អានតួអត្ថបទ
លីប៊ី

១០ឆ្នាំក្រោយ​​ការស្លាប់​របស់​កាដាហ្វ៊ី តើ​លីប៊ី​កំពុងតែ​បោះ​ជំហាន​ទៅ​រកស្ថិរភាព និង​សន្តិភាព​ហើយ​ឬនៅ?

ថ្ងៃទី​២០ តុលា ឆ្នាំ២០១១ មេដឹកនាំផ្តាច់ការ​លីប៊ី មូអាម៉ា កាដាហ្វ៊ី ត្រូវបាន​គេសម្លាប់ នៅក្នុង​ព្រឹត​្តិការណ៍បដិវត្ត ផ្តួលរំលំរបបផ្តាច់ការ។ តែក្រោយ​មក លីប៊ីបានឆ្លងកាត់នូវសង្រ្គាម​វឹកវរ បំផ្លិចបំផ្លាញស្ទើគ្រប់វិស័យ ព្រមទាំងក្លាយ​ជាចំណែកលូកដៃអន្តរាគមន៍ ពីសំណាក់​ប្រទេសផ្សេងៗផង មុននឹងមានកិច្ចព្រមព្រៀងឈប់បាញ់ នៅខែតុលា ឆ្នាំ​២០២០។ ១០ឆ្នាំ ក្រោយ​ការស្លាប់ របស់​មេដឹកនាំផ្តាច់ការ កាដាហ្វ៊ី តើ​ប្រទេសលីប៊ី អាច​បោះជំហាន ឈានទៅរកស្ថិរភាព និង​សន្តិភាព​ពិតប្រាកដ ដែរឬទេ?

បុរសម្នាក់ កំពុងយកដុំថ្ម វាយលើបដារូប លោក កាដាហ្វ៊ី នៅក្នុង​ព្រឹត្តិការ​ណ៍​បដិវត្តបះបោរ ថ្ងៃទី ២៦ កុម្ភៈ ២០១១
បុរសម្នាក់ កំពុងយកដុំថ្ម វាយលើបដារូប លោក កាដាហ្វ៊ី នៅក្នុង​ព្រឹត្តិការ​ណ៍​បដិវត្តបះបោរ ថ្ងៃទី ២៦ កុម្ភៈ ២០១១ AP - Kevin Frayer
ផ្សាយពាណិជ្ជកម្ម

សង្គ្រាមស៊ីវីល រវាងក្រុមប្រដាប់អាវុធ ភាគខាងកើត និងភាគខាងលិចលីប៊ី បានហែកហួរ ប្រទេសនេះ ឲ្យខ្ទិចខ្ទីជាជម្រៀក ប្រមាណ​១០ឆ្នាំមកហើយ ក្រោយការដួលរលំ នៃរបបផ្តាច់ការរបស់ មូអាម៉ា កាដាហ្វ៊ី។ ក្រោមការជ្រោមជ្រែង ពីអង្គការសហប្រជាជាតិ រដ្ឋាភិបាលបង្រួមបង្រួមជាតិលីប៊ី បណ្តោះអាសន្នមួយ ត្រូវបាន​រៀបចំឡើងកាលពីខែមីនា និងដើម្បីឈានទៅរៀបចំការបោះឆ្នោត នៅថ្ងៃទី២៤ ធ្នូខាងមុខ។

យោងតាមលោក Hamish Kinnear អ្នកជំនាញនៅវិទ្យាស្ថាន Verisk Maplecroft ស្ថានភាពនៅលីប៊ី ក្នុងពេល​បច្ចុប្បន្ននេះ បាន​ប្រសើរឡើងច្រើនហើយ។ កិច្ចព្រមព្រៀងបទឈប់បាញ់ ចុះខែតុលា ឆ្នាំ​២០២០ នៅតែមានធរមាន ហើយ​រដ្ឋាភិបាលបង្រួបបង្រួមជាតិ(GNU) គឺជារដ្ឋាភិបាលតែមួយតំណាងលីប៊ី។ តែយ៉ាងណាក៏ដោយ ស្ថិរភាពនយោបាយនេះ មានភាពផុយស្រួយណាស់ ខណៈដែលការបោះឆ្នោតខិតជិតមកដល់។ តាមការវិភាគរបស់លោក ក្នុងរវាង៦ខែទៅមុខ គឺទើបអាចដឹងច្បាស់ ថា​ភាពស្ងប់ស្ងាត់កន្លងមកនេះ គ្រាន់តែជាការសំងំយកកម្លាំងរៀងៗខ្លួន ឬក៏ជា​ការវិវឌ្ឍន៍​ប្រសើរផ្នែកនយោបាយ​ ពិតប្រាកដមែននោះ។

សម្រាប់​លោក Mahmoud Khalfallah សាស្ត្រាចារ្យនៅសកលវិទ្យាល័យលីប៊ី ការបោះឆ្នោតតែមួយ​មុខ មិនអាចដោះស្រាយ​បញ្ហា​បាន​ទាំងស្រុង និងរៀងដរាបនោះទេ។ លោកលើកឡើងថា លីប៊ី មានឧបសគ្គច្រើនណាស់ ដែលត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ តួយ៉ាងដូចជា ការលូកដៃកកូរកកាយពីបរទេស សមត្ថភាពវិចារណញានរបស់​ប្រជាជនក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ការបែងចែកបក្សពួក តំបន់ប្រជែងគ្នា និងការទទួលយកលទ្ធផលបោះឆ្នោតជាដើម។ ការបែកបាក់គ្នា មានទំហំធំក្រៃ ដែលពិបាក​នឹងផ្សះផ្សា។ ក្រុមប្រដាប់អាវុធ ជាច្រើនក្រុមនៅភាគខាងលិច អាចនឹង​មិនទទួលបានទេ ប្រសិនបើ​លោកមេបញ្ជាការ Khalifa Haftar ឈ្នះឆ្នោតក្លាយជាប្រធានាធិបតី។ ហើយ​បក្សពួកលោកមេបញ្ជាការ Khalifa Haftar ក៏មិនប្រាកដថានឹងទទួលស្គាល់​បរាជ័យដែរ។

យ៉ាងណាក៏ដោយ សម្រាប់សហគមន៍អន្តរជាតិ ការបោះឆ្នោតនៅខែធ្នូ គឺជាដំណាក់កាលមួយ​ដ៏សំខាន់ សម្រាប់ការបោះជំហានឈានទៅ​កសាងស្ថិរភាពលីប៊ី។ មន្ត្រីទូតអឺរ៉ុបម្នាក់ បានលើកឡើងថា គេដឹងថាមានបញ្ហាច្រើនណាស់​ ដូចជាអំពើពុករលួយ និងភាពមិនប្រក្រតីទាំងឡាយដែលអាចកើតមានក្នុងដំណើរការបោះឆ្នោត។ ក៏ប៉ុន្តែ សហគមន៍អន្តរជាតិនៅតែបន្តសង្ឃឹមលើផ្លូវដើរនេះ។ លោក Ahmed el-Rachrach អ្នកវិភាគឯករាជម្នាក់នៅលីប៊ី បានលើកឡើងថា ប្រជាជនលីប៊ី ស្រេកឃ្លានចង់បានស្ថិរភាព សន្តិភាព ដើម្បីកសាងជីវភាពដែលធ្លាក់ដុនដាប ឲ្យ​ល្អប្រសើរឡើងវិញ បន្ទាប់ពី​ការដួលរលំទៅ១០ឆ្នាំមកនេះ នៃរបបផ្តាច់ការកាដាហ្វ៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ