អានតួអត្ថបទ
អេត្យូពី

អេត្យូពី លើក​លែង​ទោស​​​មេដឹកនាំ​បក្ស​ប្រឆាំង​និង​​ឧទ្ទាម​ទីហ្ក្រេ ដើម្បី​ផ្សះផ្សាជាតិ

ឥស្សរជន​បក្ស​ប្រឆាំង អ្នក​ទទួល​ខុសត្រូវ និង​យុទ្ធជន​នៃ​កង​កម្លាំង​ឧទ្ទាម​ទីហ្ក្រេ​ជា​ច្រើន​នាក់ បាន​ទទួល​សេរីភាព​វិញ​នៅ​ថ្ងៃសៅរ៍​ទី ៨​មករា ២០២២។ ក្នុង​ឱកាស​បុណ្យ​ណូអែល​របស់​បណ្តា​គ្រិស្តសាសនិកជន​និកាយ​អ័រតូដុក រដ្ឋាភិបាល​អេត្យូពី បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ លើកលែង​ទោស​ ដល់​អ្នក​ទោស​នយោបាយ​ជា​ច្រើន​រូប។

ឥស្សរជន​បក្ស​ប្រឆាំង​អេត្យូពី​បាន​ទទួល​ការ​លើក​លែង​ទោស​ ពី​រដ្ឋាភិបាល
ឥស្សរជន​បក្ស​ប្រឆាំង​អេត្យូពី​បាន​ទទួល​ការ​លើក​លែង​ទោស​ ពី​រដ្ឋាភិបាល AP
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​អំពី​ចំនួន​អ្នក​ទោស​ដែល​បាន​ទទួល​ការ​លើក​លែង​​ពី​រដ្ឋាភិបាល​ទេ។ ប៉ុន្តែ​​​អ្នក​ទោស​នយោបាយ​ មាន​ជា​អាទិ៍ ស្ថាបនិក​​គណបក្ស​ប្រឆាំង​ សមាជិកព្រឹទ្ធសភា​សហព័ន្ធជនជាតិ​អូរ៉ូម៉ូ អតីត​ប្រធាន​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន មេដឹកនាំ​ចលនា​ឧទ្ទាម​រណសិរ្ស​រំដោះ​ប្រជាជន​ទីហ្ក្រេ ព្រមទាំង​យុទ្ធជន​ឧទ្ទាម​ទីហ្ក្រេ​ជា​ច្រើន​នាក់ បាន​ទទួល​សេរីភាព​​ នៅ​ថ្ងៃសោរ៍​ទី ៨មករា​២០២២​នេះ។ នេះ​បើ​ការ​បញ្ជាក់​ព័ត៌មាន​របស់​មេធាវី​មក​កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​afp។

នេះ​ជា​ដំណឹង​ល្អ ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដែល​​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី អាប៊ីអាមេដ បាន​ថ្លែង​សារ​អំពាវនាវ​​សុំ​ផ្សះផ្សា​ជាតិ កាលពី​ថ្ងៃសុក្រ​ទី ៧មករា​២០២២។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ រដ្ឋាភិបាល​​អេត្យូពី បាន​ពន្យល់​ថា ​ការ​ដោះលែង​​អ្នក​ទោស​មនសិការ ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ដំណោះស្រាយ​ បញ្ចប់​វិបត្តិ​អេត្យូពីជា​និរន្តន៍​។ គន្លឹះ​នៃ​ការ​ផ្សះផ្សា​និង​បង្រួមបង្រួម​ជាតិ គឺ​ការ​ចរចា​។ អេត្យូពី នឹង​ប្រឹង​ធ្វើ​ពហិការ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​​កម្មវត្ថុ​ផ្សះផ្សា​ជាតិ​ឱ្យ​បាន។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល ដែលមាន​រៀប​រាប់​ទាំង​ឈ្មោះ​មេដឹកនាំបក្ស​ប្រឆាំង​ និង​សកម្មជន​ទីហ្ក្រេ​ ជា​ភស្តុតាង​បញ្ជាក់​អំពី​ការ​លើក​លែង​ទោស​ផង។

ប៉ុន្តែ​​​សេចក្តីថ្លែងការណ៍​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​រដ្ឋាភិបាល​ស្នើ​សុំ​ចរចា​ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ប្រជាជន​ទីហ្ក្រេ គណបក្ស​ដែល​បាន​ដឹកនាំ​ប្រទេស​អេត្យូពី​អស់​រយៈ​ពេល​បីទសវត្សរ៍​ តែ​ត្រូវ​បាន​ចាត់ទុក​ជា​ក្រុម​ឧទ្ទាម​នៅពេល​លោក​អាប៊ី អាមេដ បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១៨មក។

ក្រុម​ឧទ្ទាម​ទីហ្ក្រេ​បាន​ចាប់​កាន់អាវុធ តាំង​ពី​ខែ​វិច្ឆិកា​២០២០​ ប្រឆាំង​នឹង​​រដ្ឋាភិបាល ក្រោយ​ពី​​នាយករដ្ឋមន្ត្រី​អាប៊ីអាមេដ បាន​បញ្ជូន​ទ័ព​ទៅ​កម្ចាត់​អាជ្ញាធរ​មូល​ដ្ឋាន​តំបន់​ទីហ្ក្រេ ដែល​ស្ថិត​នៅភាគ​ខាង​ជើង​ប្រទេស។ ការ​ប្រយុទ្ធ​​តតាំង​គ្នា​ ​បាន​បង្ក​ឱ្យ​ជន​ស៊ីវិល​ស្លាប់​រាប់​ពាន់​នាក់​។ បើតាម​​អង្គការ​សហប្រជាជាតិ​ តំបន់​ទីហ្ក្រេ ដែល​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​​ មិន​អាច​ទទួល​ជំនួយ​មនុស្សធម៌ រង​គ្រោះ​យ៉ាងខ្លាំង​ ​ខ្វះ​សព្វ​ខ្វះ​គ្រប់។

សេចក្តី​ប្រកាស​លើក​លែងទោស​សកម្មជនបក្ស​ប្រឆាំងនេះប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ប្រេសិត​ពិសេស​អាមេរិក​ប្រចាំ​តំបន់​ខ្នែង​អាហ្វ្រិក​កំពុង​​បំពេញ​បេសកកម្ម​នៅក្នុង​តំបន់​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចរចា​រក​សន្តិភាព។ ចំណែក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​អប​អរ​ និង​ប្រកាស​ចូល​រួម​យ៉ាង​សកម្ម​ជួយ​ស្តារ​សន្តិភាព​និ​ងស្ថិរភាព​ឱ្យ​អេត្យូពី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ