អានតួអត្ថបទ
ស៊ូដង់-កងទ័ព-នយោបាយ

មេដឹកនាំយោធាស៊ូដង់សន្យាធ្វើកំណែទម្រង់ក្នុងជួរកងទ័ព

ឧត្តមសេនីយ៍​ អាប់ឌែល ហ្វាតា អាល់បួរ៉ាន​ ប្រធាន​ក្រុម​ប្រឹក្សា​អធិបតេយ្យ​ស៊ូដង់​ នៅ​ថ្ងៃ​អាទិត្យ​ ទី២៦ កញ្ញា​ បាន​សន្យាថា​នឹង​ធ្វើ​កំណែ​ទម្រង់​ក្នុងជួរកងទ័ព​។ ការ​ប្រកាសនេះ​ធ្លាក់មក​នៅ​ប៉ុន្មានថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​ស៊ូដង់​និយាយថា​ខ្លួន​បាន​រារាំង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មួយ​។

ឧត្តមសេនីយ៍ អាប់ឌែល ហ្វាតា អាល់បួរ៉ាន ប្រធានក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់។
ឧត្តមសេនីយ៍ អាប់ឌែល ហ្វាតា អាល់បួរ៉ាន ប្រធានក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់។ AFP PHOTO/HO/SUNA
ផ្សាយពាណិជ្ជកម្ម

នៅឯ​ពិធី​បើក​សម្ពោធ​មន្ទីរ​ពេទ្យ​យោធាមួយ​ក្នុងទីក្រុង​ខាទុំ​ ប្រធាន​ក្រុម​ប្រឹក្សា​យោធា​ដែល​កំពុង​កាន់​អំណាច​នៅ​ស៊ូដង់​លោកអាល់បួរ៉ាន​ បាន​ប្រកាសថានឹង​រៀបចំ​ពង្រឹង​កម្លាំង​ទ័ព​ឡើងវិញ​ ...រាល់​សកម្មភាព​បក្ស​ពួក​និយម​ត្រូវតែហាមឃាត់​នៅក្នុងជួរកងទ័ព​។ ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវតែ​ប្តេជ្ញា​រៀបចំ​ការបោះឆ្នោត​ទៅតាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់​នៅ​ឆ្នាំ ២០២៣ ខាងមុខ​ដែល​ជា​វេលា​បញ្ចប់​សម័យ​អន្តរកាល​។

គួរបញ្ជាក់ថា​ ប្រទេស​ស៊ូដង់​សព្វថ្ងៃនេះ​ដឹកនាំដោយ​រដ្ឋបាលស៊ីវិល​និងយោធា​។ រដ្ឋា​ភិបាល​នេះបាន​ប្រសូតឡើង​ក្រោមកិច្ចព្រមព្រៀងចែករំលែកអំណាចគ្នា​កាលពី​ខែ​សីហា​ ឆ្នាំ ២០១៩ រវាង​យោធា​ និង​សម្ព័ន្ធ​បក្ស​ប្រឆាំង​ដ៏​ធំរបស់​ស៊ូដង់​ ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​ប្រធានាធិបតី អូម៉ា អាល់បាស្ហៀរ​ កាលពីខែ​មេសា​ ឆ្នាំ​ ២០២១៩​ដដែល​នោះ​។ ក្រុម​ស៊ីវិលនិង​ក្រុម​យោធា​ត្រូវ​កាន់​ដៃគ្នា​ដឹកនាំស៊ូដង់​ក្នុង​សម័យ​អន្តរកាល​មុន​នឹង​រៀបចំ​ការ​បោះឆ្នោត​ជា​ផ្លូវការ​។

រដ្ឋាភិបាលស៊ូដង់​បាននិយាយថា​ខ្លួនបានរារាំង​ការប៉ុនប៉ងធ្វើរដ្ឋប្រហារ​មួយកាលថ្ងៃទី ២១​ ខែកញ្ញា ឆ្នាំ២០២១​។ អ្នក​ដែល​ជាប់ពាក់ព័ន្ធ​រដ្ឋប្រហារនេះ​រួមមាន​មន្រ្តីយោធា​ និង​ជន​ស៊ីវិល​ដែលស្មោះស័្មគ្រ​នឹង​លោកអាល់បាស្ហៀរ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់ពន្ធនាគារ​។ យ៉ាង​ហោច​ណាស់​មន្រ្តី​ចំនួន​ ១១ នាក់ ស្ថិត​ក្នុងចំណោមជន​ដែល​ត្រូវបាន​ចាប់ខ្លួន​។

នាយក​រដ្ឋមន្ត្រី​ស៊ូដង់​ លោក អាប់ដាឡា ហមដុក (Abdalla Hamdok) បាន​អំពាវនាវឲ្យ​មាន​ការ​ធ្វើកំណែទម្រង់​នៅក្នុងជួរកងទ័ព​ដែលជា​បញ្ហារសើបខ្លាំង​នៅក្នុង​ប្រទេស​។ ការ​ផ្ទេរអំណាច​ឲ្យរដ្ឋាភិបាលស៊ីវិល​គ្រប់គ្រងទាំងស្រុង​ ត្រូវគេមើលឃើញថា​នៅតែ​ជួប​ឧបសគ្គ​ច្រើន​ក្នុងប្រទេស​ស៊ូដង់​ដោយសារ​ការ​បែកបាក់គ្នា​ក្នុង​ចំណោម​មន្ត្រីរដ្ឋាភិបាល​ វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ និងតួនាទី​របស់មេដឹកនាំស៊ីវិល​ដែល​កាន់​តែ​ថយ​ធ្លាក់ចុះ​។

ក្រោយ​មាន​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ ថ្នាក់​ដឹកនាំ​យោធាបាន​ស្តី​បន្ទោស​អ្នក​នយោបាយ​ស៊ូដង់​ និងថា​ពួកគេ​គឺជាបុព្វ​ហេតុ​ចំបង​ជំរុញឲ្យមាន​ការធ្វើរដ្ឋប្រហារ​ ពីព្រោះ​ពួក​គេ​មិន​បាន​យកចិត្តទុកដាក់ពីប្រជាជន​ ប៉ុន្តែគិតតែពី​ខ្វល់រឿង​ប្រយុទ្ធ​ប្រឆាំង​គ្នា​ដើម្បី​អាច​បន្ត​កាន់​អំណាច​ទៅមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ