អានតួអត្ថបទ
លីប៊ី-អឺរ៉ុប-អន្តោប្រវេសន៍

៤៨ម៉ោង​ចុងក្រោយ ឆ្មាំ​សមុទ្រ​លីប៊ី​សង្គ្រោះ​បាន​ជន​អន្តោប្រវេសន៍​ឆ្លងទូក​ទៅ​អឺរ៉ុប ចំនួន​​ជាង​៦០០នាក់​

ជនអន្តោប្រវេសន៍ ដែលឆ្លងទូកតាមសមុទ្រម៉េឌីទែរ៉ាណេ ចូលទៅកាន់ទឹកដីអឺរ៉ុប នៅតែមានឥតដាច់ បើទោះបីជាត្រូវ​ផ្សងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ យោងតាមការ​ឲ្យដឹង ពីឆ្មាំសមុទ្រលីប៊ី គឺនៅ​រវាងថ្ងៃសុក្រទី៣០មេសា និង ថ្ងៃអាតិទ្យទី​២ឧសភា គេបានឃាត់សង្គ្រោះបាន​ជនអន្តោប្រវេសន៍ ចំនួន​ជាង​៦០០នាក់។ ដែលឡែក កាលពីថ្ងៃទី​២២មេសា ជនអន្តោប្រវេសន៍ចំនួន​ប្រមាណ​១៣០នាក់ បានលេចទូកក្នុងសមុទ្រ ដោយ​ក្រុមសង្គ្រោះ មិនអាចទៅជួយទាន់ពេលវេលា។

ក្រុមសង្គ្រោះរបស់អង្គការអាល្លឺម៉ង់​ Sea-Watch កំពុងសង្គ្រោះកុមារអន្តោប្រវេសន៍ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ថ្ងៃទី ២៦ កុម្ភៈ ២០២១
ក្រុមសង្គ្រោះរបស់អង្គការអាល្លឺម៉ង់​ Sea-Watch កំពុងសង្គ្រោះកុមារអន្តោប្រវេសន៍ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ថ្ងៃទី ២៦ កុម្ភៈ ២០២១ via REUTERS - Selene Magnolia/Sea-Watch
ផ្សាយពាណិជ្ជកម្ម

ចន្លោះពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ​ចុងសប្តាហ៍កន្លងទៅនេះ ក្រុមឆ្មាំសមុទ្រលីប៊ី បានឃាត់សង្គ្រោះបានជន​អន្តោប្រវេសន៍ឆ្លងទូក ចំនួន៣ក្រុមផ្សេងគ្នា។ ក្រុមទីមួយ​មានមនុស្ស​ ១៣២នាក់ ក្រុមទី២មានមនុស្ស​១៧២នាក់ និងក្រុមទី​៣ មាន​មនុស្ស​៣៣៤នាក់ ភាគច្រើនសុទ្ធតែជាប្រជាជនមកពីទ្វីបអាហ្វ្រិក។

ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបាន​ក្រុមឆ្មាំសមុទ្រលីប៊ី បញ្ជូនយកទៅអង្គភាពប្រយុទ្ធប្រឆាំងនឹង​អន្តោប្រវេសន៍ខុសច្បាប់ របស់​ក្រសួង​​មហាផ្ទៃលីប៊ី។ អង្គការអន្តរជាតិដើម្បី​ជនភៀសខ្លួន (OIM) បានបញ្ជាក់ឲ្យដឹង ថា​៤៨ម៉ោងចុងក្រោយនេះ គេពិតជាបាន​បញ្ជូន​ជំនួយសង្គ្រោះបន្ទាន់ ជួយ​ដល់ ជនអន្តោប្រវេសន៍ជាង​៦០០នាក់ នៅលីប៊ី។

គួរបញ្ជាក់ថា លីប៊ី គឺច្រកដ៏សំខាន់ ក្នុងការធ្វើដំណើររបស់ជនភៀសខ្លួន ជនអន្តោប្រវេសន៍ ដែល​មានបំណងចូលទៅសុំសិទ្ធិជ្រកកោននៅអឺរ៉ុប។ កោះប្រទេសអ៊ីតាលី ស្ថិតនៅចំងាយ​តែប្រមាណ​ជាង​៣០០គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរលីប៊ី។ ក្រុមឈ្មួញទុច្ចរិត រកស៊ីដឹកជញ្ជូនជនអន្តោប្រវេសន៍ឆ្លងសមុទ្រ ដោយ​ប្រើ​ទូក​ពោងតូចៗ ដាក់មនុស្ស​ពេញៗ ប្រថុយនឹងគ្រោះថ្នាក់បំផុត។

កាលពីថ្ងៃសៅរ៍ទៅ១ឧសភា នាវា Ocean Viking របស់អង្គការ SOS Méditerranée បានដឹកជនអន្តោប្រវេសន៍ចំនួន ២៣៦នាក់ ទៅដាក់នៅលើកោះ​Sicile របស់អ៊ីតាលី។ អង្គការនេះបានអះអាងថា អ្វីដែលគេសង្កេតឃើញ គឺក្នុងចំណោមជនអន្តោប្រវេសន៍ដែលឆ្លងទូក គឺមាន​កុមារ និងអនីតិជនកាន់តែច្រើនឡើង ហើយ​ធ្វើដំណើរតែម្នាក់ឯង ដោយគ្មានក្រុមគ្រួសារមកជាមួយទេ។

យោងតាមអង្គការ SOS Méditerranée ដែលតែងតែជួយសង្គ្រោះជនអន្តោប្រវេសន៍ បានអះអាងថា គិតពីដើមឆ្នាំ២០២១នេះមក មានជនអន្តោប្រវេសន៍ ចំនួន​៤៥៣នាក់ បានស្លាប់បាត់ខ្លួនក្នុងសមុទ្រ។ កាលពីថ្ងៃទី​២២មេសា ទូកដឹកជនអន្តោប្រវេសន៍មួយ មានមនុស្ស​ប្រមាណ​១៣០នាក់ បានលិចក្នុងសមុទ្រ ដោយ​ក្រុមសង្គ្រោះទៅជួយ​មិនទាន់។​ លោកស្រី Sophie Beau អគ្គនាយកអង្គការ​ SOS Méditerranée បានអំពាវនាវ សុំឲ្យ​ប្រទេសសហភាពអឺរ៉ុប សហការគ្នា បង្កើនអន្តរាគមន៍នាវាល្បាត ឲ្យ​បានច្រើន និងចែកចាយ​ដំណឹងគ្នា ជាមួយ​នាវាអង្គការ និងនាវាដឹកទំនិញឯកជន ដើម្បីធ្វើយ៉ាងណា ជួយ​សង្គ្រោះជនអន្តោប្រវេសន៍ ឲ្យ​បានទាន់ពេលវេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ