អានតួអត្ថបទ
យេម៉ែន-ទុរភឹក្ខ

ឆ្នាំ​២០២១ កុមារអាយុ​ក្រោម​៥ឆ្នាំ ចំនួន​​​ពាក់​​កណ្តាល​​​​នៅ​​​យេម៉ែន​ នឹង​​​ខ្វះ​​អាហារូបត្ថម្ភ

នៅក្នុងឆ្នាំ​២០២១នេះ កុមារអាយុក្រោម​៥ឆ្នាំ ចំនួន​យ៉ាងហោចពាក់កណ្តាល នៅ​ប្រទេសយេម៉ែន ​នឹងប្រឈមនូវ​កង្វះអាហារូបត្ថម្ភ​ធ្ងន់ធ្ងរ។ នេះគឺជាសារអំពាវនាវ របស់អង្គការសហប្រជាជាតិ ខណៈដែល​សង្រ្គាមរ៉ាំរ៉ៃ នៅតែបន្តយាយីប្រទេស​​យេម៉ែន ហើយដែលវាធ្វើឲ្យ​ ការផ្តល់ជំនួ​យ​មនុស្សធម៌ ត្រូវជួប​​​ឧបសគ្គ​ច្រើន​បំផុត​។​

កុមារជនជាតិយេម៉ែន ឈ្មោះ Faid Samim ដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត នៅមន្ទីរពេទ្យ​ al-Sabeen ក្រុង Sanaa ថ្ងៃទី២៨ ធ្នូ​២០២០
កុមារជនជាតិយេម៉ែន ឈ្មោះ Faid Samim ដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត នៅមន្ទីរពេទ្យ​ al-Sabeen ក្រុង Sanaa ថ្ងៃទី២៨ ធ្នូ​២០២០ REUTERS - Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមនៅយេម៉ែន មិនមែនត្រឹមតែបានផ្តាច់ជីវិតប្រជាជនស្លូតត្រង់​ ​រាប់ម៉ឺននាក់ប៉ុណ្ណោះទេ តែវាកំពុងតែ​នាំ​កុមារយេម៉ែន​ ឲ្យ​ធ្វើដំណើរទៅកាន់​មាន់ជ្រោះនៃសេចក្តី​ស្លាប់។ កុមារអាយុក្រោម​៥ឆ្នាំ ចំនួន​ពាក់កណ្តាលនៅទូទាំងយេម៉ែន កំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលចាំបាច់ដល់ការរីកធំធាត់។ នេះគឺជាការសន្និដ្ឋានរួមគ្នា របស់អង្គការចំណីស្បៀងអាហារនិងកសិកម្ម FAO អង្គការ Unicef និង​កម្មវិធីស្បៀងអាហារពិភពលោក PAM។

យោងតាមភ្នាក់ងារមនុស្សធម៌ នៃអង្គការសហប្រជាជាតិទាំងនេះ មានកុមារអាយុក្រោម៥ឆ្នាំ ប្រមាណ​២លាន​៣សែននាក់ នៅយេម៉ែន ដែល​គ្មាន​ចំណីអាហារគ្រប់គ្រាន់។ ហើយក្នុងចំណោមនេះ មានកុមារ​​ប្រមាណ​៤សែននាក់  ដែលស្ថិតក្នុង​ស្ថានភាពគ្រោះថ្នាក់បំផុត ហើយ​អាចប្រឈមនឹងការស្លាប់​បាត់បង់ជីវិត ប្រសិនបើគ្មានការសង្គ្រោះ​បន្ទាន់ទេនោះ។​ តួលេខទាំងនេះ បង្ហាញថា ក្នុងឆ្នាំ​២០២១ កុមារដែល​ជួបបញ្ហា​កង្វះអាហារូបត្ថម្ភ គឺបាន​កើនឡើងចំនួន​២២% បើប្រៀបធៀបទៅឆ្នាំ​មុន។ បន្ថែមពីនេះទៀត ស្ត្រីពរពោះ និងកំពុងបំបៅកូន ប្រមាណ​១លាន២សែននាក់ នៅយេម៉ែន ក៏កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភគ្រប់គ្រាន់ដែរ។

លោកស្រី Henrietta Fore អគ្គនាយក​អង្គការ Unicef បានលើកឡើងថា អង្គការមនុស្សធម៌ទាំងអស់ ត្រូវការសុវត្ថិភាព និងច្រកផ្លូវ ដើម្បី​​ដឹកជញ្ជូនស្បៀង ព្រមទាំង​រៀបចំផែនការ​បែងចែងស្បៀង ឲ្យ​បានទៀងទាត់បំផុតនៅយេម៉ែន ព្រោះថាការយឺតយ៉ាវពីមួយថ្ងៃទៅមួយថ្ងៃ គឺកុមារ​យេម៉ែន ដែលត្រូវប្រឈមនឹងមរណៈភាព។

លោក David Beasley នាយក​ប្រតិបត្តិ​កម្មវិធីស្បៀងអាហារពិភពលោក បាន​លើកឡើងថា ដើម្បី​បិទបញ្ចប់គ្រោះទុរភិក្ខនៅ​យេម៉ែន គឺគ្មានដំណោះ​ស្រាយ​​ណាផ្សេង ក្រៅពី​​ទំលាក់អាវុធឈប់បាញ់ ហើយ​បើកផ្លូវ​ឲ្យ​​មាន​ការដឹក​ជំនួយ​ស្បៀងអាហារ។ ដូចគ្នាដែរ លោក Luca Russo មន្ត្រីអង្គការ FAO បានលើកឡើងថា សង្រ្គាម​រ៉ាំរ៉ៃនៅយេម៉ែន ប្រមាណ​៥ឆ្នាំមកនេះ បានរុញច្រានប្រទេសនេះ ឲ្យ​ធ្លាក់ទៅក្នុង​វិបត្តិ​មនុស្សធម៌ ដ៏ធ្ងន់ធ្ងរបំផុត។

រហូតមកទល់ពេលនេះ គឺគ្មាន​យន្តការ​ដំណោះស្រាយ​ណាមួយ ដែល​អាចជំរុញឲ្យ​ភាគីជម្លោះ នៅយេម៉ែន​​ព្រមចរចាគ្នាទេ។ ជាងនេះទៀត ក្រុម​ឧទ្ទាម​ហ៊ូទី បានបន្ថែមការវាយ​ប្រហារបាញ់ផ្លោងកាន់តែខ្លាំងទៅលើអារ៉ាប៊ីសាអូឌីត ដែលនេះមានន័យថា កងទ័ពអារ៉ាប៊ីសាអូឌីត អាចនឹងបន្ថែម​ការវាយ​សកសិកវិញ ក្នុងពេល​ដ៏ឆាប់ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ