អានតួអត្ថបទ
ភាពរាំងស្ងួត

WFP ព្រមាន​ពី​គ្រោះទុរភិក្ស​សម្រាប់​ប្រជាជន​កេនយ៉ា ជាង ២លាននាក់

បន្ទាប់ពីគ្រោះទឹកជំនន់ ប្រជាជន​កេនយ៉ា​កំពុង​រងគ្រោះ ដោយសារ ភាពរាំងស្ងួត ហួតហែង។ ក្នុង​កាលៈទេសៈ ដែលប្រទេស​កំពុង​ជួបវិបត្តិ​កូវីដ​រួចទៅហើយនោះ គ្រោះធម្មជាតិ​ផ្ទួនៗ កំពុង រុញច្រាន​ប្រជាជន​កេនយ៉ា​ឲ្យ​ធ្លាក់ក្នុង​គ្រោះអត់ឃ្លាន។ នៅថ្ងៃ​សុក្រ មន្រ្តី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កេនយ៉ា បាន​ទាញ​សញ្ញា​អាសន្ន ពីអសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ សម្រាប់​ប្រជាជន​កេនយ៉ា ជាង ២លាន ៤សែននាក់។

សត្វពាហនៈ​រងគ្រោះ​មុនគេ ដោយសារ​គ្រោះរាំងស្ងួត​ខ្លាំង​និង​យូរនៅប្រទេស​កេនយ៉ា
សត្វពាហនៈ​រងគ្រោះ​មុនគេ ដោយសារ​គ្រោះរាំងស្ងួត​ខ្លាំង​និង​យូរនៅប្រទេស​កេនយ៉ា ASSOCIATED PRESS - Jerome Delay
ផ្សាយពាណិជ្ជកម្ម

ទុក្ខជាន់លើទុក្ខ។ គ្រោះរាំងស្ងួត ជាបន្តបន្ទាប់គ្នា តាំង​ពី​ចុងឆ្នាំ ២០២០មក បានធ្វើ​ឲ្យ​ប្រជាជន​កេនយ៉ា ​ជាង​២លាននាក់​ធ្លាក់ខ្លួន ជួប គ្រោះអត់ឃ្លាន។ ដោយសារ​ភាពរាំងស្ងួត​ក្នុងរយៈពេលវែង ប្រធានាធិបតី​កេនយ៉ា លោក Uhuru Kenyatta បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាពរងគ្រោះមហន្តរាយធម្មជាតិ កាលពី​ថ្ងៃទី ៨​កញ្ញា​កន្លងទៅ។ កាលណោះ​អាជ្ញាធរ​ជាតិគ្រប់គ្រង​គ្រោះរាំងស្ងួត​បាន​វាយតម្លៃ​ថា ប្រជាជន​កេនយ៉ា​ប្រមាណ ២លាន ១សែននាក់ ជួប​គ្រោះអត់ឃ្លាន។ សម្រាប់ កម្មវិធីស្បៀងអាហារ​ពិភពលោក ចាប់ពី​ខែ​វិច្ឆិកា​ខាងមុខ ប្រជាជនកេនយ៉ា​ដែល​ត្រូវជួប​គ្រោះទុរភិក្ស នឹង​កើនឡើង ដល់​ចំនួន​២លាន ៤សែននាក់។

 

តាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក នៅកេនយ៉ា ចំនួនប្រជាជន​ជួបគ្រោះអត់ឃ្លាន បានកើនឡើង ៣ដង បើប្រៀបធៀប​នឹង​រយៈពេលដូចគ្នា កាលពី​ឆ្នាំមុន។ ពី​ខែ​តុលា ដល់ ខែ វិច្ឆិកា ឆ្នាំ ២០២០ មាន​ប្រជាជន​កេនយ៉ា ជាង ៨សែន ៥ម៉ឺន​នាក់ ដែល​ជួបគ្រោះដាច់ស្បៀង​អាហារ​ធ្ងន់ធ្ងរ។

ប៉ុន្មាន​ឆ្នាំ​មក​ហើយ តំបន់​ភាគខាងកើត​កេនយ៉ា ជួបគ្រោះរាំងស្ងួត ធ្ងន់ធ្ងរ។ តាំង​ពី​ចុងឆ្នាំ ២០២០ ទឹកភ្លៀង​ធ្លាក់​មិនគ្រប់គ្រាន់ ដែលជា​ហេតុធ្វើ​ឲ្យ​ប្រជាជន​ខកខាន​មិនបាន​ធ្វើដំណាំ ប្រមូលផល អស់ជាច្រើនរដូវ។ គ្រោះរាំងស្ងួត​កើតឡើង​នៅ​ក្រោយ មួយភាគនៃ​ទឹកដី​ខាងកើត​របស់កេនយ៉ា​ធ្លាប់​រងគ្រោះ ដោយសារ​ការរាតត្បាត​នៃ​ហ្វូង​សត្វកណ្តូបចង្រៃ កាលពី​ចុងឆ្នាំ ២០១៩។ គេ​បារម្ភថា គ្រោះរាំងស្ងួត​នឹង​អាចអូសបន្លាយ​យូរ​តទៅទៀត ព្រោះថា រដូវភ្លៀង ​ចាប់ពី​ខែ​តុលា នឹង​មិនអាច​ផ្តល់​ទឹកភ្លៀង​គ្រប់គ្រាន់​ដូចមុន។ គេ​វាយតម្លៃថា ការប្រែប្រួលអាកាសធាតុ ជា​ដើមហេតុធ្វើ​ឲ្យ​មាន​គ្រោះរាំងស្ងួត ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ នៅប្រទេស​កេនយ៉ា។

នៅក្នុង​សេចក្តីថ្លែងការណ៍អំពាវនាវ​យកជំនួយ​មនុស្សធម៌​បន្ទាន់ កាលពី​ថ្ងៃ​សុក្រ កម្មវិធីស្បៀងអាហារ​ពិភពលោក បានលើកឡើង​ថា មាន​កុមារ​កេនយ៉ាង​ជាង ៤សែន៦ម៉ឺននាក់ និង​ស្រ្តីមានផ្ទៃពោះ ជិត ១០ម៉ឺននាក់ ដែល​កំពុង​រងគ្រោះ​ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ​នៅកេនយ៉ា។ ការខ្វះទឹក និង​អាហារ​ប៉ះពាល់​ផងដែរ ដល់​មុខរបរ​ចិញ្ចឹមសត្វ​ដែល​ជា​ប្រភពចំណូល​សំខាន់​របស់​ប្រជាជន​នៅតំបន់​ភាគខាងកើត​កេនយ៉ា។ សម្រាប់អ្នកតំណាង​របស់​កម្មវិធីស្បៀងអាហារ​ពិភពលោក គ្រោះរាំងស្ងួត​បាន​រួមចំណែក​បង្កើត​ឲ្យមាន​ជម្លោះ ដណ្តើម​ប្រភពទឹក។

ស្ថានភាព​នៅ​កេនយ៉ា​កាន់តែ​ធ្លាក់​ដុនដាប។ អង្គការ​សហប្រជាជាតិ​វាយតម្លៃថា គេត្រូវការប្រាក់ ១៣៩លាន​ដុល្លារ សម្រាប់​ជំនួយមនុស្សធម៌​បន្ទាន់​នៅ​កេនយ៉ា។ បើសិន​ទឹកភ្លៀង​ធ្លាក់​មិនគ្រប់គ្រាន់ នៅចុងឆ្នាំនេះ ដូចការព្យាករទុក នោះ តម្រូវការ ជំនួយ សម្រាប់​វិបត្តិ​គ្រោះទុរ្ភិក្ស​នៅកេនយ៉ា​នឹង​កើនឡើង​ច្រើនជាងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ