អានតួអត្ថបទ
អាហ្វ្រិក-អន្តោប្រវេសន៍

ជនអន្តោ​ប្រវេសន៍​​​ជាង២០០នាក់​ត្រូវគេ​​សង្គ្រោះ​​បាន​ ក្នុង​សមុទ្រ​លីប៊ី រវាងថ្ងៃ​ទី​​២៧​និង​២៨កុម្ភៈ

យ៉ាងហោចណាស់ មាន​ជនភៀសខ្លួនអាហ្វ្រិក ចំនួន​ជិត​១០០នាក់ ដែលត្រូវ​បាន​ឆ្មាំសមុទ្រលីប៊ី សង្គ្រោះបាន កាលពី​ថ្ងៃអាទិត្យ​ទី​២៨កុម្ភៈម្សិលមិញ ខណៈដែលពួកគេកំពុងព្យាយាមជិះទូកឆ្លងទៅ​អឺរ៉ុប។ ជនភៀសខ្លួន​ប្រមាណ​ជាង២០នាក់កំពុងស្ថិតក្នុងការបាត់ខ្លួន​។ ចំណែក កាលពី​ថ្ងសៅរ៍ទី ២៧កុម្ភៈ នាវាអង្គការមនុស្សធម៌អាល្លឺម៉ង់មួយ បានសង្គ្រោះបាន​ជនភៀសខ្លួន ចំនួន​១៤៧នាក់។

ស្ត្រីឈ្មោះ Sandrine ជនជាតិកាម៉េរូន អាយុ៣៣ឆ្នាំ បីកូនតូច នៅក្នុងទូកដែលអណ្តែតក្នុងសមុទ្រម៉េឌីទែរ៉ាណេ ជាមួយ​នឹង​ជនអន្តោប្រវេសន៍ផ្សេងទៀត ។ អង្គការអេស្ប៉ាញ Open Arms បានជួយសង្គ្រោះពួកគេ នៅថ្ងៃទី​១២ កុម្ភៈ ២០២១។
ស្ត្រីឈ្មោះ Sandrine ជនជាតិកាម៉េរូន អាយុ៣៣ឆ្នាំ បីកូនតូច នៅក្នុងទូកដែលអណ្តែតក្នុងសមុទ្រម៉េឌីទែរ៉ាណេ ជាមួយ​នឹង​ជនអន្តោប្រវេសន៍ផ្សេងទៀត ។ អង្គការអេស្ប៉ាញ Open Arms បានជួយសង្គ្រោះពួកគេ នៅថ្ងៃទី​១២ កុម្ភៈ ២០២១។ AP - Bruno Thevenin
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមប្រភពពី អង្គការអន្តរជាតិដើម្បីជនអន្តោប្រវេសន៍ (OIM) បានឲ្យដឹងថា ក្រុមឆ្មាំសមុទ្រលីប៊ី បានស្រង់ជនអន្តោប្រវេសន៍ ​នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ បានចំនួន​ជិត​១០០នាក់ នៅថ្ងៃទី ២៨កុម្ភៈ។ ឆ្មាំសមុទ្រលីប៊ី បានបញ្ជូនពួកគេ​ យកទៅទុកទៅទុក នៅ​មូលដ្ឋានកងទ័ពជើងទឹក ក្រុងទ្រីប៉ូលី ខណៈដែលមាន​មនុស្ស​ ជាង២០នាក់ផ្សេងទៀត ស្ថិតក្នុងការបាត់ខ្លួន។

យោងតាមប្រភពដដែល ជនអន្តោប្រវេសន៍​​ដែលគេសង្គ្រោះបាន គឺភាគច្រើនជាប្រជាជនអាហ្វ្រិក មកពីប្រទេស កាម៉េរូន ប្រទេសស៊ូដង់ និង ប្រទេសម៉ាលី ដែលក្នុងនោះមាន​ស្ត្រី៦នាក់ និងកុមារ២នាក់។

ដោយឡែក កាលពីថ្ងៃសៅរ៍ទី​២៧កុម្ភៈ នាវារបស់អង្គការ Sea-Watch បានស្រង់ជនអន្តោប្រវេសនន៍ នៅក្នុងសមុទ្រ មិនឆ្ងាយ​ប៉ុន្មានពី​ឆ្នេរ​លីប៊ី បានចំនួន​១៤៧នាក់។ ហើយកាលពីថ្ងៃសុក្រវិញ នាវារបស់អង្គការដដែលនេះ បានសង្គ្រោះជីវិតជនអន្តោប្រវេសន៍​ ចំនួន​៤៥នាក់​ផ្សេងទៀត។

សូមបញ្ជាក់ថា យោងតាមតួលេខរបស់​អង្គការអន្តរជាតិ ដើម្បីជនអន្តោប្រវេសន៍ នៅក្នុងឆ្នាំ​២០២០កន្លងទៅ មាន​ជនអន្តោប្រវេសន៍យ៉ាងហោច ១២០០នាក់ បានស្លាប់ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ។ ក្រៅពីនេះ មានយ៉ាងហោច ៣៧០០នាក់ ត្រូវបាន​គេសង្គ្រោះបាន ហើយ​ដឹកយកទៅដាក់ក្នុងមណ្ឌលក្នុងប្រទេសលីប៊ី។ យ៉ាងណាមិញ អង្គការមនុស្សធម៌​ បាន​លើកឡើងជាញឹកញាប់ អំពី​លក្ខខណ្ឌរស់នៅដ៏លំបាក និងការឃុំឃាំងដោយ​អមនុស្សធម៌ នៅតាម​មណ្ឌលដាក់ជនអន្តោប្រវេសន៍ ក្នុងប្រទេសលីប៊ី។

គួរកត់សំគាល់ថា បើទោះបីជាត្រូវឆ្លងកាត់ការលំបាក ប្រឈមគ្រោះថ្នាក់ដល់ជីវិតយ៉ាងណា ប្រជាជន​អាហ្វ្រិក​កាន់តែច្រើនឡើង បានសម្រេចចិត្ត​ផ្សងព្រេង ចាកចោល​ភូមិស្រុក ដើម្បីមកសុំសិទ្ធិជ្រកកោននៅអឺរ៉ុប។​ ភាពក្រីក្រខ្លាំង គ្រោះធម្មជាតិ សង្រ្គាមរ៉ាំរ៉ៃ ព្រមទាំងអំពើពុករលួយ នៅតាមប្រទេសពួកគេ គឺជា​មូលហេតុដែលធ្វើ​ឲ្យ​ពួកគេ​ គ្មានសេចក្តីសង្ឃឹមចំពោះអនាគត។ លីប៊ីដែល​ស្ថិតនៅចំងាយប្រមាណ៣០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប្រទេសអ៊ីតាលី គឺជា​ច្រកមួយ​ដ៏សំខាន់។ សង្រ្គាម និងបញ្ហាអសន្តិសុខនៅលីប៊ី ប៉ុន្មានឆ្នាំមកនេះ បានបើកផ្លូវយ៉ាងទូលាយ ឲ្យ​ដល់ក្រុមឈ្មួញទុច្ចរិត ដែលរកស៊ីដឹកជញ្ជូនជនអន្តោប្រវេសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ