អានតួអត្ថបទ
សហព័ន្ធអាហ្វ្រិក-អ៊ីស្រាអែល-ប៉ាឡេស្ទីន

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ​បង្កើតភាព​ចម្រូងចម្រាស់​ក្នុង​​វេទិកា​កំពូល នៃ​សហព័ន្ធ​អាហ្វ្រិក

សហព័ន្ធអាហ្វ្រិក ដែលមានប្រទេសសមាជិកចំនួន​៥៥ប្រទេស បានបើកវេទិកាកំពូល​ប្រចាំឆ្នាំ​របស់ខ្លួន នៅទីក្រុង​ដាឌីស អាបេបា ប្រទេសអេត្យូពី កាលពីថ្ងៃសៅរ៍ ទី៥កុម្ភៈម្សិលមិញ។ ជម្លោះរវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន បាន​ក្លាយជាចំណោទ ធ្វើឲ្យ​មានការជជែកគ្នា យ៉ាងតឹងតែងក្នុងវេទិកានេះ។ តំណាងអាជ្ញាធរប៉ាឡេស្ទីន បាន​បរិហារការសម្រេច​របស់​លោក​ប្រធានគណកម្មាធិការ​សហព័ន្ធអាហ្វ្រិក ដែល​បាន​អនុញ្ញាត​ផ្តល់សិទ្ធិ​ឲ្យ​អ៊ីស្រាអែល ចូលរួមស្ដាប់​ និង​តាមដាន​កិច្ចប្រជុំ របស់សហព័ន្ធអាហ្វ្រិក។ ជាការសម្រេចដែលប៉ាឡេស្ទីន ចាត់ទុកថាជាការប្រមាថមកលើការឈឺចាប់របស់​ប្រជាជនប៉ាឡេស្ទីន។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃសមាជិក​សហព័ន្ធអាហ្វ្រិក (AU) ជួបជុំគ្នាក្នុង​វេទិកាកំពូល​ប្រចាំឆ្នាំ លើកទី ៣៥ នៅទីក្រុងអាឌីស អាបេបា ថ្ងៃទី ៥ កុម្ភៈ ២០២២
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃសមាជិក​សហព័ន្ធអាហ្វ្រិក (AU) ជួបជុំគ្នាក្នុង​វេទិកាកំពូល​ប្រចាំឆ្នាំ លើកទី ៣៥ នៅទីក្រុងអាឌីស អាបេបា ថ្ងៃទី ៥ កុម្ភៈ ២០២២ REUTERS - TIKSA NEGERI
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​កក្កដាកន្លងទៅ លោក Moussa Faki Mahamat ប្រធានគណកម្មាធិការសហព័ន្ធអាហ្វ្រិក បាន​សម្រេចផ្តល់សិទ្ធិឲ្យអ៊ីស្រាអែល បញ្ជូនតំណាងមកចូលរួម នៅក្នុងកិច្ចប្រជុំនានារបស់​សហព័ន្ធអាហ្វ្រិក។ ជាការសម្រេច ដែលត្រូវបាន​ប្រទេស​សមាជិក​មួយចំនួន ដូចជា​ អាល់ហ្សេរី និង​អាហ្វ្រិកខាងត្បូងជាដើម បង្ហាញការជំទាស់។ តាមការគ្រោងទុក នៅថ្ងៃអាទិត្យទី​៦ កុម្ភៈនេះ សមាជិកទាំង​៥៥នៃសហព័ន្ធអាហ្វ្រិក នឹងត្រូវជជែក​គ្នា​ ហើយ​បោះឆ្នោតសម្រេច លើបញ្ហានេះ។

កាលពីថ្ងៃសៅរ៍ទី ៥កុម្ភៈ នៅក្នុង​ពេលបើកវេទិកាប្រចាំឆ្នាំ លោក Mohammed Shtayyeh នាយករដ្ឋមន្ត្រីនៃអាជ្ញាធរ​ប៉ាឡេស្ទីន បាន​ថ្លែងថា ការអនុញ្ញាតឲ្យ​អ៊ីស្រាអែល មានសិទ្ធិចូលរួមនៅក្នុង​វេទិកា ក៏ដូចជាការប្រជុំនានា នៃសហព័ន្ធអាហ្វ្រិក វាប្រៀបបីដូចជាការ​លើកតម្លៃអ៊ីស្រាអែល ទាំងដែលគ្រប់គ្នាដឹងថា អ៊ីស្រាអែលបានធ្វើអំពើរំលោភបំពានអ្វីខ្លះ មក​លើប៉ាឡេស្ទីន។ តំណាងអាជ្ញាធរប៉ាឡេស្ទីនរូបនេះបន្ថែមថា ជីវភាពប្រចាំថ្ងៃរបស់​ប្រជាជនប៉ាឡេស្ទីន កាន់តែលំបាកខ្លាំងឡើងជាលំដាប់ ដោយសារតែគោលនយោបាយ​ឈ្លានពាន របស់អ៊ីស្រាអែល។

គួរបញ្ជាក់ថា ប៉ាឡេស្ទីន ត្រូវបានសម្ព័ន្ធអាហ្វ្រិកផ្តល់សិទ្ធិឲ្យចូលរួមក្នុងកិច្ចការប្រជុំនានា តាំងតែពីឆ្នាំ​២០១៣មក។ នៅក្នុងសន្ទរកថាបើកវេទិកា កាលពីថ្ងៃទី​៥កុម្ភៈ លោក Moussa Faki បានការពារការសម្រេចរបស់​លោក ដោយ​បាន​អះអាងថា ការសម្រេចនេះ វាមិនប៉ះពាល់អ្វីដល់ការប្តេជ្ញាចិត្តរបស់​សម្ព័ន្ធអាហ្វ្រិក ក្នុងការជួយ​ជ្រោមជ្រែងប៉ាឡាស្ទីន ឲ្យ​បានទទួលឯករាជ្យនោះឡើយ។ លោក​បន្ថែមថា ផ្ទុយទៅវិញ ការផ្តល់សិទ្ធិឲ្យ​អ៊ីស្រាអែល នៅក្នុងសម្ព័ន្ធអាហ្វ្រិកដែរ គឺវាជាការបើកផ្លូវមួយ ដើម្បីឈានៅទៅកសាងសន្តិភាព រវាងអ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

គួរកត់សំគាល់ថា ក្រៅពីសំណុំរឿងអ៊ីស្រាអែល ប៉ាឡេស្ទីន សហព័ន្ធអេហ្វ្រិក កំពុងពើបប្រទះនឹងបញ្ហាផ្សេងៗទៀតជាច្រើន ដែលទាមទារឲ្យ​មានដំណោះស្រាយ​។ ប្រទេសអេត្យូពីខ្លួនឯង ដែលជាអ្នក​រៀបចំបើកវេទិកាប្រចាំឆ្នាំនេះ បានរងនូវការរិះគន់ជាច្រើន ពីអង្គការមនុស្សធម៌ ទាក់ទិននឹងសង្គ្រាម​ផ្ទុះអាវុធ​ នៅតំបន់ទីហ្ក្រេ ដែលបាន​ផ្តាច់ជីវិត​មនុស្ស​ជាច្រើន​ពាន់នាក់។ បន្ថែមពីនេះទៀត ប្រទេសសមាជិកសម្ព័ន្ធអាហ្វ្រិកកាន់តែច្រើនឡើង បានឆ្លងកាត់រដ្ឋប្រហារយោធាជាបន្តបន្ទាប់ តួយ៉ាង ម៉ាលី ហ្គីណេ ស៊ូដង់ និង​បួគីណាហ្វាសូជាដើម។ ទោះ​ជា ប្រទេសទាំង៤នេះ ត្រូវបាន​ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខនៃសហព័ន្ធអាហ្វ្រិក សម្រេចព្យួរឈ្មោះ តែយ៉ាងណា សហព័ន្ធអាហ្រ្វិកនៅតែត្រូវគេរិះគន់ ថាខ្វះភាពទៀតទាត់ និងសច្ចភាព។

ក្រៅពីបញ្ហានយោបាយ និងសន្តិសុខ ​វេទិកា​កំពូលប្រចាំឆ្នាំនាពេលនេះ ក៏ត្រូវផ្តោតសំខាន់ផងដែរ ទៅលើ​ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។ គិតមកត្រឹមពេលនេះ ក្នុងចំណោម​ប្រជាជនអាហ្វ្រិកជាង​១ពាន់លាននាក់ មានតែ​១១%ប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ