អានតួអត្ថបទ
ម៉ាលី-បារាំង-រុស្ស៊ី

ម៉ាលី​អះអាង​ថា គ្មាន​វត្តមាន​ក្រុម​​ទាហាន​ស៊ីឈ្នួល Wagner របស់​រុស្ស៊ី នៅក្នុង​​ប្រទេស​ខ្លួនទេ

រដ្ឋាភិបាល​ម៉ាលី បានចេញលិខិតប្រកាស បដិសេធថា គ្មានវត្តមាន​ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី នៅក្នុង​ប្រទេសខ្លួនទេ។ ការបដិសេធជាផ្លូវការនេះ គឺបន្ទាប់ពី​​ក្រុម​ប្រទេស​លោក​ខាងលិច ចំនួន​១៥ប្រទេស បានចេញលិខិតកាលពីថ្ងៃព្រសហ្បតិ៍ លើកឡើងថាក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner របស់រុស្ស៊ី កំពុងតែមានវត្តមាន និងធ្វើសកម្មភាពនៅម៉ាលី។ ជាការ​ចោទ​ប្រកាន់ ដែល​រដ្ឋាភិបាល​ម៉ាលី​ បានចាត់ទុកថា គ្មានមូលដ្ឋានភស្តុតាងត្រឹមត្រូវ។

កម្លាំងទាហានបារាំង ក្នុងបេសកកម្មការពារសន្តិសុខ និង​បោសសំអាតក្រុមជីហាតអ៊ីស្លាម។  ក្រុង Timbuktu ប្រទេសម៉ាលី ថ្ងៃទី២៩ កញ្ញា ២០២១
កម្លាំងទាហានបារាំង ក្នុងបេសកកម្មការពារសន្តិសុខ និង​បោសសំអាតក្រុមជីហាតអ៊ីស្លាម។ ក្រុង Timbuktu ប្រទេសម៉ាលី ថ្ងៃទី២៩ កញ្ញា ២០២១ AP - MOULAYE SAYAH
ផ្សាយពាណិជ្ជកម្ម

តាមរយៈលិខិតរបស់អ្នកនាំពាក្យ​រដ្ឋាភិបាលម៉ាលី  ចេញផ្សាយ​ថ្ងៃសុក្រទី​២៤ធ្នូ ប្រទេសម៉ាលី បាន​បដិសេធជាផ្លូវការ​ ថាគ្មានវត្តមានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ដូចដែលក្រុម​ប្រទេសលោកខាងលិច បានចោទប្រកាន់នោះទេ។ រដ្ឋាភិបាល​ម៉ាលី ទាមទារផងដែរ​ ឲ្យ​មានការបង្ហាញភស្តុតាង ដែល​បានមកពីប្រភពឯករាជ្យ​ មិនមែនចោទប្រកាន់ដោយ​យោងតែលើពាក្យចចាមអារ៉ាមនោះទេ។

ទន្ទឹមគ្នានេះ​ រដ្ឋាភិបាល​ម៉ាលី បានបញ្ជាក់ថា ពិតជាមាន​ក្រុមមន្ត្រីជំនាញ​ការរបស់រុស្ស៊ី នៅម៉ាលីមែន តែស្ថិតក្នុងក្របខណ្ឌនៃបេសកកម្ម បណ្តុះបណ្តាលបង្វឹកសមត្ថភាពប្រតិបត្តិការ របស់កម្លាំងទាហានជាតិម៉ាលីតែប៉ុណ្ណោះ។ ម៉ាលីអះអាងថា ខ្លួនមានទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងក្របខណ្ឌរដ្ឋ ប្រទេសនិងប្រទេស។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រទេសលោកខាងលិច១៥ប្រទេស ដែលមានបារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដា ជាអ្នកនាំមុខ បានចេញលិខិតមួយ​ ថ្កោលទោសចំពោះរុស្ស៊ី ដែលបាន​លួចលាក់ បញ្ជូន​កម្លាំងទាហានស៊ីឈ្នួល ក្រុម​Wagner ព្រមទាំងសម្ភារៈសព្វាវុធ ទៅកាន់ប្រទេសម៉ាលី​។ ក្រុមប្រទេសលោកខាងលិច បានហៅឲ្យរុស្ស៊ី ត្រូវតែធ្វើសកម្មភាពដែលមានការទទួលខុសត្រូវ និងដោយគំនិតស្ថាបនា នៅក្នុងតំបន់សាហ៊ែល។

យោងតាមប្រភពពីរដ្ឋាភិបាលបារាំង គឺគេបានសង្កេតឃើញ តំរុយជាច្រើន ដែលបញ្ជាក់ពីវត្តមានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី នៅប្រទេសម៉ាលី។ ជាក់ស្តែង សកម្មភាព​ហោះហើរចុះឡើងញឹកញាប់ របស់យន្តហោះដឹកជញ្ជូនកម្លាំងទ័ពរុស្ស៊ី  ការសាសង់បន្ទាយនៅព្រលានយន្តហោះរងចាំទទួលកម្លាំងច្រើននាក់ វត្តមានចុះត្រួវពិនិត្យញឹកញាប់ របស់​មេដឹកនាំក្រុម​Wagner នៅក្រុងបាម៉ាកូ ព្រមទាំងវត្តមានរបស់​ក្រុមជំនាញ​​ធរណីសាស្ត្រ ដែលគេស្គាល់ថាអ្នកធ្វើការឲ្យ​ក្រុម​Wagner។

គួររំលឹកដែរថា ប្រទេសលោកខាងលិច បានចោទរុស្ស៊ីថាបានប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមលាក់​មុខ ដោយ​បានបញ្ជូនកម្លាំងទាហានស៊ីឈ្នួលក្រុម​Wagner ទៅកាន់សមរភូមិជាច្រើន ដូចជានៅអ៊ុយក្រែន លីប៊ី ស៊ីរី និងតាមប្រទេសអាហ្វ្រិកខាងត្បូងសមុទ្រខ្សាច់សាហារ៉ា ជាច្រើនផ្សេងទៀត។ កាលពីថ្ងៃចន្ទទី២០ធ្នូ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្ម​លើក្រុម​ទាហាន​ស៊ីឈ្នួល​នេះ ដែលគេអះអាងថា ជាក្រុមស្និទ្ធនឹងលោកប្រធានាធិបតីពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ