អានតួអត្ថបទ
ស៊ូដង់-សេរីភាពសារព័ត៌មាន

អង្គការ​​សហ​ប្រជា​ជាតិ​​ជំរុញ​ឲ្យ​​ស៊ូដង់​​គោរព​​សិទ្ធិ​​សេរីភាព​​សារព័ត៌មាន

ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គូទែរស៍​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្នុង​ប្រទេស​ស៊ូដង់​គោរពសេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សារព័ត៌មាន​។ នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ដាក់​ជូន​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​កាលពីថ្ងៃ​សុក្រ​ ទី៣ ធ្នូម្សិលមិញ​ លោក​ប្រមុខ​អង្គការ​សហប្រជាជាតិ​ថា​របប​យោធាស៊ូដង់​បាន​ចាត់​ទុក​អ្នកកាសែត​ជា​សត្រូវ​។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរស៍។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរស៍។ John Minchillo POOL/AFP
ផ្សាយពាណិជ្ជកម្ម

សកម្មជន​នយោបាយ​ អ្នកកាសែត​ បាតុករ​រាប់រយនាក់​ និង​អ្នក​ដែល​បានឈរមើល​បាតុកម្ម​ប្រឆាំងរដ្ឋប្រហារ​ត្រូវបានចាប់ខ្លួន​បន្ទាប់ពី​ផ្ទះ​ការ​ចលាចល​ចុងក្រោយ​នៅ​ស៊ូដង់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១​។

នៅថ្ងៃនោះ​ ឧត្តមសេនីយ៍​ អាប់ឌែល ហ្វាតា អាល់បួរ៉ាន បានដណ្ដើមអំណាច​និង​បាន​ចាប់​ឃុំខ្លួន​នាយករដ្ឋមន្ត្រីលោក អាប់ដាឡា​ ហមដុក (Abdallah Hamdok)។ ក៏ប៉ុន្តែ​បន្ទាប់ពី​មាន​ការថ្កោលទោសខ្លាំង​ពី​អន្តរជាតិ​និងមានការតវ៉ាដ៏ធំ​ក្នុង​ប្រទេសផងនោះ​ មេដឹកនាំរដ្ឋប្រហារក៏យល់ព្រម​ឲ្យ លោក អាប់ដាឡា ហមដុក​ ចូលកាន់តំណែង​នាយករដ្ឋមន្ត្រី​វិញតាមរយៈ​កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា​។

"នៅខណៈដែលការប្រឆាំងទល់នឹងអ្នកសារព័ត៌មានកាន់តែរីកធំឡើងនោះ​ ខ្ញុំសូម​ជំរុញឲ្យ​អាជ្ញាធរ​ស៊ូដង់​គោរពនូវសេរីភាព​នៃ​ការ​បញ្ចេញមតិនិងសារព័ត៌មាន​" ។ នេះគឺជា​ប្រសាសន៍របស់លោក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ហ្គូទែរស៍ នៅក្នុងឯកសារ​ប្រចាំ​ត្រីមាស​ដែលនៅមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ​ ប៉ុន្តែ​ត្រូវ​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

លោក ហ្គូទែរស៍ បានបន្ថែមដោយ​រំលឹកឡើងវិញនូវ​ការ​អំពាវនាវ​របស់លោកឲ្យមានការដោះលែង​ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវជនដែលត្រូវបានចាប់ខ្លួន​និង​ឃុំខ្លួន​តាម​តែ​អំពើចិត្ត​របស់​អាជ្ញាធរស៊ូដង់​។ ក្រៅពីនេះ​ លោកក៏បាន​ទាមទារ​ឲ្យ​បញ្ឈប់​នូវ​ការ​ចាប់​ខ្លួន​មេដឹកនាំ​ និង​សកម្មជននយោបាយ​នៅស៊ូដង់​ដែរ​។

គួររំឭកថា​ ជាយូរមកហើយ​ដែល​ប្រទេស​ស៊ូដង់​មាន​ប្រវត្តិធ្វើរដ្ឋប្រហារយោធា និង​កម្រ​បាន​ស្គាល់ការ​គ្របគ្រង​តាមបែបប្រជាធិបតេយ្យណាស់​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៦​។ តាំងពី​រដ្ឋប្រហារ​ចុងក្រោយ​នា​ថ្ងៃទី ២៥​តុលាមក​ បាតុកម្ម​បាន​ផ្ទុះ​ឡើងនៅ​ទូទាំង​ស៊ូដង់ដែលជា​ប្រទេសដ៏ក្រីក្របំផុតមួយ​នៅក្នុង​ពិភពលោក​។ ហើយមក​ទល់នឹង​ពេលនេះ​ អនាគតរបស់​ស៊ូដង់​នៅតែ​មាន​ភាពស្រពេចស្រពិល​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ