អានតួអត្ថបទ
អាហ្វ្រិក-វ៉ាក់សាំងបង្ការកូវីដ

ប្រទេសអាហ្វ្រិកចំនួន ៦ អាចផលិតវ៉ាក់សាំងបង្ការកូវីដក្នុងទឹកដីរបស់ខ្លួន

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់សម្រាប់អាហ្វ្រិក។ នៅក្នុងជំនួបកំពូលអាហ្រ្វិក អឺរ៉ុប លើកទី៦ ដែលបានបិទបញ្ចប់នៅថ្ងៃសុក្រទី ១៨ កុម្ភៈ ប្រទេសអាហ្វ្រិកចំនួន ៦ ត្រូវបានអង្គការសុខភាពពិភពលោកជ្រើសរើសសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ប្រភេទARN  messager ដើម្បីដោះស្រាយវិបត្តិខ្វះវ៉ាក់សាំងនៅទឹកដីអាហ្វ្រិក។ ដោយសារពឹងផ្អែកសឹងទាំងស្រុងលើការនាំចូលវ៉ាក់សាំង ដែលមួយចំនួននៅសល់ក្រោយការចែកចាយនៅក្រុមប្រទេសអ្នកមាន ប្រទេសនៅអាហ្វ្រិកមានប្រជាជនតិចតួចបំផុតដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ។

អាហ្វ្រិកខាងត្បូងជាប្រទេស​ដំបូងគេ​នៅអាហ្វ្រិក​ដែល​ចាប់ផលិត​វ៉ាក់សាំង​បង្ការកូវីដ​ នៅ​ឆ្នាំ ២០២១
អាហ្វ្រិកខាងត្បូងជាប្រទេស​ដំបូងគេ​នៅអាហ្វ្រិក​ដែល​ចាប់ផលិត​វ៉ាក់សាំង​បង្ការកូវីដ​ នៅ​ឆ្នាំ ២០២១ REUTERS - SHELLEY CHRISTIANS
ផ្សាយពាណិជ្ជកម្ម

ប្រទេសអាហ្វ្រិកចំនួន៦នឹងអាចមានសមត្ថភាពផលិតដោយខ្លួនឯងនូវថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ ARN Messager។ អេហ្ស៊ីប អាហ្វ្រិកខាងត្បូង កេនយ៉ា នីហ្សេរីយ៉ា សេណេហ្កាល់ ទុយនីស៊ីត្រូវបានអង្គការសុខភាពពិភពលោក ជ្រើសរើសជាប្រទេសដែលត្រូវទទួលបានប្រយោជន៍ពីកម្មវិធីពិភពលោកស្តីពីការផលិតវ៉ាក់សាំង។ ដំណឹងនេះត្រូវបានប្រកាសនៅក្នុងជំនួបកំពូលរវាងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិកនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។

តាមអង្គការសុខភាពពិភពលោក ប្រទេសអាហ្វ្រិកទាំង៦នឹងទទួលបានជំនួយគាំទ្រ និងការបណ្តុះបណ្តាលនៅខែមីនា ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងការផលិតវ៉ាក់សាំងបង្ការកូវីដនៅទឹកដីអាហ្រ្វិកអាចលេចចេញរូបរាងក្នុងពេលឆាប់ៗខាងមុខ។ គណៈកម្មការអឺរ៉ុប រួមជាមួយបារាំង អាល្លឺម៉ង់ និងប៊ែលហ្សិកនឹងទទួលបន្ទុក ចំណាយប្រាក់វិនិយោគ៤០លានអឺរ៉ូ សម្រាប់សម្រួលការផ្ទេរបច្ចេកវិទ្យា។ តាមគម្រោង អនាគតមន្ទីរពិសោធន៍ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ នឹងមានសមត្ថភាពផងដែរផលិត Insuline ឬថ្នាំសម្រាប់ព្យាបាលជំងឺមហារីក។

មានវត្តមាននៅក្នុងជំនួបកំពូលអឺរ៉ុប អាហ្វ្រិក ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោកCyril Ramaphosaបាននិយាយថា គ្មានដំណឹងអ្វីដែលធ្វើឲ្យគេត្រេកអរជាងនេះ ចំណែកប្រធានាធិបតីសេណេហ្កាល់ស្វាគមថ្ងៃដ៏អស្ចារ្យសម្រាប់អាហ្វ្រិក និងអឺរ៉ុប។

សម្រាប់ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី អ៊ុយសូឡា វ៉ុនឌែរឡេយិន វាជាការបោះជំហានដ៏ធំមួយសម្រាប់ការឈានទៅបង្កើតអធិបតេយ្យភាពរបស់អាហ្វ្រិក ក្នុងផ្នែកផលិតវ៉ាក់សាំង។

សព្វថ្ងៃនេះ អាហ្វ្រិកនាំចូល៩៩%នៃវ៉ាក់សាំងដែលខ្លួនត្រូវការ ដោយមានតែប្រទេសបីប៉ុណ្ណោះ ក្នុងចំណោមប្រទេសជាង ៥០នៅទ្វីបអាហ្វ្រិក ដែលមានមធ្យោបាយ ឧស្សាហកម្មគ្រប់គ្រាន់សម្រាប់ផលិតវ៉ាក់សាំង។ ដូច្នេះ អាទិភាពនៃជំនួបកំពូលអាហ្វ្រិកអឺរ៉ុបគឺផ្តោតទៅលើការផ្ទេរបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាឲ្យទ្វីបអាហ្វ្រិកអាចផលិតបាន ៦០%នៃវ៉ាក់សាំងដែលខ្លួនត្រូវការ យ៉ាងយូរបំផុតនៅឆ្នាំ ២០៤០។

បន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា   អាហ្វ្រិកខាងត្បូងដែលនាំមុខគេ នៅអាហ្វ្រិកក្នុងការបង្កើតមន្ទីរពិសោធន៍ផលិតថ្នាំបង្ការជំងឺកូវីដ តាំងពីឆ្នាំ ២០២១ បានអំពាវនាវសាជាថ្មីម្តងទៀតឲ្យអឺរ៉ុប ព្យួរសិទ្ធិកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងបង្ការកូវីដ ដើម្បីបើកសិទ្ធិឲ្យគ្រប់សហគ្រាសផលិតឱសថអាចមានសិទ្ធិផលិតវ៉ាក់សាំងលក់ក្នុងតម្លៃថោកសម្រាប់ជួយប្រទេសក្រីក្រ។ ឆ្លើយតបនឹងការទាមទាររបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ប្រធានគណៈកម្មការអឺរ៉ុប បានបដិសេធ មិនព្យួរប៉ាតង់ ដើម្បីចង់ការពារកម្មសិទ្ធិបញ្ញា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនប្រឹងស្រាវជ្រាវបន្តទៀត។ ប៉ុន្តែ ប្រធានគណៈកម្មការអឺរ៉ុបនៅតែបញ្ជាក់ពីការផ្ទេរបច្ចេកវិទ្យា។

សម្រាប់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតសហគ្រាសផលិតវ៉ាក់សាំងនៅទឹកដីអាហ្វ្រិកជារឿងល្អ ប៉ុន្តែ បើសិនគេមិនព្យួរសិទ្ធិកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងទេ អាហ្វ្រិកនៅតែស្ថិតនៅចុងប៉ូចគេដើម្បីទទួលបានថ្នាំវ៉ាក់សាំង។ ប្រទេសក្រីក្រ គ្មានប្រាក់ទិញវ៉ាក់សាំង ហើយក៏គ្មានលទ្ធភាពផលិតដោយខ្លួនឯងទៀត ព្រោះថារូបមន្តផលិត ត្រូវបានការពារដោយសិទ្ធិកម្មសិទ្ធិបញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ