អានតួអត្ថបទ
សុខភាព-គ្រុនចាញ់

OMS/WHO ៖ កូវីដ១៩​​បាន​​បណ្តាល​​ឲ្យ​​ចំនួន​​មនុស្ស​ស្លាប់ ដោយ​​​ជំងឺ​គ្រុនចាញ់ កើនឡើង​​​ក្នុងឆ្នាំ​​​​២០២០

ជំងឺកូវីដ១៩ មិនមែនត្រឹមតែបាន​សម្លាប់ជីវិតមនុស្ស ដោយផ្ទាល់នោះទេ តែវាបានបង្កឲ្យចំនួន​មនុស្សស្លាប់ ដោយ​ជំងឺផ្សេងៗទៀត បាន​កើនឡើងផងដែរ។ អង្គការសុខភាព​ពិភពលោក បាន​អះអាងថា ក្នុង​ឆ្នាំ​២០២០កន្លងទៅ វិបត្តិកូវីដ១៩ បានធ្វើឲ្យ​ចំនួន​មនុស្សស្លាប់ ដោយជំងឺ​គ្រុនចាញ់កើនឡើងខ្ទង់ពី​ ៥ ទៅ ៧ម៉ឺននាក់ នៅទូទាំងពិភពលោក។ វិធានការបិទខ្ទប់ ព្រមទាំងការបង្វែទិសដៅអាទិភាព គិតតែអំពីជំងឺកូវីដ១៩ បានធ្វើ​ឲ្យ​ការប្រឹងប្រែងប្រយុទ្ធប្រឆាំង និង​ ការព្យាបាលអ្នកជំងឺគ្រុនចាញ់ ត្រូវដើរថយ​ក្រោយ​។

ថ្ងៃទី ១១ ធ្នូ ២០១៩ កុមារម៉ាឡាវីម្នាក់ កំពុងទទួល​បានការចាក់​ថ្នាំបង្ការ​ជំងឺគ្រុនចាញ់។
ថ្ងៃទី ១១ ធ្នូ ២០១៩ កុមារម៉ាឡាវីម្នាក់ កំពុងទទួល​បានការចាក់​ថ្នាំបង្ការ​ជំងឺគ្រុនចាញ់។ AP - Jerome Delay
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការណ៍ នៃអង្គការសុខភាពពិភពលោក ចេញផ្សាយ​ថ្ងៃទី​៦ធ្នូ បាន​ឲ្យដឹងថា នៅ​ក្នុង​ឆ្នាំ​​២០២០កន្លងទៅ ជំងឺ​គ្រុនចាញ់ បានសម្លាប់ជីវិតមនុស្ស ចំនួនប្រមាណ​៦២៧០០០នាក់ នៅ​ទូទាំង​ពិភពលោក។ បើប្រៀបធៀបទៅឆ្នាំ ២០១៩ ចំនួន​នេះបានកើនឡើង ប្រមាណ​៦៩០០០នាក់​។ ចំនួនអ្នកឆ្លងជំងឺគ្រុនចាញ់ បានកើនឡើង ជាង​១៤លាននាក់ ក្នុងឆ្នាំ​២០២០ ធ្វើឲ្យ​​មាន​ចំនួនស​រុប​ប្រមាណ​២៤១លាននាក់។

កម្រិតកើនឡើង ក្នុងឆ្នាំ​២០២០ ទាំងចំនួនមនុស្សឆ្លង និង​ករណីស្លាប់ ដោយជំងឺគ្រុនចាញ់នេះ គឺជាផលវិបាក បណ្តាលមកពី​វិធានការបិទខ្ទប់នានា ដោយសារតែវិបត្តិកូវីដ​១៩។ ការបិទខ្ទប់ បានរារាំងមនុស្ស​ មិនអាចទទួលបានព័ត៌មាន អំពីវិធានការការពារ និង​​ការព្យាបាលបានត្រឹមត្រូវ។ តែយ៉ាងណា លោក Pedro Alonso នាយកកម្មវិធី​​ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៃអង្គការសុខភាព​ពិភពលោក បាន​លើកឡើងថា ការកើនឡើងនេះ វាមានទាបជាងការភ័យ​បារម្ភទុកជាមុន​។ លោកបាន​ សង្កត់ធ្ងន់លើចំណុចវិជ្ជមានមួយចំនួន ដែលបញ្ជាក់ថា រដ្ឋាភិបាលប្រទេសមួយចំនួន បានព្យាយាមយកចិត្តទុកដាក់ បើទោះបីជាត្រូវរវល់ វក់វី ជាមួយជំងឺកូវីដ​១៩ យ៉ាងណាក្តី។

គួរបញ្ជាក់ថា សត្វមូលគឺជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់។ ក្នុងចំណោមបារ៉ាស៊ីត Plasmodium ទាំង​៥ប្រភេទ ដែលបង្កជំងឺគ្រុនចាញ់ គឺបារ៉ាស៊ីត Plasmodium falciparum ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ។ ក្រោយ​ប៉ារ៉ាស៊ីតនេះ ចូលទៅក្នុងខ្លួន អ្នកជំងឺអាចមានអាការៈ ក្តៅខ្លួនខ្លាំង ឈឺក្បាលខ្លាំង បែកញើស គ្រុនញាក់ រងារ ស្រៀវស្រាញ ជាច្រើនថ្ងៃ។​

គួរកត់សំគាល់ថា ក្នុងចំណោម​ប្រទេសទាំងអស់ទូទាំងពិភពលោក ទ្វីបអាហ្វ្រិក ជាទ្វីបដែលរងគ្រោះខ្លាំងជាងគេ ដោយសារជំងឺគ្រុនចាញ់​។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក ៩៥%នៃករណីឈឺជំងឺក្រុនចាញ់ គឺ​ស្ថិត​នៅទ្វីបអាហ្វ្រិក ហើយ​ករណីស្លាប់វិញគឺមាននៅអាហ្វ្រិក ចំនួន​៩៦%។ ជាងនេះទៀត ករណីស្លាប់ដោយ​ជំងឺគ្រុនចាញ់ នៅអាហ្វ្រិក គឺ៨០% ជាកុមារអាយុក្រោម​៥ឆ្នាំ។

បច្ចុប្បន្ននេះ មានតែថ្នាំវ៉ាក់សាំង « RTS,S » របស់​មន្ទីរពិសោធន៍ GSK តែមួយគត់ ដែលបាន​ប្រសិទ្ធភាពទប់ទល់ជំងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ​២០១៩មក ប្រទេសបីនៅអាហ្វ្រិក មាន ហ្កាណា កេនយ៉ា និងម៉ាឡាវី បានចាប់ផ្តើម​ចាក់ធ្វើតេស្តសាកល្បង ប្រើ​វ៉ាក់សាំង « RTS,S » ទៅលើ​មនុស្ស​ប្រមាណ​ ២លាន៣សែននាក់។ នៅដើមខែធ្នូនេះ ក្រុមប្រឹក្សារដ្ឋបាលនៃសម្ព័ន្ធវ៉ាក់សាំងអន្តរជាតិ (Gavi)​ បានសម្រេច ផ្តល់កញ្ចប់ប្រាក់ចំនួន ១៥៥.៧លានដុល្លារ ដើម្បី​ចាប់ផ្តើម​ បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺគ្រុនចាញ់ ឲ្យ​កុមារនៅតាមប្រទេស​អាហ្វ្រិក ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ