អានតួអត្ថបទ
លីប៊ី

លីប៊ី​បើកទំព័រថ្មី ដើម្បី​​កសាង​សន្តិភាព ជាមួយ​​រដ្ឋាភិបាល​​អន្តរកាល​បណ្តោះ​អាសន្ន​

លីប៊ីទើបតែបានឈានចូលទៅបើកទំព័រថ្មី ដើម្បី​បិទបញ្ចប់វិបត្តិនយោបាយ​ សង្រ្គាមរ៉ាំរ៉ៃប្រមាណ​១០ឆ្នាំមកនេះ។ កាលពីថ្ងៃសៅរ៍ទី​៦កុម្ភៈ វេទិកាសម្រុះសម្រួលនយោបាយលីប៊ី ដែល​ផ្តួចផ្តើមឡើង ដោយ​អង្គការសហប្រជាជាតិ បានបោះឆ្នោត តែងតាំង លោក អាប់ឌែល ហាមីដ បីបា​ (Abdel Hamid Dbeibah) ឲ្យ​ធ្វើជានាយករដ្ឋមន្ត្រី បណ្តោះអាសន្ន មានតួនាទីបង្កើតរដ្ឋាភិបាល​អន្តរកាលមួយ និង​រៀប​ចំការបោះឆ្នោតនៅ​ចុងឆ្នាំ​២០២១នេះ។

លោកស្រី Stephanie Williams តំណាងអង្គការសហប្រជាជាតិ ដឹកនាំការប្រជុំ វេទិកាសម្រុះសម្រួលនយោបាយលីប៊ី នៅក្រុងហ្សឺណែវ ថ្ងៃទី ១កុម្ភៈ ២០២១
លោកស្រី Stephanie Williams តំណាងអង្គការសហប្រជាជាតិ ដឹកនាំការប្រជុំ វេទិកាសម្រុះសម្រួលនយោបាយលីប៊ី នៅក្រុងហ្សឺណែវ ថ្ងៃទី ១កុម្ភៈ ២០២១ via REUTERS - U.N. Photo
ផ្សាយពាណិជ្ជកម្ម

សមាជិកទាំង​៧៥នាក់ នៃ​វេទិកាសម្រុះសម្រួលនយោបាយ​លីបី បានជួប​ប្រជុំគ្នានៅក្បែរទីក្រុង​ហ្សឺណែវ ហើយ​បាន​បោះឆ្នោត ជ្រើសតាំងលោក Abdel Hamid Dbeibah ឲ្យធ្វើជានាយករដ្ឋមន្ត្រីលីប៊ីបណ្តោះអាសន្ន។ លោកនាយករដ្ឋមន្ត្រីថ្មីរូបនេះ មានពេល​២១ថ្ងៃ ដើម្បីរៀបចំរដ្ឋាភិបាល​អន្តរកាល ហើយ​បន្ទាប់មកទៀតមាន​ពេល​២១ថ្ងៃទៀត ដើម្បីទទួល​បាន​ការផ្តល់ទំនុកចិត្ត ពីសំណាក់សភាលីប៊ី។ កម្មវត្ថុនៃរដ្ឋាភិបាល​អន្តរកាលនេះ គឺ​ប្រមែរប្រមូល​គ្រប់ភាគីនយោបាយ​ទាំងអស់ ឲ្យ​ត្រូវរ៉ូវគ្នា ទាំងក្រុមខាងកើត និងក្រុមខាងលិច ដើម្បីឈានទៅរៀបចំការបោះឆ្នោត​ប្រធានាធិបតី នៅ​ខែធ្នូ ចុងឆ្នាំ​២០២១។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងសុទិដ្ឋិនិយម ចំពោះការបោះជំហានថ្មីនេះ ដោយ​លោកជឿជាក់ថា វានឹងនាំលីប៊ីអោយស្គាល់សន្តិភាព។ តែទន្ទឹមនឹងនេះ បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ បាន​លើកលើងថា ដំណើរ​ការកសាងសន្តិភាព​នៅវែងឆ្ងាយ​ណាស់ សម្រាប់លីប៊ី។

សូមរំលឹកថា លីប៊ីត្រូវយាយីដោយសង្រ្គាមស៊ីវីល ដណ្តើមអំណាច ប្រមាណ​១០ឆ្នាំ បន្ទាប់ពី​បាន​ធ្វើ​បដិវត្តន៍ទំលាក់មេដឹកនាំផ្តាច់ការ កាដាហ្វ៊ី​ ដែលបាន​កាន់អំណាចរយៈពេល​៤២ឆ្នាំ។ បច្ចុប្បន្នលីប៊ី ត្រូវពុះចែកជា២ ម្ខាងនៅខាងកើត គ្រប់គ្រងដោយ​ឧត្តមសេនីយ៍ ហាហ្វតា និងម្ខាងនៅខាងលិច គឺរដ្ឋាភិបាលក្រុង​ទ្រីប៉ូលី ទទួលស្គាល់ដោយ​សហគមន៍អន្តរជាតិ។ បន្ទាប់ពីប្រយុទ្ធដណ្តើមដែនដីគ្នា ដោយ​មាន​ការចូលអន្តរាគមន៍​ពីកងទ័ពតួកគី និងរុស្ស៊ីផងនោះ ក្រុម​បដិបក្សទាំង២បានយល់ព្រមចុះបទឈប់បាញ់ នៅត្រីមាសទី​៣ចុងឆ្នាំ​២០២០។ ប្រការនេះ បានញ៉ាំងឲ្យ​វិស័យ​ផលិត​ប្រេងឆៅ ដែលជាប្រភពចំណូលដ៏សំខាន់របស់លីប៊ីនោះ អាចចាប់ផ្តើមងើបដំណើរការបន្តិចឡើងវិញ។

គួរកត់សំគាល់ថា លោក Abdel Hamid Dbeibah ដែលទើបតែត្រូវបាន​គេតែងតាំង​ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ននេះ មិនត្រូវបាន​គ្រប់ភាគីលីប៊ីពេញចិត្តទាំងស្រុងទេ។ មានអាយុ ៦១ឆ្នាំ លោកគឺជាអ្នកជំនួញ មានទ្រព្យស្តុកស្តម្ភម្នាក់ ហើយធ្លាប់ជាមនុស្ស​ស្និទនឹងក្រុម​អតីតមេដឹកនាំផ្តាច់ការ​ កាដាហ្វ៊ី។ លោកម្នាក់នេះ ត្រូវបាន​គេស្គាល់ថា ស្និទនឹងតួកគី ព្រមទាំងក្រុមភាតរៈអ៊ីស្លាម។

លោក Wolfram Lacher អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថានសិក្សាកិច្ចការអន្តរជាតិ និងសន្តិសុខ នៅប្រទេសអាល្លឺម៉ង់ បានលើកឡើងថា គេសង្ឃឹមតិចណាស់ ថា​រដ្ឋាភិបាល​បណ្តោះអាសន្ន​ថ្មីរបស់​លីប៊ីនេះ នឹងអាចប្រមូលផ្តុំការគាំទ្រ ពីគ្រប់ក្រុមនយោបាយនិងក្រុមប្រដាប់អាវុធ។ យ៉ាងណាមិញ មានមនុស្ស​មួយចំនួន​ បានលើកឡើងផងដែរ ថាគម្រោងចង់រៀបចំការបោះឆ្នោត​នៅ​ខែធ្នូ គឺមិនអាចធ្វើទៅបានទេ។ តែយ៉ាងណា​គេសង្ឃឹមថា ដំណឹងល្អនៃការ​រៀបចំរដ្ឋាភិបាល​អន្តរកាលថ្មីនេះ នឹងមិនធ្វើ​ឲ្យ​ប្រជាជនលីប៊ី ​ខកបំណងម្តងទៀតទៅចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ