អានតួអត្ថបទ
អ.ស.ប.-ដី

សន្និសីទ​អ.​ស.ប.​ប្រឆាំង​នឹងការបង្ខូច​​ដី​ លើកទី​១៥ ចាប់​បើក​នៅ Abidjan

​សន្និសីទ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​បោះបង់​ដី COP15 ដែល​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​ប្រទេស​កូដឌីវ័រ ចាប់​ពី​ថ្ងៃ​ចន្ទទី ៩ឧសភា ២០២២ សម្រាប់​រយៈ​ពេល​១០ថ្ងៃ ចង់​រក​ឱ្យ​បាន​នូវ​មធ្យោបាយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ការ​រីកដីវាល​រហោស្ថាន ការ​កាប់​ព្រៃ​ឈើ និង​ ការ​ខ្សោះ​ដី​ ឬ​ការ​បំពុល​ដី។ សន្និសីទ​បាន​ការ​ចូល​រួម​ពី​ប្រទេស​ចំនួន​១៩៦​ និង​ដោយ​មាន​ប្រមុខ​រដ្ឋ-​រដ្ឋាភិបាល​ប្រទេស​រងគ្រោះ​ផ្ទាល់​ ជា​អ្នក​បើក​កម្មវិធីផង។

ស្ត្រីឃ្វាលគោ​នៅ​ជិត​ស្ទឹង Biyolow Kebele ដែល​រងគ្រោះ​រាំងស្ងូត​ខ្លាំង​
ស្ត្រីឃ្វាលគោ​នៅ​ជិត​ស្ទឹង Biyolow Kebele ដែល​រងគ្រោះ​រាំងស្ងូត​ខ្លាំង​ AP - Michael Tewelde
ផ្សាយពាណិជ្ជកម្ម

មិនល្បី​ដូច​សន្និសីទអាកាសធាតុ​មែន តែ​សន្និសីទ​ប្រឆាំង​នឹង​ការ​បោះបង់​ដី​ លើក​ទី​១៥​ ឬ​សរសេរ​កាត់ដូច​គ្នា​​ថា COP15 ក៏​ជជែក​ពិភាក្សាអំពី​បញ្ហា​ដ៏​សំខាន់​ខ្លាំង​សម្រាប់​ផែនដី​ដែរ ព្រោះ​បើ​តាម​អង្គការ​សហប្រជាជាតិ ផ្ទៃ​ដី​នៅ​លើ​ពិភពលោក​ចំនួន​៤១%​ បាន​ខូចខាត។ ល្បឿន​នៃ​បង្ខូច​ដី (ដោយ​ធម្មជាតិ​ និង​ដោយ​ស្នាដៃ​មនុស្ស) កើន​លឿនជា​លំដាប់ ក្នុង​កំរិត​ប្រមាណ ១២ពាន់​លាន​ហិចតារ ពោល​គឺ​ស្មើ​នឹងផ្ទៃក្រឡា​ប្រទេស​បេណាំង​ឬ​ប៊ែលហ្សិក ឯណោះក្នុង​មួយ​ឆ្នាំៗ។ ទ្វី​បអាហ្វ្រិក​ប្រឈម​នឹង​គ្រោះ​បោះបង់ចោល​ដី​ធ្ងន់ធ្ងរ​ជាង​គេ ជាពិសេស​ដី​នៅ​តាម​បណ្តោយ​វាល​ខ្សាច់​សាហារ៉ា។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រមុខ​រដ្ឋ-ប្រមុខ​រដ្ឋាភិបាល​ ​នៃ​ប្រទេស​លើ​ទ្វីបអាហ្វ្រិកចំនួន​៩ ដែល​រង​ផល​ប៉ះពាល់​ផ្ទាល់​ មានជាអាទិ៍​ប្រធានាធិបតី​នីហ្សេរីយ៉ា កុងហ្កោ តុងហ្កោ ... បាន​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​ក្នុង​អង្គ​សន្និសីទ ក្បែរ​ប្រធានាធិបតី​កូដឌីវ័រ។ ប្រធានាធិបតី​បារាំងលោក អេម៉ាណុយអែល ម៉ាក្រុង និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ចូល​រួមតស៊ូមតិ​​ពី​ចម្ងាយ​តាមប្រព័ន្ធ​វីដេអូ។

​ក្រុមអ្នក​ចរចា​ទាំង​​១៩៦ប្រទេស​ ដែល​បង្ហាញ​វត្តមាន​ក្នុង​សន្និសីទ១០ថ្ងៃ​នេះ ចង់​សាកល្បង​ស្វែងរកឱ្យ​ឃើញ​នូវ​ការ​ព្រមព្រៀង​គ្នា​ជុំវិញ​វិធានការ​ជាក់ស្តែង​សម្រាប់​បញ្ឈប់កំណើន​នៃ​​បំផ្លាញ​បោះបង់ចោល​ដី​ ក្នុង​រយៈ​ពេ​ល១០​ឆ្នាំ ខាង​មុខ។ ក្រោម​​ប្រធានបទ “ដី ជីវិត បេតកភ័ណ្ឌ ៖ ពីពិភពលោកមិនទៀង​ឆ្ពោះទៅ​អនាគត​រុងរឿង” សន្និសីទ​COP15 អំពាវនាវ​ឱ្យពិភពលោក​បញ្ចេញ​សកម្មភាព​ធ្វើ​យ៉ាងណា​ថែ​រក្សា​ដី ដែល​ជា​​ប្រភព​ទ្រទ្រង់​ជីវិត​របស់​ផែនដី ឱ្យ​នៅ​ជា​ប្រយោជន៍​សម្រាប់​ក្មេង​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ។

ស្ថាប័ន​អង្គការ​សហប្រជាជាតិដដែល​​បាន​គូស​បញ្ជាក់ទៀត​ថា សន្និសីទ​នឹង​ចាប់អារម្មណ៍​ជាពិសេស​ទៅ​លើ​ការ​ស្តារ​ដីខូច​ខាត​ជាង​១ពាន់​លាន​ហិចតារ ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០ធានាឱ្យ​ដី​តែអាច​ប្រើប្រាស់​បាន​បើ​ទោះបី​រង​ឥទ្ធិពល​ពីការ​ប្រែប្រួល​អាកាសធាតុ ហើយ​​ប្រយុទ្ធ​ប្រឆាំង​នឹងកំណើន​​គ្រោះ​ហានិភ័យ​ធម្មជាតិ ដូច​ជា​ភាព​រាំងស្ងួត ព្យុះដី​ខ្សាច់ និង​ភ្លើង​ឆេះព្រៃ។

គម្រោង​សាងសង់​ជញ្ជាំង​បរិស្ថាន​ ដែល​ចង់​ស្តារ​ដី​ខ្សោះ​ចំនួន​១០០លាន​ហិចតារ​នៅ​អាហ្វ្រិក​ពីពេល​នេះ​ដល់​ឆ្នាំ​២០៣០ តាម​បណ្តោយ​វាលខ្សាច់​ប្រវែង​៨០០០គីឡូម៉ែត្រ​ ចាប់​ពី​ប្រទេស​សេណេហ្កាល់ (អាហ្វ្រិក​ចុងខាង​លិច)​ ​​ទៅ​ដល់​ប្រទេស​ជីប៊ូទី (អាហ្វ្រិក​ចុង​ខាង​កើត៌ ក៏​នឹង​ត្រូវ​លើកមក​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​នេះ​ដែរ ដើម្បីអាច​បញ្ចប់បាន​​នៅ​ថ្ងៃទី ២០ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ