អានតួអត្ថបទ
ម៉ាលី-បារាំង-សេរីភាពសារព័ត៌មាន

របប​សិកម៉ាលី បិទ​វិទ្យុ​បារាំង RFI និង​បណ្ដាញ​ទូរទស្សន៍ ​France 24 លែង​ឲ្យ​​​ផ្សាយ

របបសិក​ម៉ាលី បានចេញ​លិខិតប្រកាសមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី​១៧មីនា ដោយ​បាន​សម្រេច បិទលែងឲ្យ​ផ្សាយ នូវ​វិទ្យុបារាំងអន្តរជាតិ RFI និងបណ្ដាញទូរទស្សន៍ France 24 នៅក្នុងប្រទេសម៉ាលី។ របបសិកម៉ាលី បានចោទបណ្តាញ​ព័ត៌មាន​បារាំងទាំង២នេះ ថាបានផ្សព្វផ្សាយ​ព័ត៌មានមិនពិត ដែលថាកងទ័ពម៉ាលីបានធ្វើសកម្មភាពកាប់សម្លាប់ប្រជាជនស៊ីវីល។ លោក​ម៉ាក្រុង បាន​ថ្កោលទោសការសម្រេច​របស់​របប​សិក​ម៉ាលីនេះ ថាជារឿងធ្ងន់ធ្ងរ ព្រោះវាបំពាននឹងសិទ្ធិសេរីភាពសារព័ត៌មាន​។

ទីស្នាក់ការធំរបស់ France Media Monde នៅជាយ​ក្រុងប៉ារីស ដែលគ្រប់គ្រង វិទ្យុបារាំងRFI និងបណ្តាញទូរទស្សន៍ France 24
ទីស្នាក់ការធំរបស់ France Media Monde នៅជាយ​ក្រុងប៉ារីស ដែលគ្រប់គ្រង វិទ្យុបារាំងRFI និងបណ្តាញទូរទស្សន៍ France 24 AFP - KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះទៅ វិទ្យុបារាំងអន្តរជាតិ RFI និងបណ្ដាញទូរទស្សន៍ France 24 មិនអាចដំណើរការផ្សាយ​ នៅក្ន​ុងប្រទេសម៉ាលីបានទៀតទេ។ បណ្តាញព័ត៌មានក្នុងស្រុក ក៏មិនអាចយកកម្មវិធីផ្សាយ​ របស់​បណ្តាញព័ត៌មានបារាំងទាំង២នេះ មក​ផ្សាយ​បន្តបានដែរ។ លិខិតប្រកាស របស់​អ្នកនាំពាក្យ​របបសិកម៉ាលី ដោយ​បានចោទថា​ បណ្តាញ​ព័ត៌មាន​របស់បារាំងទាំង២នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត តាមរយៈការផ្សាយ​សំដីសាក្សី និង​ជនរងគ្រោះជាច្រើននាក់  ដែលអះអាងថាបានរងសកម្មភាពធ្វើទុក្ខបុកម្នេញ និង​ការកាប់សម្លាប់ ពី​សំណាក់​កង​ទ័ព​ម៉ាលី និងក្រុមទាហានស៊ីឈ្នួល Wagner របស់​រុស្ស៊ី។ ការផ្សព្វផ្សាយ​បែបនេះ គឺ​ប្រឆាំងនឹង​កេរ្តិ៍ឈ្មោះ និងវីរៈភាព របស់កងទ័ពម៉ាលីដ៏ក្លាហាន។

គួររំលឹកថា ការសម្រេចហាមឃាត់ការផ្សាយ របស់វិទ្យុបារាំង RFI និងបណ្ដាញទូរទស្សន៍ France 24 ពីសំណាក់របបសិកម៉ាលី នាពេលនេះ គឺវាស្ថិតក្នុងបរិបទ ដែលរបបសិកនេះ កំពុងតែប្រើយុទ្ធនាការស្អប់ និង​ស្តីបន្ទោសបារាំងគ្រប់រូបភាព។ កាលពីចុងខែកុម្ភៈ របបសិកម៉ាលី បានបណ្តេញ​ឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេស។ ក្រោយមកនៅថ្ងៃទី១៨កុម្ភៈ រដ្ឋាភិបាលបារាំង បានសម្រេច​ដកទ័ពចេញពីម៉ាលី បន្ទាប់ពីបានធ្វើបេសកកម្ម​ប្រឆាំងក្រុមជីហាតភេរវកម្ម អស់រយៈពេល​៩ឆ្នាំកន្លងមក។

ព្រឹកថ្ងៃសុក្រ ទី​១៨មីនា លោក​អេម៉ានុយអែល ម៉ាក្រុង បានប្រតិកម្មចំពោះការសម្រេច​របស់របបសិក​ម៉ាលី ថាវាជារឿងធ្ងន់ធ្ងរ។ លោក​បានអំពាវនាវ ឲ្យ​អង្គការ​សហប្រតិបត្តិការអាហ្វ្រិក​ខាងលិច ហៅកាត់ថា Cédéao ត្រូវ​តែ​ចេញវិធានការអ្វីមួយ ដើម្បីបិទបញ្ចប់សកម្មភាពហិង្សា នៅ​ប្រទេសម៉ាលី ព្រមទាំង​ការពារ​សិទ្ធិសេរីភាពរបស់អ្នកកាសែត ក៏ដូចជារបស់​សិទ្ធិប្រជាពលរដ្ឋម៉ាលី ក្នុងការទទួល​បាន​​ព័ត៌មាន​។

គួរបញ្ជាក់ថា វិទ្យុបារាំង RFI និងបណ្ដាញទូរទស្សន៍ France 24 គឺជាបណ្តាញ​ព័ត៌មាន​ ដែលប្រជាជននៅទ្វីបអាហ្វ្រិក និយមតាមដានបំផុត។ ជារៀងរាល់សប្តាហ៍ ប្រជាជនម៉ាលីយ៉ាងហោច ១ភាគ៣ តាមដានស្តាប់និងទស្សនាការផ្សាយ​ របស់​បណ្តាញ​ព័ត៌មាន​បារាំងទាំង២នេះ។ នាប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា របបសិកម៉ាលី មានបំណងរឹតបន្តឹង​ការគ្រប់គ្រង ការផ្សព្វផ្សាយព័ត៌មាន។ ជាក់ស្តែង កាលពីថ្ងៃទី​៨កុម្ភៈ របបសិកម៉ាលី បានបណ្ដេញអ្នករាយការណ៍​ម្នាក់ របស់​បណ្តាញព័ត៌មាន​បារាំងឯករាជ្យមួយទៀត ឈ្មោះ "Jeune Afrique »។

គួរកត់សំគាល់ថា ដំណឹងស្តី​ពី​សកម្មភាពហិង្សា កាប់សម្លាប់ប្រជាជនស៊ីវីល បង្កឡើងដោយ​កងទ័ពម៉ាលី ត្រូវបាន​អង្គការ​ Human Rights Watch អះអាងផងដែរ កាលពីថ្ងៃទី​១៥មីនា ដោយលើកឡើងថា យ៉ាងហោចប្រជាជនស៊ីវីលចំនួន​ ១០៧នាក់ ត្រូវបាន​គេសម្លាប់ បើគិតពីខែ​ធ្នូមក។ យ៉ាងណាមិញ លោកស្រី មីឈែល បាឆឡេ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិ​មនុស្ស បាន​លើកឡើងកាលពីថ្ងៃទី​៨មីនា ថារបបសិក​ម៉ាលី កំពុងតែបំពានច្បាប់់អន្តរជាតិ សិទ្ធិមនុស្ស និង​សិទ្ធិមនុស្សមនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ