អានតួអត្ថបទ
ជីហាត-បួគីណាហ្វាសូ

ទាហាន​​បួគីណាហ្វាសូ  និង​ទាហានបារាំង សម្លាប់​បាន​​ជនជីហាត​ភេរវកម្ម​ជាង​​៦០នាក់

យ៉ាងហោចណាស់ មានជនជីហាតភេរវកម្មនៅតំបន់សាហ៊ែល ចំនួន​៦០នាក់ ត្រូវបាន​ទាហានបួគីណាហ្វាសូ សហការជាមួយ​ទាហានបារាំង សម្លាប់បាននៅរវាង​២សប្តាហ៍ចុងខែមករានេះ។ នេះបើផ្អែកតាមការប្រកាស​ របស់​អគ្គបញ្ជាការដ្ឋានកងទ័ពបារាំង កាលពីថ្ងៃអាទិត្យម្សិលមិញ។ កងទ័ពបារាំង បានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធផលនិង ព្រមទាំងសមត្ថភាពប្រយុទ្ធរបស់​កងទ័បជាតិ​បួគីណាហ្វាសូ ដើម្បីប្រយុទ្ធនឹងក្រុមជីហាតភេរវកម្ម​។

តំបន់ Djibo ប្រទេសបួគីណាហ្វាសូ ដែលស្ថិតក្រោមការកាន់​កាប់​របស់​ក្រុមជីហាតភេរវកម្ម ។ រូបថត ខែមីនា ២០២១
តំបន់ Djibo ប្រទេសបួគីណាហ្វាសូ ដែលស្ថិតក្រោមការកាន់​កាប់​របស់​ក្រុមជីហាតភេរវកម្ម ។ រូបថត ខែមីនា ២០២១ AP - Sam Mednick
ផ្សាយពាណិជ្ជកម្ម

យោងតាមការបញ្ជាក់ពីអគ្គបញ្ជាការដ្ឋាន​កងទ័ពបារាំង ទាហានបារាំងនៃបេសកកម្ម Barkhane តំបន់សាហ៊ែល បានសហការជាមួយកងទ័ព​បួគីណាហ្វាសូ កំណត់គោលដៅ និងបានបើក​ប្រតិបត្តិការចំនួន៤លើក រវាងថ្ងៃទី១៦ ដល់ថ្ងៃទី​២៣មករា។ ក្នុង​ប្រតិបត្តិការទាំង៤លើកនេះ សមាជិកក្រុមជីហាតភេរវកម្មចំនួន​យ៉ាងហោច៦០នាក់ ត្រូវបានសម្លាប់។

កងទ័ពបួគីណាហ្វាសូ ជាអ្នក​បើក​ប្រតិបត្តិការផ្ទាល់​នៅដី សហការជាមួយ​កងទ័ពបារាំង ដែលបើកការ​វាយ​ប្រហារបើកផ្លូវពីលើអាកាស។ ម៉ូតូចំនួន​ជាង២០គ្រឿង ព្រមទាំងរថយន្ត pick-ups បំពាក់​ដោយ​អាវុធជាច្រើនគ្រឿង ដែលក្រុមជីហាតប្រើ​ប្រាស់​ដើម្បីធ្វើសកម្មភាព ត្រូវបាន​កងទ័ព​សម្ព័ន្ធមិត្ត​តំបន់សាហ៊ែល កំទេចចោល។

អគ្គបញ្ជាការដ្ឋានកងទ័ពបារាំង បានសម្តែងការអបអរ ចំពោះលទ្ធផល​វិជ្ជមាន​នៃការសហការនេះ។ កម្មវត្ថុនៃប្រតិបត្តិការគឺ ឈានទៅតាមរក និង​កំទេចជនជីហាតភេរវកម្ម ដល់ទីកន្លែងលាក់ខ្លួន។ កងទ័ពបារាំងអះអាងថា បេសកកម្មរបៀបនេះ គេនឹងធ្វើ​បន្តទៀត ព្រោះវាបាន​បង្ហាញ​ពីសមត្ថភាព​ របស់កងទ័ពបួគីនាហ្វាសូ ដើម្បីឈាន​ចូលទៅដល់តំបន់ឆ្ងាយ​ៗ ដែលធ្លាប់ស្ថិតក្រោម​ការកាន់​កាប់​របស់​បណ្តាញជីហាត។

គួរបញ្ជាក់ថា ប្រតិបត្តិការជោគជ័យរបស់​កងទ័ពបួគីណាហ្វាសូនេះ គឺបាន​ធ្វើមុនពេលមានរដ្ឋប្រហារ។ កាលពីថ្ងៃព្រហស្បតិ៍ទី​២៧មករា លោកប្រធានាធិបតី​បួគីណាហ្វាសូ ត្រូវបាន​កងទ័ពធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ដោយសារតែ​អសមត្ថភាពមិន​អាចដោះស្រាយ​បញ្ហាសន្តិសុខ។ មេបញ្ជាការកងទ័ពបួគីណាហ្វាសូ Paul-Henri Sandaogo Damiba ដែលបាន​ប្រកាសដឹកនាំប្រទេសបណ្តោះអាសន្ន បានអះអាងថា ខ្លួនត្រូវការជំនួយពីសម្ព័ន្ធមិត្ត ហើយធានាថានឹងគោរពសិទ្ធិមនុស្ស ព្រមទាំងភាពឯករាជ្យនៃប្រព័ន្ធតុលាការ៕

គួរបញ្ជាក់ដែរថា មិនខុសពី ម៉ាលី និងនីហ្សេ បួគីណាហ្វាសូ បានធ្លាក់ទៅក្នុងវិបត្តិអសន្តិសុខ បង្កឡើងដោយ​ក្រុម​បណ្តាញជីហាតជាច្រើនក្រុម មានក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម និង​ក្រុម​អាល់កៃដា ជាដើម។ នៅបួគីណាហ្វាសូ ក្រៅពីបានសម្លាប់ជីវិតជនស្លូតត្រង់ប្រមាណ​២០០០នាក់ ក្រុមជីហាតភេរវកម្ម​ បានធ្វើឲ្យ​ប្រជាជន​ប្រមាណ​១.៥លាននាក់ រត់ភៀសខ្លួនពីផ្ទះសម្បែង៕អូ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ