើឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ខ្លាំង​និង​ជាយូរ​ណាស់​មកហើយ​របស់​ពិភពលោក​ក្នុងការ​ថែរក្សា​និង​អភិវឌ្ឍ​កុមារ​ត្រូវ​ទទួល​បរាជ័យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ