អានតួអត្ថបទ
ម៉ាលី

ម៉ាលី៖ ក្រុម​យោធា​ឃាត់ខ្លួន ប្រធានាធិបតី ​និង​នាយករដ្ឋមន្ត្រី​ នៃ​រដ្ឋាភិបាល​​អន្តរកាល

វិបត្តិនយោបាយ​នៅប្រទេសម៉ាលី កំពុងតែវឹកវរសាជាថ្មី បន្ទាប់ពីលោក​ប្រធានាធិបតី និង​លោកនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល​អន្តរកាលរបស់ប្រទេសនេះ ត្រូវបាន​ក្រុមយោធា ចាប់ឃាត់ខ្លួនកាលពីថ្ងៃចន្ទ ទី២៤ឧសភា ។ បើតាមប្រភព​ពីកងទ័ពម៉ាលី ការឃាត់ខ្លួននេះ គឺដោយ​សារមន្ត្រីមេទ័ពធំៗ មិនពេញចិត្ត ចំពោះ​សមាសភាពនៃរដ្ឋាភិបាល​ថ្មីនេះ ដែលធ្វើឲ្យ​មេទ័ពខ្លះ បាត់បង់តំណែងមុខងារ។

លោកនាយករដ្ឋមន្ត្រី Moctar Ouane (ឆ្វេង) និងលោក​អនុប្រធានធិបតី មេបញ្ជាការ Assimi Goita (ស្តាំ) នៅក្នុងពិធីបុណ្យសព លោក​អតីតប្រធានាធិបតីម៉ាលី Amadou Toumani Toure។ ក្រុងបាម៉ាកូ ថ្ងៃទី ១៧ វិច្ឆិកា ២០២១
លោកនាយករដ្ឋមន្ត្រី Moctar Ouane (ឆ្វេង) និងលោក​អនុប្រធានធិបតី មេបញ្ជាការ Assimi Goita (ស្តាំ) នៅក្នុងពិធីបុណ្យសព លោក​អតីតប្រធានាធិបតីម៉ាលី Amadou Toumani Toure។ ក្រុងបាម៉ាកូ ថ្ងៃទី ១៧ វិច្ឆិកា ២០២១ AFP - MICHELE CATTANI
ផ្សាយពាណិជ្ជកម្ម

ប្រភពមិនបញ្ចេញឈ្មោះ ពីកងទ័ពម៉ាលី បានឲ្យដឹងថា លោកប្រធានាធិបតីម៉ាលី Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane ត្រូវបាន​ក្រុមយោធា ចាប់បញ្ជូនយកទៅមន្ទីរឃុំឃាំង Kati របស់កងទ័ព ដែលស្ថិតនៅមិនឆ្ងាយ​ពីរដ្ឋធានីបាម៉ាកូ។ លោក នាយករដ្ឋមន្ត្រី Moctar Ouane បាន​ប្រាប់បណ្តាញ​ព័ត៌មាន​បារាំង AFP តាមទូរស័ព្ទ ថាមនុស្សរបស់លោក មេបញ្ជាការ Assimi Goïta ពិតជាបានមកយករូបលោកចេញពីផ្ទះពិតមែន។ និយាយបានតែប៉ុណ្ណេះ ការសន្ទនាតាម​ទូរស័ព្ទ​ ក៏ត្រូវ​កាត់ផ្តាច់ លែងទំនាក់ទំនងបាន។

ដំណឹងនៃការ​ចាប់ខ្លួនប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាល​អន្តរកាលម៉ាលីនេះ ត្រូវបាន​សហគមអន្តរជាតិ ប្រតិកម្ម​ភ្លាមៗ។ លោក​អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បាន​អំពាវនាវ ឲ្យ​មានការស្ងប់ស្ងាត់ និងបានទាមទារឲ្យ​កងទ័ព ត្រូវដោះលែងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវីល។ ដូចគ្នាដែរ លោកប្រធានសហភាព​អាហ្វ្រិក បានអំពាវនាវថា កងទ័ពត្រូវតែដោះលែង ប្រធានា​ធិបតី និងនាយករដ្ឋមន្ត្រីម៉ាលី ភ្លាមនិងដោយ​ឥតលក្ខខណ្ឌ។

សូមបញ្ជាក់ថាលោក Moctar Ouane ដែលជនស៊ីវីល ត្រូវបាន​គេជ្រើសតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន តែដោយ​មានទំនាស់ជាមួយក្រុមយោធា លោកបាន​សម្រេចលាឈប់ពីមុខតំណែងកាលពី១០ថ្ងៃមុន មុននឹងត្រូវបានលោក​ប្រធានាធិបតី សំណូមពរឲ្យ​បន្ត​ការងារទៀត ដោយបើកសិទ្ធិឲ្យរៀបចំរដ្ឋាភិបាល ដែលបើកចំហរ។ តាមប្រភពច្បាស់ការបានអះអាងថា ក្រុមកងទ័ពម៉ាលី មិនពេញចិត្តនឹងសមាសភាព របស់រដ្ឋាភិបាលដឹកនាំដោយ​លោក Moctar Ouane ទេ ព្រោះមន្ត្រីមេទ័ពធំ២នាក់ គ្មានឈ្មោះនៅក្នុងក្រសួងការពារជាតិ និងសន្តិសុខផ្ទៃក្នុង​។

គួររំលឹកថា ប្រមាណ​មួយឆ្នាំមកនេះ ប្រទេសម៉ាលី បានពើបប្រទះនឹងវិបត្តិនយោបាយ បន្ទាប់ពីក្រុមកងទ័ព ដឹកនាំដោយ​លោកមេបញ្ជាការ Assimi Goïta បានធ្វើរដ្ឋប្រហារ ទំលាក់លោកប្រធានាធិបតី Ibrahim Boubacar Keïta ចេញពីតំណែង កាលពីថ្ងៃទី ១៨ សីហា ២០២០។ ដោយ​រងសំពាធពីសហគមអន្តរជាតិ កងទ័ពម៉ាលី បានសុខចិត្តសន្យា ថានឹងរៀបចំបង្កើត រដ្ឋាភិបាល​អន្តរកាលមួយ មុននឹងរៀបចំបោះឆ្នោតប្រជាមតិសើរើរដ្ឋធម្មនុញ្ញ និងបោះឆ្នោតប្រធានាធិបតីថ្មី នៅដើម​ឆ្នាំ​២០២២។ ជាមួយ​នឹងហេតុការណ៍ ចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលអន្តរកាលនាពេលនេះ បានធ្វើឲ្យ​សហគមអន្តរជាតិ មាន​ការព្រួយបារម្ភ និងបាត់បង់ទំនុកចិត្ត ថាក្រុមកងទ័ពម៉ាលី អាចគោរពសន្យាពិតមែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ